ដំណើរឆ្ពោះទៅរកការវិនាសទាំងស្រុងនៃព្រៃហគមន៍ភ្នំសេះ

ដំណើរឆ្ពោះទៅរកការវិនាសទាំងស្រុងនៃព្រៃហគមន៍ភ្នំសេះ
ថ្ងៃ​ច័ន្ទ 12 មេសា 2021

សេចក្តីប្រកាសព័ត៌មានអំពី ការចេញផ្សាយរបាយការណ៍ស៊ើបអង្កេត និង​ ស្រាវជ្រាវស្តីពី ដំណើរឆ្ពោះទៅរកការវិនាសទាំងស្រុងនៃព្រៃហគមន៍ភ្នំសេះ

រាជធានីភ្នំពេញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១

សមាគមបណ្តាញយុវជនកម្ពុជា CYN មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ឱ្យបានជ្រាបថា សមាគមបានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតនិងស្រាវជ្រាវ ស្តីពី ដំណើរឆ្ពោះទៅរកការវិនាសទាំងស្រុងនៃព្រៃសហគមន៍ភ្នំសេះ ក្នុងភូមិសាស្រ្តឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដែលបានធ្វើឡើងចាប់​ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។ ការស៊ើបអង្កេតនិងស្រាវជ្រាវនេះ បានធ្វើឡើងតាមរយៈការប្រមូលទិន្នន័យមកពីការសម្ភាសន៍ប្រជាសហគមន៍ ការត្រួតពិនិត្យទីតាំងកាប់រានទន្ទ្រានដីព្រៃជាក់ស្តែង ការថតរូប ការថតវីដេអូអំពីទិដ្ឋភាពជាក់ស្ដែង និងការកំណត់កូអរដោណេភូមិសាស្ត្រនៃការកាប់រានទន្ទ្រានដីព្រៃសហគមន៍។

 

លទ្ធផលនៃការស៊ើបអង្កេតនិងស្រាវជ្រាវនេះ បានរកឃើញថា ព្រៃសហគមន៍ភ្នំសេះបាននឹងកំពុងទទួលរងនូវការទន្រ្ទានកាន់កាប់ដីព្រៃស្ទើរតែទាំងស្រុងបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់និរន្តរភាពព្រៃសហគមន៍ និងបរិស្ថាន។ ក្នុងទំហំផ្ទៃដីព្រៃសហគមន៍ភ្នំសេះសរុប ៣,០៨១ហិកតា ត្រូវបានរកឃើញថា បាត់បង់គម្របព្រៃឈើធម្មជាតិលើផ្ទៃដីប្រមាណ ១,៣០៣ហិកតា ដែលក្រុមអ្នកប្រមូលទិន្នន័យបានប្រើប្រាស់វិធីសាស្ត្រធ្វើដំណើរព័ទ្ធជុំវិញតំបន់ព្រៃសហគមន៍ទាំងមូល និងការប៉ាន់ប្រមាណថា ទំហំដែលអាចបាត់បង់ថែមទៀតមានប្រមាណប្រហែល ៤៦០.៨ហិកតា។ គម្របព្រៃឈើសហគមន៍នេះភាគច្រើនត្រូវទទួលរងនូវការរានទន្រ្ទានកាន់កាប់ និងបំប្លែងទៅជាដីចម្ការរួចរាល់ ដោយត្រូវបានជំនួសមកវិញដោយដំណាំស្វាយចន្ទី ដំឡូងមី និងដំណាំឈើដាំមួយចំនួនទៀត។ របាយការណ៍នេះក៏ បានរកឃើញមានលំនៅដ្ឋានខុសច្បាប់ដែលបានសាងសង់លើដីដែលបានកាប់រានទន្រ្ទាន នៅលើដីព្រៃសហគមន៍ភ្នំសេះចន្លោះពី ៨០ ទៅ៨៥ខ្នង ដែលភាគច្រើនបានសង់ខ្ទមក្នុងទម្រង់ជារោងចាំចម្ការ និងផ្ទះបណ្ដោះអាសន្ននៅលើក្បាលដីរបស់ខ្លួន (ពួកគេធ្វើការគ្រប់គ្រងក្បាលដីយ៉ាងតិចចន្លោះពី៥ ទៅ១០ហិកតា) ដោយភាគច្រើនមិនមានមនុស្សរស់នៅអចិន្ត្រៃយ៍ឡើយ។

 

ការកាប់រានទន្ទ្រានកាន់កាប់ បានគំរាមកំហែងដល់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន ជនជាតិដើមភាគតិចព្នង ដែលធ្លាប់បានដកហូតអនុផលព្រៃឈើ ដែលធ្លាប់បម្រើដល់ជីវភាពរបស់ពួកគេយ៉ាងសកម្មក្នុងរយៈពេលច្រើនទសវត្សរ៍មកហើយ។ ក្រៅពីនេះចំណុចគួរឱ្យកត់សម្គាល់មួយទៀតនោះគឺ ការប្រឈមនឹងការបាត់បង់ទីកន្លែងជំនឿរបស់ជនជាតិដើមភាគតិចព្នង ដែលហៅថា “ទីជំនឿភ្នំសេះ”។

 

ជាមួយគ្នានេះ លំហូរចូលនៃ​ប្រជាពល​រដ្ឋចំណូលស្រុក ដែលបានចូលមកទិញ និងការរានទន្រ្ទានដីព្រៃកាន់កាប់ជាកម្មសិទ្ធិ សម្រាប់ដាំដំណាំកសិឧស្សាហកម្ម ក៏មានអ្នកភូមិដែលរស់នៅជិតនោះខ្លះ ដែលមិនមានដីចម្ការ ឬមានដីចម្ការតិចតួចបានចាប់ផ្តើមកាប់រានទន្រ្ទានដីព្រៃ ដើម្បីពង្រីកដីចម្ការរបស់ខ្លួន កាន់កាប់ដីជាកម្មសិទ្ធិដោយខុសច្បាប់ ក្នុងបំណងដាំដំណាំផ្សេងៗដូចជា ស្វាយចន្ទី និងដំឡូងមីជាដើម។

 

របាយការណ៍ក៏បានរកឃើញថា ការរានទន្ទ្រានដីព្រៃនៅក្នុងព្រៃសហគមន៍ភ្នំសេះគឺជាសកម្មភាពខុសច្បាប់ ដែលបានចែងក្នុងច្បាប់ស្តីពីភូមិបាល និង ច្បាប់ស្តីពីព្រៃឈើ។ ចំពោះការអនុវត្តច្បាប់ និងការបំពេញមុខងាររបស់អាជ្ញាធរពាក់ព័ន្ធ មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើ និងមន្ត្រីរដ្ឋបាលឃុំនៅមានកម្រិតនៅឡើយ ដែលជាហេតុធ្វើឱ្យព្រៃសហគមន៍ភ្នំសេះ បន្តទទួលរងនូវការកាប់រានទន្ទ្រានដីព្រៃយ៉ាងគំហុក ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់និរន្តរភាពបរិស្ថាន និងគម្របព្រៃឈើ។

 

រដ្ឋបាលខេត្តក្រចេះធ្លាប់បានចេញលិខិតចំនួនពីរផងដែរចំពោះករណីនេះ រួមមានសេចក្ដីជូនដំណឹងលេខ០១៦/១៩ ស.ជ.ណ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ស្ដីពី ការបញ្ឈប់ការចូលទន្ទ្រានកាន់កាប់ដីព្រៃសហគមន៍ភ្នំសេះ និងសេចក្ដីជូនដំណឹងលេខ០៤២/១៩ ស.ជ.ណ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ស្ដីពី ការបញ្ឈប់ការចូលទន្ទ្រាន កាន់កាប់ដីព្រៃសហគមន៍ភ្នំសេះ ព្រមទាំងមានសេចក្ដីជូនដំណឹងលេខ ០០៦/២០ ស.ជ.ណ.សម របស់សាលាស្រុក សំបូរ​ បន្ថែមទៀត ក៏សកម្មភាពកាប់ទន្ទ្រានយកដីព្រៃសហគមន៍នៅតែបន្តកើតឡើងជាស្ទើតែជារៀងរាល់ថ្ងៃ។ បើទោះបីជាសេចក្ដីជូនដំណឹងនេះមានព្រមានធ្ងន់ធ្ងរ តែសកម្មភាពនៃការកាប់រានទន្រ្ទានកាន់កាប់ដីព្រៃខុសច្បាប់នៅតែបន្តកើតមានរហូតមកដល់បច្ចុប្បន្ន និងមានសភាពកាន់តែធ្ងន់ធ្ងរទៅៗ ដែលអាចធ្វើឱ្យព្រៃសហគមន៍ភ្នំសេះ អាចនឹងបាត់បង់ទាំងស្រុងនៅពេលអនាគត។

 

ដោយមើលឃើញពីសកម្មភាពទន្ទ្រានយកដីព្រៃសហគមន៍ នៅតែបន្តកើតមានឡើងជាបន្តបន្ទាប់ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អនាគតព្រៃសហគមន៍ភ្នំសេះ ដែលមាននាទីយ៉ាងសំខាន់ក្នុងការរក្សាប្រព័ន្ធអេកូឡូស៊ី និងផ្តល់សារៈសំខាន់ចំពោះជីវភាពរបស់សហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិចដែលរស់នៅជុំវិញតំបន់ព្រៃសហគមន៍ក្នុងការដកហូតអនុផលព្រៃឈើ តាមរយៈរបាយការណ៍ស៊ើបអង្កេត និងស្រាវជ្រាវនេះ ក៏បានផ្តល់នូវអនុសាសន៍មួយចំនួន ដែលអាចព័ត៌មាន និងភស្តុតាងបន្ថែមទៀត​ដល់​អាជ្ញាធរ​​មានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន រដ្ឋបាលព្រៃឈើ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចាត់វិធានការឱ្យទាន់ពេលវេលាក្នុងការបង្ការ និងបង្ក្រាបរាល់សកម្មភាពទាំងឡាយណា ដែល​ធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់ព្រៃសហគមន៍ភ្នំសេះ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រជាសហគមន៍នៅមូលដ្ឋានផ្ទាល់និងយើងទាំងអស់គ្នា។

 

ទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖

  • លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ                    0967 888 368
  • លោក អូត ឡាទីន មន្រ្តីចងក្រងសហគមន៍                                        016 224 426
  • លោក ហ៊ា សំអឿន អនុប្រធានសហគមន៍ព្រៃឈើភ្នំសេះ                         0719 609 653
  • លោក ហ៊ា វឿន សមាជិកគណៈកម្មការសហគមន៍ព្រៃឈើភ្នំសេះ           0882 257 886

សូមចុចទីនេះដើម្បីអានរបាយការណ៍ពេញ​ Investigation Report​ in Final

សូមចុចទីនេះដើម្បីអានសេចក្តីប្រកាសព័ត៌មាន​CYN Press Release Final

សូមចុចទីនេះសម្រាប់អានរបាយការណ៍សង្ខេប​​ សេចក្តីសង្ខេប ដំណើរឆ្ពោះទៅរកវិនាសកម្មទាំងស្រុងនៃសហគមន៍ព្រៃឈើភ្នំសេះ

Add your Comment

Recent Posts