កម្មវិធី”ការកសាងទំនាក់ទំនងរវាងយុវជននិងសហគមន៍ ក្នុងកិច្ចការពារធនធានធម្មជាតិ”
Saturday 19 July 2025
កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ សមាគមបណ្តាញយុវជនកម្ពុជា បានរៀបចំកម្មវិធីការកសាងទំនាក់ទំនងរវាងយុវជននិងសហគមន៍ ក្នុងកិច្ចការពារធនធានធម្មជាតិ ទៅដែនជម្រកសត្វព្រៃសង្ឃសហគមន៍រុក្ខាវ័ន ខេត្តឧត្តរមានជ័យ ជាមួយនឹងអ្នកចូលរួមចំនួន ៣១នាក់ រួមមានស្រ្តី ១៣នាក់ LGBTIQ+ ១នាក់ និង ជនជាតិដើមភាគតិចកួយ ៣នាក់ ដែលជាសិស្សនិស្សិតនៅតាមសាកលវិទ្យាល័យនៅភ្នំពេញ សៀមរាប យុវជននិងសហគមន៍មកពីតំបន់ព្រៃឡង់។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង បង្កើតនិងកសាងបណ្តាញ វេទិការៀនសូត្រសម្រាប់យុវជនដែលមកពីតំបន់ផ្សេងៗគ្នា និងផ្លាស់ប្តូរបទពិសោធន៍ លើសកម្មភាពការពារធនធានធម្មជាតិ និងបង្កើតផែនការសកម្មភាពរួមសម្រាប់បញ្ហាសង្គម ។
ជាលទ្ធផល អ្នកចូលរួមបានឈ្វេងយល់ពីបទពិសោធន៍របស់យុវជន និងសហគមន៍ព្រៃឡង់ទាក់ទងនឹងកិច្ចការពារធនធានធម្មជាតិ ព្រៃឈើ និងធនធានជីវៈចម្រុះបាតសមុទ្រ រួមទាំងបញ្ហាប្រឈម ការជម្នះតស៊ូលើកិច្ចការការពារធនធានធម្មជាតិ ការចងក្រងជាបណ្តាញ វិធីសាស្រ្តក្នុងការដោះស្រាយបញ្ហានៅក្នុងសហគមន៍។
អ្នកចូលរួមក៏បានរៀនសូត្រពីអភិបាលកិច្ចល្អ គោលការណ៍ និងត្រាប់តាមការអនុវត្តគោលការណ៍អភិបាលកិច្ចល្អនៅក្នុងការដឹកនាំសហគមន៍មួយ។ បន្ថែមពីនេះ អ្នកចូលរួម បានស្តាប់ការចែករំលែកពីសហគមន៍អំពីសាវតារនៃការបង្កើតដែនជម្រកសត្វព្រៃសង្ឃសហគមន៍រុក្ខាវ័ន វិធីសាស្រ្តនៃការគ្រប់គ្រង និងវិធីសាស្រ្តក្នុងការទប់ស្កាត់បទល្មើសនៅក្នុងព្រៃ។
ក្រៅពីនេះ អ្នកចូលរួមក៏បានចូលរួមដាំកូនឈើចំនួន ៨០០០ដើម នៅក្នុងកម្មវិធីបុណ្យរុក្ខទិវា និងបានយល់ដឹងពីសារៈសំខាន់នៃធនធានធម្មជាតិ និងផ្សាភ្ជាប់ខ្លួនជាធម្មជាតិ។








