រឿងនៃការផ្លាស់ប្រែ៖ អនាគតអ្នក អាស្រ័យលើអ្នក!!!
នៅក្នុងវ័យ២៨ឆ្នាំ យុវជន ញឹប ពិសាល ជាកូនទីទី៣នៃគ្រួសារក្នុងចំណោមបងប្អូនប្រុសស្រី៤នាក់ ដែលរស់នៅភូមិពែងមាសជើង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ ពិសាល មានឳពុកម្ដាយជាកសិកររស់នៅពឹងផ្អែកលើវិស័យកសិកម្ម។ ដោយឡែកបងប្អូនប្រុសស្រីពិសាលបានរៀបចប់អស់ហើយ នៅឡើយពិសាលកំពុងបន្តការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្រ្តនយោបាយ។
ទោះបីកើតក្នុងគ្រួសារកសិករ តែពិសាលអាចរៀនបានចប់ចុងចប់ដើម ហើយពេលបច្ចុប្បន្នពិសាលកំពុងតែរៀនបណ្ដើរ និងធ្វើការងារក្រៅម៉ោងបណ្តើរដោយការងារដែលពិសាលធ្វើគឺជាគ្រូបង្រៀននៅសាលាឯកជនមួយកន្លែងនៅរាជធានីភ្នំពេញ។ ពិសាលមានភាពជឿជាក់ ជាមនុស្សដែលហ៊ានចែករំលែកចំណេះដឹង និងហ៊ានបញ្ចេញមតិរបស់ខ្លួនទៅកាន់អ្នកដទៃបានយ៉ាងល្អប្រសើរឡើង និងក្លាយជាមនុស្សដែលខ្វល់ខ្វាយពីរឿងសង្គម កិច្ចការពារធនធានធម្មជាតិនិងបរិស្ថាន។ ហេតុអ្វីបានជាលើកឡើងបែបនេះ? តើពិសាលពីមុនជាមនុស្សបែបណា?មុនមកចូលរួមសកម្មភាពជាមួយសមាគមបណ្ដាញយុវជនកម្ពុជា (ប.យ.ក)?
នាពេលបច្ចុប្បន្ន ពិសាលមានក្លាហាន មានភាពជឿជាក់លើខ្លួនឯងរហូត៧០% ប៉ុន្តែក្រឡែកទៅមើលពីអតីតកាលវិញ កាលពីពិសាលមិនទាន់បានស្គាល់ និងចូលរួមជាមួយប.យ.ក បញ្ហារបស់ពិសាល គឺពីមុនជាមនុស្សដែលចូលចិត្តនៅស្ងៀមស្ងាត់ ភាគច្រើនចំណាយពេលនៅតែហាងកាហ្វេ និងនៅផ្ទះធ្វើការស្វ័យសិក្សាដោយខ្លួនឯង មិនសូវចូលចិត្តបញ្ចេញអ្វីដែលខ្លួនមានទៅកាន់មនុស្សជុំវិញខ្លួននោះទេ។ និយាយជារួមមនុស្សស្ងប់ស្ងាត់ មិនសូវចិត្តនិយាយច្រើន ចំពោះសកម្មភាពក្នុងសង្គមក៏មិនសូវបានចូលរួមច្រើន មិនមានភាពជឿជាក់លើខ្លួនឯង មិនសូវខ្វល់ខ្វាយពីច្បាប់ ក៏ដូចជាពីសិទ្ធិក្នុងការចូលរួមការពារធនធានធម្មជាតិជាពិសេសការប្រែប្រួលអាកាសធាតុ។ ពិសាលបានរៀបរាប់ទាំងទឹកមុខញញឹមៗថា៖ “ខ្ញុំជាមនុស្សអត់សូវចេះនិយាយច្រើន មួយវិញទៀតសកម្មភាពសង្គមក៏មិនសូវបានចូលរួមច្រើនដែរ ព្រោះតែខ្ញុំផ្ដោតលើការសិក្សាច្រើនការងារសង្គមខ្ញុំអត់សូវដែលបានចូលរួម ហើយខ្ញុំខ្វះភាពជឿជាក់លើទាក់ទងនឹងសិទ្ធិរបស់ខ្លួនឯង សិទ្ធិក្នុងការចូលរួមធនធានធម្មជាតិពីមុនមកខ្ញុំនៅខ្វះច្រើនហើយមិនសូវបានតាមដានពីរឿងអស់ហ្នឹងទេ។ មុនចូលរួមជាមួយប.យ.ក មិនសូវជាខ្វល់ខ្វាយពីរឿងការប្រែប្រួលអាកាសធាតុទេ។ ភាពជឿជាក់លើខ្លួនឯងមានតែ២០%ប៉ុណ្ណោះ”។
ដោយឡែកនាដើមឆ្នាំ ២០២៤ ក្រោយពីបញ្ចប់ថ្នាក់បរិញ្ញាបត្រ ពិសាលបានចាប់ផ្ដើមចូលរួមជាមួយសកម្មភាពរបស់ប.យ.កដោយបានឱកាសក្លាយជាយុវជនហាត់ការសហគមន៍ទៅរស់នៅសហគមន៍នៅខេត្តព្រះវិហារចំនួន៦សប្ដាហ៍។ ក្រោយពីបានចូលរួមវគ្គពង្រឹងសមត្ថភាពនេះមកពិសាលបានផ្លាស់ប្ដូរស្ទើរតែទាំងស្រុងពីមនុស្សម្នាក់ដែលស្ងាត់ស្ងៀម មិនចូលចិត្តនិយាយស្ដី មិនចូលចិត្តចែករំលែកប្រកាន់ទស្សននៃគំនិតរបស់ខ្លួនជាប់។ ពិសាលបានផ្លាស់ប្ដូរឥរិយាបថទាក់ទងទៅនឹងទស្សននៃការគិត ដែលពិសាលគិតថាការអភិវឌ្ឍប្រទេសជាតិទាំងមូលគិតតែពីវិស័យសេដ្ឋកិច្ច ត្រូវអភិវឌ្ឍន៍តែទៅលើវិស័យសេដ្ឋកិច្ចជាចម្បង ប៉ុន្តែមិនដូច្នោះទេ រាល់ការអភិវឌ្ឍន៍ត្រូវតែគិតគូរពីផលប៉ះពាល់បរិស្ថានក៏ដូចជាបញ្ហាសង្គម ប្រសិនបើប៉ះពាល់សូមនៅត្រឹមកម្រិតតិចតួច។ មួយវិញទៀត ពិសាល ក៏បានផ្លាស់ប្ដូរឥរិយាបថនៃការរស់នៅគឺបានផ្លាស់ប្ដូរទម្លាប់ដោយបានគិតគូរពីការប្រែប្រួលអាកាសធាតុ ចាប់ផ្ដើមស្រឡាញ់ធនធានធម្មជាតិដែលបានកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកងាកមកប្រើប្រាស់ដបទឹកបរិស្ថានជំនួសវិញ។ លើសពីនេះទៅទៀត ពិសាលបានផ្លាស់ប្ដូរលើអាកប្បកិរិយាគឺហ៊ានបញ្ចេញមតិរបស់ខ្លួនទៅកាន់សហគមន៍ក៏ដូចជាមិត្តភក្តិនៅជុំវិញខ្លួន និងពិសាលបានក៏បានយល់ដឹងពីច្បាប់ ពីសិទ្ធិរបស់ខ្លួនក្នុងកិច្ចការពារធនធានធម្មជាតិ ទន្ទឹមនឹងនេះ ពិសាលបានក្លាយខ្លួនឯងទៅជាមនុស្សដែលអាចចែករំលែកចំណេះដឹងពីសារៈប្រយោជន៍ព្រៃឈើ និងបង្រៀនភាសាអង់គ្លេសដល់ក្មេងៗក្នុងសហគមន៍ផងដែរ។ បើសង្កេតដល់ចំនុចបន្ថែមទៀត គឺចំណេះជំនាញ នៅពេលបានចូលរួមជាមួយប.យ.ក ពិសាលទទួលបានឱកាសក្នុងការពង្រឹងសមត្ថភាពបន្ថែមនោះគឺជាអ្នកសម្របសម្រួលយុវជនទៅកម្មវិធីបោះជំរំកម្មវិធីនេះកាន់តែធ្វើឱ្យពិសាលមានមានភាពជឿជាក់កាន់តែប្រសើរឡើង ពិសាល សប្បាយចិត្តចំពោះការផ្លាស់ប្ដូរមួយនេះ មានមោទនភាពលើខ្លួនឯង។ ពិសាល បាននិយាយទាំងញញឹមស្រស់ថា៖ “ពេលដែលចូលរួមជាមួយប.យ.កមកខ្ញុំប្ដូរទស្សននៃការគិត គិតថាការអភិវឌ្ឍសេដ្ឋកិច្ចគឺនៅតែជាដំបូងដែរ គ្រាន់តែត្រូវគិតគូរផលប៉ះពាល់បរិស្ថានក៏ដូចជាបញ្ហាសង្គម ប្រសិនបើការអភិវឌ្ឍហ្នឹងវាប៉ះពាល់ដល់បរិស្ថានយើងត្រូវគិតគូរធ្វើយ៉ាងណាឱ្យផលប៉ះពាល់នៅមានកម្រិតតិចតួច។ ហើយទាក់ទងនឹងឥរិយាបថនៃការរស់នៅជាទម្លាប់នៅពេលដែលចូលរួមជាមួយប.យ.កបានផ្លាស់ប្ដូរទម្លាប់នៃការរស់នៅគិតគូរពីការប្រែប្រួលអាកាសធាតុចាប់ផ្ដើមស្រឡាញ់ធនធានធម្មជាតិហើយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក៏ដូចជាអ្វីដែលជះឥទ្ធិពលដល់បរិស្ថានក៏ដូចជាតែងតែប្រើប្រាស់ដបទឹកបរិស្ថានដើម្បីជំនួសឱ្យការប្រើប្រាស់ប្លាស្ទិក។ ហើយអាកប្បកិរិយារបស់ខ្ញុំពីមនុស្សដែលស្ងៀមស្ងាត់ ប៉ុន្តែមានភាពប្រសើរឡើងជាងមុនហ៊ានឡើងនិយាយ ហ៊ានបញ្ចេញមតិរបស់ខ្លួនទៅកាន់សហគមន៍ក៏ដូចជាមិត្តភក្តិនៅជុំវិញខ្លួន។
ក្រោយពីបានកត់សំគាល់ខ្លួនពីការផ្លាស់ប្ដូរជាវិជ្ជមាននេះមក ពិសាលបានរកខ្លួនឯងឃើញ បានធ្វើការផ្លាស់ប្ដូរជម្រើសរបស់ពីមនុស្សចូលចិត្តការស្ងៀមស្ងាត់មកជាមនុស្សសកម្មក្នុងសង្គមតាំងពីបានចូលរួមសកម្មភាពជាមួយប.យ.ក។ ពិសាលបានបង្ហាញពីក្ដីរំភើបចិត្តពីសកម្មភាពរបស់ប.យ.ក ដែលប.យ.កជាផ្ទះដ៏កក់ក្ដៅ ជាកន្លែងបណ្ដុះយុវជនក្មេងៗជាច្រើនឱ្យមានភាពក្លាហាន មានចំណេះដឹង មានជំនាញ និងមានឆន្ទះមោះមុត។ ពិសាលបាននិយាយទាំងទឹកមុខមានមោទនភាព៖ “ប.យ.កជាផ្ទះដ៏កក់ក្ដៅមួយ ដែលអនុញ្ញាតដល់យុវជនដុសខាត់សមត្ថភាពរបស់ខ្លួនឯង និងបង្ហាញសក្ដានុពលរបស់ខ្លួនទៅកាន់មនុស្សជុំវិញ”។
ដោយចំពោះក្ដីសង្ឃឹមចង់ក្លាយទៅជាគ្រូបង្រៀនម្នាក់ដែលអាចផ្ទេរចំណេះដឹងទៅកូនសិស្សឱ្យងាយយល់ មានន័យថាជាគ្រូបង្រៀនដែលមានគរុកោសល្យព្រោះតែខ្ញុំពីមុនមកទោះមានចំណេះដឹងប៉ុណ្ណាក៏មិនងាយផ្ទេរទៅអ្នកដទៃ។