ការសិក្សាមួយ រកឃើញថា រយៈពេល២០ឆ្នាំ កម្ពុជា បាត់ព្រៃឡង់ជាង១សែនហិកតា
ថ្ងៃអង្គារ 11 សីហា 2020
ភ្នំពេញ៖ របាយការណ៍សិក្សាថ្មីមួយរបស់អង្គការ Jesuit of Service Cambodia(JSC) ក្រោមកិច្ចសហការជាមួយបណ្ដាញយុវជនកម្ពុជា (CYN) បង្ហាញថា រយៈពេល២០ឆ្នាំ កម្ពុជា បាត់បង់ព្រៃឡង់ជាង១សែនហិកតា គឺស្មើនឹង២៤ភាគរយនៃផ្ទៃដីព្រៃឡង់សរុប។ ការសិក្សានេះ គឺឡើងតាមការមើលទិដ្ឋភាពព្រៃឡង់នៅកម្ពុជា ពីផ្កាយរណប (Satellite) ៤លើកឡើង គឺឆ្នាំ១៩៩៩ ឆ្នាំ២០០០ ឆ្នាំ២០១៨ និង ឆ្នាំ២០១៩។
របាយការណ៍របស់ JSC និង CYN ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ សរសេរថា ព្រៃឈើនៅតំបន់ព្រៃឡង់ជាង១សែនហិកតា (១០២ ៤៣៦ហិកតា) ត្រូវបានបំប្លែងទៅជាដីចម្ការ និងទីតាំងស្នាក់នៅរបស់ពលរដ្ឋ។ របាយការណ៍ បន្តថា រូបភាពនៃការបាត់បង់ព្រៃឈើនេះ គឺអាចមើលឃើញយ៉ាងច្បាស់តាមរយៈផ្កាយរណប ដែលថតនៅអំឡុងឆ្នាំ២០១៩និង២០២០។
ផ្អែកលើរបាយការណ៍ដដែល ផ្ទៃដៃនៃព្រៃឡើងជាង១សែនហិកតា ដែលបាត់បង់នោះ បានក្លាយជាទីរហោឋាន ក្លាយជាចម្ការដំណាំផ្សេងៗ ក្លាយជាតំបន់ដើមឈើឡើងវិញ ដូចជា កៅស៊ូ ជាដើម និង ក្លាយជាតំបន់រស់នៅរបស់ប្រជាជន។
ព្រៃឡង់ ស្ថិតក្នុងខេត្ត៤ គឺក្រចេះ ស្ទឹងត្រែង កំពង់ធំ និង ព្រះវិហារ ត្រូវបានដាក់ជាតំបន់ការពារកាលពីឆ្នាំ២០១៦។ យ៉ាងណាក៏ដោយ បណ្ដាញសហគមន៍ព្រៃឡង់ នៅតែបន្តរាយការណ៍ពីការកើនឡើងនៃសកម្មភាពកាប់ព្រៃឈើនៅតំបន់ព្រៃឡង់ដដែល។
របាយការណ៍របស់អង្គការ Global Forest Watch បានបង្ហាញថា នៅចន្លោះឆ្នាំ២០០១ ដល់២០១៨ តំបន់ការពារនៅកម្ពុជា បានបាត់បង់ព្រៃឈើជាង៥,៥សែនហិកតា ដែលស្មើនឹង១១,៧ភាគរយនៃតំបន់ការពារសរុបនៅកម្ពុជា។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន អះអាងកន្លងមកថា ក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ ២០២០នេះ អនុរក្សពីក្រសួងបរិស្ថាន បានចុះល្បាតតំបន់ការពារជាង១ម៉ឺន៣ពាន់លើក និងបង្ក្រាបបទឧក្រិដ្ឋជាង៣ពាន់ករណី។ បទល្មើសជាង៣ពាន់ករណីនេះ គឺមានជាង៣០០ករណីត្រូវបានបញ្ជូនទៅតុលាការ។ លើសពីនេះ លោកបញ្ជាក់ថា មានរថយន្តជាង២៥០០គ្រឿងត្រូវបានរឹបអូសនិងពិន័យជាប្រាក់បាន៤៣៣ករណី។
លោក បញ្ជាក់ថា៖«ក្រសួងបរិស្ថានទទួលស្គាល់ថា ទោះបីជាមានការខិតខំប្រឹងប្រែងទប់ស្កាត់និងបង្ក្រាបបទល្មើសទាំងយប់ថ្ងៃ ប៉ុន្តែបទល្មើសធនធានធម្មជាតិទ្រុងទ្រាយតូចៗនៅតែកើតមាន។ សមត្ថកិច្ចក្រសួងបរិស្ថាននឹងបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធ [ដើម្បី] បង្ក្រាបនិងទប់ស្កាត់បន្តទៀត»៕
ប្រភព៖ ថ្មីៗ