រឿងនៃការផ្លាស់ប្រែ៖ ខ្ញុំពិតជាមានមោទនភាពចំពោះខ្លួនឯង!
ស្ថិតនៅវ័យ២៤ឆ្នាំ យុវតី រ៉ុម យ៉ារ៉ីជាកូនស្រីទី២នៃបងប្អូន៤នាក់ ស្ថិតនៅភូមិស្វាយដំណាក់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ យ៉ារ៉ីជាកូនកសិករ ជានិស្សិតថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្រ្តបរិស្ថាន។ នៅពេលបច្ចុប្បន្នយ៉ារ៉ីបានចូលបម្រើការងារជាបុគ្គលិកជំនួយការនៅអង្គការដៃគូ “ភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ ក្រោយពីបញ្ចប់ជាយុវជនហាត់ការជាមួយប.យ.ក។ យ៉ារ៉ីបានយកចំណេះ ជំនាញដែលបានទទួលពីប.យ.កទៅប្រើប្រាស់នៅកន្លែងការងាររបស់នាង។ នាងពិតជាមានមោទនភាពចំពោះខ្លួនឯងណាស់។
“បុគ្គលិកជាជំនួយការគម្រោងដែលតម្រូវការរបស់គេសុទ្ធសឹងតែជាអ្វីដែលខ្ញុំរៀនសូត្របានពីប.យ.កហើយខ្ញុំអាចនិយាយបានថាប.យ.ករួមចំណែកធំមួយនៅកន្លែងធ្វើការងារបច្ចុប្បន្ននេះ”
នៅមុនឆ្នាំ២០២៣ យ៉ារ៉ីជាមនុស្សម្នាក់ដែលមិនមានភាពក្លាហាន សូម្បីតែការនិយាយ មិនចង់ទៅណា ទៅតែសាលាចេញពីសាលាទៅផ្ទះ។ ហើយជាមនុស្សម្នាក់ដែលមិនមានទំនុកចិត្តលើខ្លួនឯង អត់មានភាពជឿជាក់ក្នុងការចូលរួមចំណោមមនុស្សច្រើន ដោយសារតែមានការមាក់ងាយលើរូបរាងកាយ ពេលជិះកង់ត្រូវបានគេមើលងាយ មិនដែលហ៊ានជិះកង់មុខគេទេ សកម្មភាពនេះ បានធ្វើឱ្យយ៉ារ៉ីមានការបាក់ស្បាតមិនហ៊ានទៅកន្លែងដែលឃើញមនុស្សច្រើនជាពិសេសកន្លែងដែលមានមនុសប្រុសច្រើន គឺរឹតតែធ្វើឱ្យលែងហ៊ានចូលសូម្បីតែដើរកាត់ទៅក្នុងហាងកាហ្វេ រឺពេលទៅទិញបាយ។ យ៉ារ៉ីបាននិយាយទាំងទឹកភ្នែកហូរ៖ “ខ្ញុំជាមនុស្សម្នាក់មិនចូលចិត្តនិយាយក្នុងចំណោមមនុស្សច្រើនទេព្រោះតែខ្ញុំគ្មានភាពក្លាហាន មិនភាពជឿជាក់ ព្រោះត្រូវបានគេមើលងាយលើរូបរាងកាយ សូម្បីតែពេលជិះកង់ខ្ញុំមិនដែលហ៊ានជិះមុខគេទេ ជិះតែពីក្រោយគេសកម្មភាពនេះបានធ្វើឱ្យខ្ញុំបាក់ស្បាតអត់ហ៊ាននៅពេលដែលយើងឃើញមនុស្សច្រើនជាពិសេសកន្លែងដែលមានមនុសប្រុសច្រើន ”។ មួយវិញទៀតយ៉ារ៉ីមិនមានភាពក្លាហានក្នុងការនិយាយជាសាធារណៈដោយសារតែចំពោះការបញ្ចេញមតិ នៅកន្លែងដែលយ៉ារ៉ីរស់នៅគឺបានហាមឃាត់មិនឱ្យមានការនិយាយរឺចែករំលែកពីរឿងនយោបាយ រឿងប្រវត្តិសាស្រ្តដែលខុសពីសៀវភៅដែលបានចែង ប្រសិនជាមិនស្ដាប់តាមការហាមឃាត់នេះទេនឹងត្រូវបានគេយកទៅណែនាំ និងរារាំងមិនឱ្យមានការបញ្ចេញមតិសូម្បីតែនៅលើបណ្ដាញសង្គម។ បើក្រឡេកទៅមើលការរៀនសូត្រវិញគឺនៅថ្នាក់បរិញ្ញាបត្រយ៉ារ៉ីបានសិក្សាផ្នែកវិទ្យសាស្រ្តបរិស្ថាន គឺមិនបានរៀនសូត្របានពេញលេញនោះទេ រៀនបានត្រឹមតែទ្រឹស្ដីមិនមានការអនុវត្ត ដោយសារតែបញ្ហាកូវីដ១៩ ហេតុផលទាំងអស់នេះកាន់តែធ្វើឱ្យយ៉ារ៉ីបាត់បង់ទំនុកចិត្តលើខ្លួនឯងមួយកម្រិតទៀត។ យ៉ារ៉ីបាននិយាយទាំងមុខក្រៀមក្រំថា៖ “ការបញ្ចេញមតិនៅទីដែលខ្ញុំធំធាត់ កន្លែងដែលខ្ញុំរៀន មិនឱ្យមានការបញ្ចេញមតិលើរឿងនយោបាយ ទៅលើរឿងប្រវត្តិសាស្រ្តជ្រុលរឺយើងរៀនប្រវត្តិសាស្រ្តខុសពីសៀវភៅដែលបានចែងនៅពេលយើងនិយាយអីដែលបានដឹងក្រៅពីនោះនោពេលដែលយើងចែករំលែកសរសេរចំណងជើងដែលប៉ះពាល់ដល់អ្នកកាន់អំណាចគឺមានការណែនាំ រារាំងមិនឱ្យបញ្ចេញមតិ”។
ដោយឡែកនៅខែកុម្ភៈ ឆ្នាំ២០២៣ យ៉ារ៉ីបានស្គាល់សមាគមបណ្ដាញយុវជនកម្ពុជា យ៉ារ៉ីបានប្រែផ្លាស់ប្ដូរទៅជាមនុស្សដែលមានភាពជឿជាក់មានទំនុកចិត្តលើខ្លួនឯងកាន់តែខ្ពស់ មានចំណេះដឹង មានភាពក្លាហាន មានគំនិតក្នុងការធ្វើសកម្មភាពដែលខ្លួនមិនធា្លប់ធ្វើពីមុន ចេះបត់បែន ហ៊ានឡើងនិយាយជាសាធារណៈ ហ៊ានក្នុងការលើកឡើងពីគំនិតរបស់ខ្លួនទៅកាន់មិត្តភក្តិថ្មី និងមនុស្សជុំវិញខ្លួន។ ការផ្លាស់ប្ដូរមួយនេះបាននៅពេលយ៉ារ៉ីបានចូលរួមវគ្គបណ្ដុះបណ្ដាលជាស៊េរីស្ដីពី ជំនាញការងារមូលដ្ឋាន និងជំនាញទន់ ការសិក្សាផ្នែកច្បាប់ មានច្បាប់ភូមិបាល ច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ជាយុវជនហាត់ការសហគមន៍ និងការចូលរួមសកម្មភាពជាច្រើនទៀតជាមួយប.យ.ក។ យ៉ារ៉ីបាននិយាយទាំងទឹកមុខរីករាយថា៖ “ខ្ញុំបានស្គាល់ប.យ.កហើយវាជាការផ្លាស់ប្ដូរមួយដោយសារតែខ្ញុំមកហ្នឹងថ្ងៃទី១ដែលខ្ញុំមករៀន ទទួលបានការស្វាគមន៍ច្រើនពីបុគ្គលិក មានអារម្មណ៍ថាមិត្តភក្តិដែលរៀនជាមួយគ្នាយើងដែរហ្នឹងគាត់ចុះសម្រុងមានភាពរស់រាយរាក់ទាក់គេអត់មានមើលលើមើលក្រោមយើង និងការរៀនពីច្បាប់ ការចុះទៅមូលដ្ឋាន ការរៀនវគ្គជាស៊េរីបានធ្វើឱ្យខ្ញុំមានទំនុកចិត្តជាងមុន”។ ក្រៅពីសកម្មភាពបណ្ដុះបណ្ដាលយ៉ារ៉ីបានចូលរួមព្រឹត្តិការណ៍ជិះកង់១០០០គីឡូមែត្រដើម្បីបរិស្ថាន ដែលជិះចេញពីខេត្តរតនគិរី ទៅកាន់ខេត្តកំពត នេះជាមោទនភាពនិងការផ្លាស់ប្ដូរមួយដ៏ប្រសើររបស់យ៉ារ៉ី។ ជាមួយគ្នានេះ យ៉ារ៉ីបានបង្កើតក្រុមស្រ្តីដែលមានឈ្មោះថា “នារីឃ្មុំ” ហើយយ៉ារ៉ីជាអ្នកសម្របសម្រួលក្រុមដោយបានធ្វើការសហការគ្នាជាមួយនិងក្រុមយុវជនផ្សេងទៀតធ្វើយុទ្ធនាការជិះកង់ដើម្បីចូលរួមក្នុងយុទ្ធនាការ១៦ថ្ងៃប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើស្រី្ត និងក្មេងស្រី។ កាន់តែពិសេសនៅខែ១១ ឆ្នាំ២០២៣ យ៉ារ៉ីទទួលបានឱកាសសរសេររបាយការណ៍ស្រាវជ្រាវស្ដីពីអនុផលព្រៃឈើនិងសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន នៅខេត្តព្រះវិហារ ដែលបានចេញផ្សាយ នៅខែកក្កដា ឆ្នាំ២០២៤។ សកម្មភាពទាំងអស់ខាងលើបានធ្វើឱ្យយ៉ារ៉ីប្រែក្លាយពីក្មេងស្រីដែលមិនហ៊ានសូម្បីតែមើលមុខអ្នកណាក្លាយជាអ្នកដឹកនាំវ័យក្មេងដ៏ពូកែ និងបានក្លាយជាបុគ្គលិកនៅអង្គការសង្គមស៊ីវិលដែលធ្វើការដើម្បីបរិស្ថានបានយ៉ាងពេញលេញ។
ជាក្ដីសង្ឃឹមទៅអនាគត យ៉ារ៉ីសង្ឃឹមថានឹងមានយុវជនមកពីខេត្តមានឱកាសរៀនសូត្រច្រើន និងចង់បន្តការសិក្សាស្រាវជ្រាវលើរបាយការណ៍ដែលបានចេញផ្សាយបន្ថែមទៀត វគ្គ២។