សុន្ទរកថាស្វាគមន៍ និងបើកកិច្ចប្រជុំឆមាសទី១ ឆ្នាំ២០២៤ នៃសមាជិក សមាជិកា របស់សមាគមបណ្តាញយុវជនកម្ពុជា

ថ្ងៃ​សៅរ៍ 29 មិថុនា 2024

សុន្ទរកថាស្វាគមន៍ និងបើកកិច្ចប្រជុំឆមាសទី១ ឆ្នាំ២០២៤

នៃសមាជិក សមាជិកា របស់សមាគមបណ្តាញយុវជនកម្ពុជា

សណ្ឋាគាប៉ូឡូវៃ ភ្នំពេញ,ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤

ជាបឋម ខ្ញុំបាទហេង គឹមហុង ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា សូមគោរពសមាជិកគណៈកម្មការនាយក សមាជិកស្ថាបនិក សមាជិកកិត្តិយស ជាទីគោរព! និងសួស្តីបងប្អូនសមាជិក សមាជិក និងក្រុមការងារសមាគមបណ្តាញយុវជនកម្ពុជាជាទីរាប់អាន!

អស់រយៈពេលពេញមួយឆមាសដំបូងនៃឆ្នាំ២០២៤ ក៏ជារយៈពេល៦ខែដែលខ្ញុំបាទ ហេង គឹមហុង ទទួលបានសេចក្តីទុកចិត្តពីសមាជិក សមាជិកាសម្រាប់ការបំពេញតួនាទីជាប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា ដែលមានអាយុកាល ១៥ឆ្នាំមួយនេះ។ នាឱកាសនេះ ក៏ជាឱកាសដែលខ្ញុំមានចំណាប់អារម្មណ៍ស្វាគមន៍ និងបច្ចុប្បន្នភាពការងារជូនដល់បងប្អូនទាំងអស់គ្នា អំពីកិច្ចការរបស់គណៈកម្មការប្រតិបត្តិ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់ក្រុមការងារសមាគមទាំង២៣រូប ក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ការប្តេជ្ញាចិត្តដោយពុំគិតអំពីភាពហត់នឿយដើម្បីបម្រើនូវទស្សនវិស័យ និងបេសកម្មរបស់ប.យ.ក ដែលចង់បានសង្គមមួយ ដែលមានយុវជនចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម និងការពារបរិស្ថាន-ធនធានធម្មជាតិ។

នាពេលនេះ ខ្ញុំនឹងរំលេចចេញអំពីចំណុចសំខាន់ៗនៃការងាររបស់ប.យ.ក មួយចំនួននៅក្នុងក្របខណ្ឌទំនាក់ទំនង អភិបាលកិច្ច ការកៀរគរថវិកា និងប្រតិបត្តិការដែលជំរុញឱ្យមានភាពល្អប្រសើរ​ ដោយចំណុចលំអិតផ្សេងទៀត ប្រធានកម្មវិធី និងអ្នកតំណាងនឹងធ្វើបទបង្ហាញដោយលំអិត។ ដើម្បីពង្រឹងកិច្ចការអភិបាលកិច្ចផ្ទៃក្នុងឱ្យកាន់តែមានភាពល្អប្រសើរ គោលនយោបាយចំនួន២ ត្រូវបានដាក់ឱ្យប្រើប្រាស់គឺគោលនយោបាយស្តីពី ការប្រឆាំងអំពើពុករលួយ និងយន្តការបណ្តឹង ចំណែកឯគោលការណ៍សុវត្ថិភាពអ៊ីនធឺណិត ដែលបាន​ព្រាងតាំងពីកំឡុងពាក់កណ្តាលឆ្នាំ២០២៣ ក៏ត្រូវបានជំរុញដាក់ឱ្យធ្វើការប្រើប្រាស់ផងដែរ។ ចំណែកផែនការយុទ្ទសាស្ត្រដែលបានជាប់គាំងអស់មួយឆ្នាំ ក៏ត្រូវបានពិនិត្យឡើងវិញដោយទីប្រឹក្សាឯករាជ្យ ដោយព្យាករណ៍ថា ផែនការយុទ្ធសាស្ត្រថ្មី៥ឆ្នាំ ពីឆ្នាំ២០២៤ ដល់២០២៨នេះ អាចនឹងដាក់ឱ្យប្រើប្រាស់យ៉ាងយូរបំផុតនៅក្នុងកំឡុងពេលត្រីមាសទី៤ នៃឆ្នាំ២០២៤នេះ។ ទន្ទឹមនឹងនេះ ការធ្វើកំណែទម្រង់កិច្ចការប្រតិបត្តិការប្រចាំថ្ងៃ បទបរិយាយនិងការទទួលខុសត្រូវការងារ ព្រមទាំងវិធីសាស្ត្រមួយចំនួនក៏ត្រូវបានដាក់ចេញជាបន្តបន្ទាប់។ ជាការពិតយើងទាំងអស់គ្នាសុទ្ធតែបានដឹងថា ការដាក់ចេញនូវគោលនយោបាយថ្មី និងការកំណែទម្រង់មួយចំនួន នឹងបង្កឱ្យប៉ះពាល់ដល់ទម្លាប់ និងអារម្មណ៍នៃការបំពេញការងារមួយចំនួន តែយ៉ាងណាក្នុងនាមយើងជាយុវជនត្រូវតែមាន វិធីសាស្ត្រថ្មីៗ ក្រឹត្យក្រមការងារច្បាស់លាស់ រហ័សរហួន ការប្រកួតប្រជែង និងនវានុវឌ្ឍន៍កម្ម។

 

សមាជិក សមាជិកាជាទីគោរព និងជាទីរាប់អាន!

ប្រតិបត្តិការការងារប្រចាំរបស់ប្រធានប្រតិបត្តិ និងគណៈកម្មការប្រតិបត្តិរបស់សមាគម គឺពុំមែនជាទីកំបាំងរបស់ក្រុមការងារ និងសមាជិក-សមាជិកាឡើយ។​ កម្មវិធីការងាររបស់ខ្ញុំ (ប្រធានប្រតិបត្តិ) បានចែករំលែកទៅកាន់បុគ្គលិកគ្រប់រូបរបស់សមាគម ទន្ទឹងនឹងការពិភាក្សា ចែករំលែកការងារត្រូវបានធ្វើឡើងជាប្រចាំទៅតាមកម្រិត និងការទទួលបន្ទុក ដែលជាការលើកកម្ពស់ប្រជាធិបតេយ្យផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរ និងស្វែងរកមូលធនគំនិតចំណោមក្រុមការងារដ៏មានសក្តានុពលគ្រប់រូបដែលបាននឹងកំពុងបំពេញការងារ។

ចំពោះការងារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ប.យ.ក បានក្លាយជាសមាជិកនៃ ១). បណ្តាញយុវជនសកលលោកស្តីពីជីវៈចម្រុះ ២).សមាជិកគណៈកម្មការផ្នែកកម្មវិធីសម្រាប់វេទិការប្រជាពលរដ្ឋកម្ពុជា និងវេទិកាប្រជាពលរដ្ឋអាស៊ាន ៣). សមាសភាពបណ្តាញយុវជនដើម្បីសុវត្ថិភាពស្បៀងតំបន់អាស៊ីបាស៊ីច ៤).ការពិនិត្យឡើងវិញជាសមាជិកភាពនៃអ្នកការពារបរិស្ថានតំបន់អាស៊ីប៉ាស៊ីហ្វិច ADPED ៥).សមាជិកគណៈកម្មការ គោលនយោបាយនៃកិច្ចព្រមព្រៀងអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ COP16 និង ៦). ការចូលរួមជាមួយនឹង ADPED និង Earth Rights International ក្នុងដំណើការផ្តល់ធាតុចូលទៅក្នុង សេចក្តីព្រាងនៃសេចក្តីប្រកាសអាស៊ានស្តីពីសិទ្ធិបរិស្ថាន។ ចំពោះភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិលក្នុងស្រុក ប.យ.ក បានបន្តឱ្យកាន់តែសកម្មក្នុងកិច្ចការសហការ ការចូលរួម និងការផ្សាភ្ជាប់ទំនាក់ទំនងជាមួយនឹងដៃគូសង្គមស៊ីវិលសម្រាប់ការលើកកម្ពស់សិទ្ធិសង្គមស៊ីវិល ការចូលរួមយុវជន សិទ្ធិមនុស្ស ប្រជាធិតេយ្យ កិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ។​

ការកៀរគរ និងការស្វែងរកមូលនិធិ សមាគមបានបន្តខិតខំប្រឹងប្រែងយ៉ាងសកម្មទាំងខ្ញុំបាទ ហេង គឹមហុង សមាជិកគណៈកម្មការប្រតិបត្តិ និងបុគ្គលិកជាន់ខ្ពស់របស់សមាគម ដើម្បីធានាថាយើងនឹងមានមូលនិធិគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការនាឆ្នាំបន្តបន្ទាប់។ ចំពោះមូលនិធិសមាគមដែលទទួលបានពីភាគទានសមាជិក អ្នកចូលរួម បុគ្គលិក និងផ្នែកផ្សេងៗ ប.យ.ក នឹងរៀបចំគោលនយោបាយពិសេសមួយដើម្បីគ្រប់គ្រង និងការពារញើសឈាមនៃការខិតខំរបស់សមាជិក​ សមាជិកា។

យើងនៅតែបន្តចង់ឃើញយុវជន មានសមត្ថភាពក្នុងការអនុវត្តសិទ្ធិ ដែលជាទស្សនវិស័យរបស់យើង ដែលយើងនៅតែបន្តព្យាយាមកសាងសមត្ថភាពយុវជន ចូលរួមសកម្មភាពជាមួយពួកគេ និងផ្តល់ឱកាសសម្រាប់ពួកគេឱ្យមានទីតាំងមួយសម្រាប់ការអនុវត្តសិទ្ធិ និងសេរីភាពស្របតាមបញ្ញត្តច្បាប់ បើទោះបីជាទីដទៃទៀត មានការព្រួយបារម្ភពីការអនុវត្តនេះក៏ដោយ។ យើងបានសម្របសម្រួលរៀបចំទិវាព្រៃឈើអន្តរជាតិ និងទិវាបរិស្ថានក្នុងបរិយាបន្នខ្ពស់ដែលមានអ្នកចូលរួមជិត១០០០នាក់ ការរៀបចំព្រឹត្តការណ៍ជិះកង់១០០០គីឡូម៉ែត្រដើម្បីបរិស្ថាន ការបោះជំរំការបណ្តុះបណ្តាល ការគាំទ្រដល់សកម្មភាពផ្តួចផ្តើម និងនៅពេលដ៏ខ្លីនេះយើងនឹងរៀបចំវេទិកាយុវជន    កម្ពុជា ដែលរំពឹងថានឹងមានអ្នកចូលរួមចំនួន ៣០០នាក់។ ទាំងនេះ សុទ្ធសឹងតែជាការបំពេញបេសកម្មមួយ ដែលមិនអាចធ្វើបានឡើយ បើគ្រាន់តែចង់បានការងារមួយ ដើម្បីមានការងារធ្វើ តែនេះការឆ្លុះបញ្ចាំងអំពីស្មារតីយ៉ាងមោះមុតរបស់ក្រុមការងារ ប.យ.ក ដែលធ្វើការដោយក្តីស្រឡាញ់ កម្លាំងចិត្ត និងជំនឿលើភាពវិជ្ជមាននៃសង្គមនឹងកើតឡើងនាពេលណាមួយដោយខានពុំបាន។

សេចក្តីត្រួសៗទាំងអម្បាលម៉ាននេះ ពិតណាស់ គឺពុំអាចវាស់បាន ឬអត្ថាធិប្បាយឱ្យអស់នូវការតថភាពពិតប្រាកដ ដែលក្រុមការងារបានបំពេញនាកំឡុងពេលឆមាសដំបូងនៃឆ្នាំ២០២៤នេះបានឡើយ ពីព្រោះខ្ញុំបានឃើញដោយផ្ទាល់ភ្នែក បានឮដោយផ្ទាល់ត្រចៀក និងបានប៉ះដោយឧត្តមគិតិ ចំពោះអ្វីដែលពួកគេបានធ្វើគឺពិតជាមានតម្លៃដ៏សម្បើមសម្រាប់សមាជិក សមាជិកា និងសង្គមជាតិរបស់ពួកយើង។ ដូច្នេះ តំណាងឱ្យអង្គសមាជកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ គណៈកម្មការប្រតិបត្តិ សមាជិក សមាជិកា ក៏ដូចជារូបខ្ញុំបាទ ហេង គឹមហុង សូមធ្វើការវាយតម្លៃខ្ពស់ចំពោះសម្មតិផលការងារទាំងឡាយ និងថ្លែងអំណរគុណចំពោះការខិតខំបំពេញការងារ។​

សមាជិក សមាជិកាជាទីរាប់អាន!

នាឆ្នាំ២០២៤នេះ គឺជាឆ្នាំដែលសមាគមបណ្តាញយុវជនកម្ពុជា មានអាយុ១៥ឆ្នាំហើយ ហើយនិរន្តរភាពនេះ ក៏សុទ្ធតែបានកើតឡើងដោយការខិតខំរបស់ថ្នាក់ដឹកនាំ និងក្រុមការងារគ្រប់ជំនាន់ ដែលយើងក៏ពុំភ្លេចឡើងចំពោះការដឹកគុណដល់រៀមច្បងស្ថាបនិក ដែលបានបង្កើត ប.យ.ក នេះឡើង តាំងពីចំណុចសូន្យ រហូតក្លាយជាស្ថាប័នមួយសម្រាប់យើងទាំងអស់គ្នានៅថ្ងៃនេះ និងសម្រាប់យុវជនទៅថ្ងៃអនាគត់។ ខ្ញុំបាទក៏សូមយកវេលានេះ ដើម្បី អញ្ញើញបងប្អូនសមាជិក សមាជិកា ត្រៀមខ្លួនសម្រាប់ការចូលរួមកម្មវិធីខួ​ប ១៥ឆ្នាំរបស់សមាគម ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ខាងមុខទាំងអស់គ្នា គ្រប់ជំនាន់ កុំបីខាន។​

មុននឹងបញ្ចប់ ខ្ញុំសូមឆ្លៀតឱកាសបន្តិចលើកឡើងអំពីការប្តេជ្ញាចិត្តរបស់ពួកយើងដែលជាគណៈកម្មការប្រតិបត្តិ និងក្រុមការងារសមាគមផងដែរ សមាគមនឹងបញ្ចប់ ១).ផែនការយុទ្ធសាស្ត្រ ២).គោលនយោបាយប្រឆាំងនឹងការបៀតបៀន ៣).គោលនយោបាយស្តីពីយេនឌ័រ  ឱ្យបានចប់សព្វគ្រប់នាកំឡុងឆ្នាំ២០២៤​នេះ។ គោលនយោបាយចំពោះសមាជិក គឺសមាជិកគ្រប់រូបនៅតែជាធនធានយ៉ាងសំខាន់សម្រាប់ ប.យ.ក ដោយចាប់ពីពេលនេះតទៅយើងនឹងរៀបចំកិច្ចប្រជុំឆមាសជាទៀតទាត់ ការចួបជុំ និងការកសាងសមត្ថភាពយ៉ាងហោចណាស់២ដងក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះ យើងនឹងបន្តខិតខំផ្សព្វផ្សាយអំពីសក្ដានុពល និងការកៀរគរថវិកាដើម្បីធានាបាននូវនិរន្តរភាពនៃការប្រតិបត្តិការរបស់សមាគម។

ជាចុងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះវត្តមានរបស់សមាជិក សមាជិក ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមកិច្ចប្រជុំនេះ ដើម្បីផ្តល់ជាកម្លាំងចិត្តដល់យើងទាំងអស់គ្នា ដ៏ដូចជាសូមធ្វើការពិភាក្សា និងផ្តល់នូវគំនិតអភិវឌ្ឍន៍សម្រាប់កសាង ប.យ.ក ឱ្យកាន់មានវឌ្ឍនកម្ម និងការបំពេញការងារដោយប្រសិទ្ធិភាព។ ការចូលរួមទាំងគំនិត ស្មារតី និងការចូលរួមជាសកម្មភាពរបស់សមាជិក ប.ក.យ ក៏សុទ្ធតែមានតម្លៃជាព្រទ្យសម្បត្តិសម្រាប់យើងទាំងអស់គ្នា ដោយស្មារតីទទួលខុសត្រូវ និងការសម្រចបាននូវបេសសកម្មរបស់យើង។​

ក្រោមពាក្យស្លោកថា អ្នកការពារសិទ្ធិមនុស្សវ័យក្មេង ប.យ.ក នៅតែជាផ្ទះសម្រាប់យុវជន និងពលរដ្ឋសកម្មតទៅទៀត។   សូមអរគុណ និងប្រកាសបើកកិច្ចប្រជុំចាប់ពីពេលនេះ តទៅ!​

ទាញយក៖ សុន្ទកថាស្វាគមន៍ និងបើកកិច្ចប្រជុំឆមាសទី១ ឆ្នាំ២០២៤

Recent Posts