សេចក្តីថ្លែងការណ៍រួមទាមទារឱ្យរដ្ឋាភិបាលបើកលំហសេរីភាពដល់សហគមន៍មូលដ្ឋាន និងអង្គការសង្គមស៊ីវិល

សេចក្តីថ្លែងការណ៍រួមទាមទារឱ្យរដ្ឋាភិបាលបើកលំហសេរីភាពដល់សហគមន៍មូលដ្ឋាន និងអង្គការសង្គមស៊ីវិល
ថ្ងៃ​ព្រហស្បតិ៍ 28 មិនា 2024

សេចក្តីថ្លែងការណ៍រួម

ទិវាព្រៃឈើអន្តរជាតិ ខួបទី១៣ ឆ្នាំ២០២៤

ក្រោមមូលបទ “និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ”

ភ្នំពេញ, ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៤

ក្នុងឱកាសនៃការប្រារព្ធទិវា ព្រៃឈើពិភពលោក ខួបទី១៣ ឆ្នាំ២០២៤ ក្រោមមូលបទស្តីពី “និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ” ក្រុមយុវជន សហគមន៍ សហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាល សូមអំពាវនាវដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន មេត្តា​បើក​លំហសេរីភាពឱ្យ សហគមន៍មូលដ្ឋាន ក៏ដូចជាក្រុមសង្គមស៊ីវិល អាចចូលរួមការពារព្រៃឈើ ដោយអាចចូលល្បាតព្រៃឡើង វិញដោយសេរី និងគ្មានការគំរាមកំហែង និងបំភិតបំភ័យក្នុងគ្រប់រូបភាព ។ ទន្ទឹមនឹងនេះ យើងខ្ញុំមានព្រួយបារម្ភជា​ ខ្លាំង ចំពោះការមិនទាន់អនុវត្តឱ្យបានពេញលេញគ្រប់ជ្រុងជ្រោយ ទៅលើគោលនយោបាយស្តីពីកិច្ចការពារព្រៃឈើ ការព្រងើយកន្តើយ និងពុំបានយកចិត្តទុកដាក់ដោះស្រាយនូវរាល់សំណូមពរ ក៏ដូចជាក្តីកង្វល់នានាដែលបាន លើកឡើងដោយសាធារណជន ជុំវិញបញ្ហាវិនាសកម្មព្រៃឈើនៅក្នុងប្រទេសកម្ពុជា ។

បច្ចុប្បន្ននេះ យើងខ្ញុំមើលឃើញថារាជរដ្ឋាភិបាល បានខិតខំបង្កើននូវចំនួនតំបន់ការពារធនធានធម្មជាតិ ច្បាប់ និងបទដ្ឋានគតិយុត្តិផ្សេងៗជាច្រើន ក្នុងន័យការពារ និងអភិរក្សធនធានធម្មជាតិ ក៏ប៉ុន្តែវិធានការណ៍ទាំងនេះ ពុំទាន់បានដោះស្រាយនូវបញ្ហានៃការកើនឡើងនូវសកម្មភាពកាប់បំផ្លាញ និងឈូសឆាយដីព្រៃជាច្រើនហិកតា ទាំងនៅក្នុងដែនជម្រកសត្វព្រៃដូចជា ព្រៃឡង់ បឹងពែរ ព្រៃព្រះរកា និងតំបន់ព្រៃឈើ​ដទៃទៀតជារៀងរាល់ថ្ងៃ នោះទេ។ ការកែប្រែដីតំបន់ការពារទៅជាទម្រង់ដីសម្បទានកិច្ច និងការអនុប្រយោគក្នុងរូបភាពជួល អំណោយ និងផ្ទេរកម្មសិទ្ធិ នៅតែបន្តកើតមានឡើង ។

សកម្មភាពនេះបានធ្វើឱ្យគម្របព្រៃឈើរបស់ប្រទេសកម្ពុជារយៈពេលពីរទសវត្សរ៍ចុងក្រោយបានបន្តធ្លាក់ចុះរហូតដល់១៤.២៩%[1] ត្រឹមឆ្នាំ២០១៨ ។ ទន្ទឹមនឹងនេះនិន្នាការនៃការទន្ទ្រានដីយកមកធ្វើជាកម្មសិទ្ធិឯកជន ដោយខុសច្បាប់ បានបន្តគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបន្ថែមទៀតដល់តំបន់ព្រៃឈើ តំបន់ការពារធម្មជាតិ តំបន់ ព្រៃលិចទិកនៃបឹងទន្លេសាប និងព្រៃសហគមន៍ ។

ក្រៅពីការផ្តល់នូវជីវៈចម្រុះ មុខរបររដល់ប្រជាពលរដ្ឋ ក៏ដូចជាការពារមនុស្សជាតិពីការឡើងកំដៅនៃ ភព​ផែនដី ព្រៃឈើក៏ផ្តល់អត្ថប្រយោជន៍ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាវប្បធម៌ និងលើកកម្ពស់សិទ្ធិនៃ សហគមន៍ជនជាតិដើមភាគតិច ហើយជាផ្នែកមួយដ៏សំខាន់ដើម្បីទ្រទ្រង់ជាខ្យល់ដង្ហើមរាល់ជីវិតមនុស្សជាតិ។  ដូច្នេះយើងទាំងអស់គ្នាជាក្រុមយុវជន សហគមន៍ សហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាល  សូមអំពាវនាវ ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងស្ថាប័នមានសមត្ថកិច្ចដូចខាងក្រោម៖

១. ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលព្រៃឈើ គណកម្មការបង្ក្រាបបទល្មើសព្រៃឈើ និងរដ្ឋបាលថ្នាក់ក្រោមជាតិ គួរយកចិត្តទុកដាក់លើការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនតាមបញ្ញត្តិនៃច្បាប់ស្តីពី ព្រៃឈើ កម្មវិធីព្រៃឈើជាតិ ក្រមបរិស្ថាន និងធនធានធម្មជាតិ និងគោលនយោបាយនានា សម្រាប់កិច្ចការងារអភិរក្ស និងការពារធនធានធម្មជាតិប្រកបដោយស័ក្តិសិទ្ធភាព ។

២. ក្រសួងពាក់ព័ន្ធ គួរពង្រឹងការអនុវត្តការងាររបស់មន្ត្រីឧទ្យានុរក្ស និងធ្វើអធិការកិច្ចវិជ្ជាជីវៈជាទៀងទាត់ លើគុណភាពនៃការបំពេញការងាររបស់មន្ត្រីទាំងនោះ និងលើកទឹកចិត្តដល់មន្ត្រីឧទ្យានុរក្សទាំងឡាយណា ដែលអនុវត្ត ការងារមានប្រសិទិ្ធភាព​។ អាជ្ញាធរត្រូវផ្តន្ទាទោសលើមន្ត្រី និងអាជ្ញាធរមូលដ្ឋានរូបណាដែល ហ៊ានទទួលលុយពីបទល្មើសព្រៃឈើ ចំណែកការធ្វេសប្រហែសផ្នែកវិជ្ជាជីវៈត្រូវទទួលខុសត្រូវផ្នែករដ្ឋបាល ដោយខានពុំបាន ដល់អ្នកប្រព្រឹត្តដល់បណ្តាញឧក្រិដ្ឋកម្មព្រៃឈើ ។

៤. ប្រមុខថ្នាក់ដឹកនាំ និងក្រសួងបរិស្ថាន បន្តកិច្ចសហការណ៍យ៉ាងល្អជាមួយសហគមន៍ បន្តបើកលំហសេរីភាព ក៏ដូចជាឱកាសដល់សាធារណៈ សារព័ត៌មានជាតិ និងអន្តរជាតិ អង្គការសង្គមស៊ីវិលចូលរួមយ៉ាងសកម្ម លើកិច្ចការពារធនធានធម្មជាតិ បើកសិទ្ធិសេរីភាពឱ្យសហគមន៍ចូលល្បាតព្រៃឡើងវិញដោយសេរី និងគ្មាន ការគំរាមកំហែង និងបំភិតបំភ័យ ដើម្បីផ្តល់ផលដោយផ្ទាល់ និងដោយប្រយោលដល់មនុស្សជាតិ ទាំងមូល។

៤. ធានាអំពីប្រសិទ្ធភាព និង​តម្លាភាពក្នុងដំណើរការនៃការចូលរួមពិគ្រោះយោបល់ជាសារធារណៈ ព្រមទាំង សិទ្ធិក្នុងការចូលរួមសម្រេចចិត្ត ជាមួយសហគមន៍មូលដ្ឋាន សង្គមស៊ីវិល និងភាគីពាក់ព័ន្ធ នូវរាល់គម្រោង អភិវឌ្ឍន៍ទាំងឡាយណាដែលអាចបង្កផល់ប៉ះពាល់ដល់សិទ្ធិរបស់ពួកគេ​ ព្រមទាំងផ្សព្វផ្សាយជាសាធារណៈ នូវរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន  ។​

៥. សូមបញ្ឈប់ជាបន្ទាន់នូវកាគំរាមកំហែង សូមដកពាក្យបណ្តឹង និងទម្លាក់ចោលការចោទប្រកាន់ ទៅលើ​ សកម្មជនការពារព្រៃឈើទាំងអស់ ដើម្បីឱ្យគាត់មានសេរីភាពក្នុងការការពារព្រៃឈើ និងធនធានធម្មជាតិ ៕

ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម៖

  • លោក ម៉ើ ​ចាន់ដារ៉ា ប្រធានកម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន សមាគមបណ្តាញយុវជនកម្ពុជា​ លេខទំនាក់ទំនង ០៨១ ៣៣២ ៣៤០
  • លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិ នៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ លេខទំនាក់ទំនង ០១៥ ៩៩៨ ៥៥៥
  • កញ្ញា ប៉ាញ ចិន្តា អនុប្រធានគម្រោងបរិស្ថាន ជេអេសស៊ីអង្គការជេស្វីតសឺវឺសកម្ពុជា លេខទំនាក់ទំនង ០១៥ ៥៨៥ ២១៤
  • លោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លេខទំនាក់ទំនង ០៩៦ ២៤២៤ ៣៩៣

[1] ក្រសួងបរិស្ថាន, របាយការណ៍ស្ថានភាពបរិស្ថាន លើកទីបួន (ភ្នំពេញ៖ អគ្គនាយដ្ឋានចំណោះដឹង និងព័ត៌មានបរិស្ថាន, ២០២១)។

Recent Posts