យុវជន និងបុព្វហេតុសង្គម

ថ្ងៃ​ពុធ 20 មិនា 2024

យុវជន និងបុព្វហេតុសង្គម

កញ្ញា អន ស្រីឡែន ជាយុវត្តីក្មេងវ័យ១៧ឆ្នាំ ដែលបានកើតនៅភូមិអង្គរបានទី៤ ឃុំអង្គរបាន ទី៤ ស្រុកកងមាស ខេត្តកំពង់ចាម ជាកូនស្រីទោលក្នុងគ្រួសារមានជីវភាពកម្រិតមធ្យម។ ស្រីឡែន បានបញ្ចប់ថ្នាក់វិទ្យាល័យនៅឆ្នាំ២០២២។ នាងជាក្មេងស្រីដែលចង់ចេះចង់ដឹងទៅលើរឿង ប្រវត្តិសាស្ត្រ និងបញ្ហានានានៅក្នុងប្រទេស។ ទោះបីជានាងនៅក្មេងក៏ដោយប៉ុន្តែនាងគឺជា ក្មេងស្រីដែលចូលចិត្តឈ្វេងយល់ពីបញ្ហាសង្គម មើលឃើញពីបញ្ហាសង្គមតាំងពីនាងរៀនថ្នាក់អនុវិទ្យាល័យមកម៉្លេះ។ នាពេលនោះស្រីឡែនបានយល់ឃើញថាបញ្ហាចម្បងរបស់សង្គមគឺ អំពើពុករលួយ តែទោះជាយ៉ាងនេះក្តីដោយខ្វះភាពក្លាហាន ស្រីឡែនមិនហ៊ានធ្វើការបញ្ចេញមតិ ឬទស្សនៈរបស់ខ្លួនឡើយ។

បន្ទាប់ពីចប់ថ្នាក់វិទ្យាល័យស្រីឡែនត្រូវមកបន្តការសិក្សាថ្នាក់សាកលវិទ្យាល័យនៅរាជធានីភ្នំពេញ ដែលពេលនោះស្រីឡែនបានរៀនថ្នាក់កុំព្យូទ័រនៅមជ្ឈមណ្ឌលសិក្សា និងការងាររបស់សមាគមបណ្តាញយុវជនកម្ពុជារយៈពេល៣ខែ សម្រាប់ការសិក្សាថ្នាក់មូលដ្ឋាននៃជំនាញប្រើប្រាស់ថ្នាក់កុំព្យូទ័រសម្រាប់ការិល័យ។ នៅពេលកំឡុងនៃការសិក្សាថ្នាក់កុំព្យូទ័រ ស្រីឡែនបានដាក់ពាក្យចូលជាបុគ្គលិកហាត់ការជាមួយនឹងប.យ.ក នៅផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ ចាប់ពីខែឧសភា ឆ្នាំ២០២៣ ដែលជាពេលវេលាបានធ្វើឱ្យស្រីឡែន មានឱកាសរៀនសូត្រពង្រឹងសមត្ថភាពការងារ ការស្វែងយល់អំពីសិទ្ធិមនុស្ស សិទ្ធិបរិស្ថាន និងការចូលរួមលើកម្ពស់យុត្តិធម៌សង្គមនៅកម្ពុជា។

នៅពេលដែលស្រីឡែនហាត់ការជាមួយនឹងប.យ.ក ចាប់ពីខែឧសភា ដល់ខែធ្នូ ឆ្នាំ២០២៣ ស្រីឡែន ដែលជាក្មេងស្រីមានចរិតរហ័សរហួន បានចូលរួមយ៉ាងសកម្មទាំងការរៀនសូត្រអំពីការងារនៅក្នុងការិយាល័យ និងធ្វើកិច្ចការងារដោយផ្ទាល់ជាមួយនឹងក្រុមគោលដៅ។ ស្រីឡែនទទួលបានការចែករំលែកពីក្រុមការងាររបស់ប.យ.ក អំពីជំនាញទំនាក់ទំនង ការរៀបចំសកម្មភាព ការរៀបចំឯកសារទស្សនទានសម្រាប់ការរៀបចំព្រឹត្តិការណ៍ ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការរៀចំព្រឹត្តិការណ៍សំខាន់ៗរបស់ប.យ.ក ដូចជា វេទិកាយុវជនកម្ពុជា វេទិកាអ្នកការពារសិទ្ធិមនុស្សវ័យក្មេងកម្ពុជា ការដាក់ញ្ញត្តិ យុទ្ធនាការជិះកង់ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តីនិងក្មេងស្រីជាដើម។ តាមរយៈការហាត់ការ ស្រីឡែនបានទទួលនូវជំនាញ និងបទពិសោធន៍ដ៏មានតម្លៃជាច្រើនរួមមាន របៀបធ្វើរបាយការណ៍ ការធ្វើការងារជាក្រុមឲ្យមានប្រសិទ្ធភាព ការកសាងទំនាក់ទំនងជាមួយយុវជន និងសកម្មជន ការដោះស្រាយបញ្ហា និងការសម្របសម្រួលសកម្មភាពចងក្រងយុវជនជាដើម។ ជាពិសេស ស្រីឡែនបានទទួលបទពិសោធន៍ការងារលើការជួយសម្របសម្រួលការអនុវត្តគម្រោងជាក់ស្ដែង ដែលជម្រុញឲ្យនាងកាន់តែមានភាពជាអ្នកដឹកនាំ និងបានកសាងទំនាក់ទំនង វិជ្ជមានក្នុងអំឡុងពេលធ្វើសកម្មភាព។ ក្នុងការហាត់ការនេះក៏បានជួយអ្នកឱ្យនាងរកឃើញចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនផងដែរ។

 

ការចូលរួមជាមួយនឹងប.យ.ក បានធ្វើឱ្យស្រីឡែនយល់ដឹងកាន់តែច្បាស់អំពីបញ្ហាក្នុងសង្គម សិទ្ធិ និងតួនាទីក្នុងការចូលរួមអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋាន ការចូលរួមការពារធនធានធម្មជាតិ និងលើកម្ពស់យុត្តិធម៌សង្គម។ ស្រីឡែន បានចូលរួមយ៉ាងសកម្មទាំងការរៀបចំសកម្មភាព និងការ អនុវត្តិសិទ្ធិសេរីភាពរបស់ខ្លួនទាមទារឱ្យរាជរដ្ឋាភិបាលបញ្ឈប់អាជ្ញាប័ណ្ណនាំចេញឈើទៅក្រៅប្រទេស ការបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។

ស្រីឡែនជាក្មេងដែលមានភាពជាអ្នកដឹកនាំ ងាយស្រួលក្នុងការសម្របខ្លួនជាមួយមនុស្សជុំវិញខ្លួន ចូលចិត្តស្វែងយល់ពីអ្វីថ្មីៗដើម្បីអភិវឌ្ឍខ្លួន និងស្វែងរកថាខ្លួនឯងជានរណាហើយអ្វីទៅដែលខ្លួនចង់បានពិតប្រាកដ។ នាងតែងតែព្យាយាមឲ្យអស់ពីលទ្ធភាពក្នុងការចូលរួមសកម្មភាពនានាដើម្បីបុព្វហេតុជាតិមាតុភូមិ ព្រោះនាងជឿជាក់ថាសំឡេងរបស់ខ្លួន រួមទាំងយុវជនផ្សេងៗទៀត នឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់សង្គមមួយនេះ។ ការដែលយុវជនហ៊ានក្នុងការអនុវត្តសិទ្ធិរបស់ខ្លួន គឺជាទិដ្ឋភាពជាមូលដ្ឋាននៃការតស៊ូមតិដើម្បីសិទ្ធិមនុស្សរកឆ្ពោះទៅរកយុត្តិធម៌សង្គម។ ស្រីឡែនមានបំណងរួមចំណែកសកម្មភាពកសាងសង្គមមួយដែលមានយុវជនប្រកបទៅដោយ ចំណេះដឹង និងជម្រុញឲ្យមានការអនុវត្តសិទ្ធិពេញលេញដើម្បីលើកកម្ពស់សិទ្ធិមនុស្ស សេចក្ដីថ្លៃថ្នូររបស់មនុស្ស និងយុត្តិធម៌សង្គមល្អប្រសើរ។

សូមធ្វើការទាញយកឯកដែលមានភ្ជាប់ខាងក្រោម៖

Case study-Youth and Social Causes-Khmer version (2)

Recent Posts