សេចក្តីថ្លែងការណ៍រួម សូមបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើអង្គការសង់ត្រាល់ ពាក់ព័ន្ធនឹងរបាយការណ៍រោងចក្រកាន់តែប្រសើរ
ការសម្រេចចិត្តរបស់ក្រសួងមហាផ្ទៃ ក្នុងការពិនិត្យមើល ទៅលើញត្តិដែលបានទទួល និងមើលអំពីលទ្ធភាពដែលអាចធ្វើការស៊ើបអង្កេតលើ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) ឬ អង្គការ សង់ត្រាល់ ពាក់ព័ន្ធនឹងការចេញផ្សាយរបាយការណ៍របស់ស្ថាប័ននេះ អំពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factories Cambodia) គឺជាការឆ្លើយតបបែបអវិជ្ជមាន និងជាការព្យាយាមបំភិតបំភ័យទៅលើអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងធ្វើការងារដើម្បីជួយធ្វើឱ្យកាន់តែប្រសើរឡើង នូវសេរីភាពរបស់សហជីព សម្រាប់កម្មករ និងសហជីពនៅកម្ពុជា ។
គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា គឺជាកម្មវិធីមួយរួមគ្នារវាងពីអង្គការការងារអន្តរជាតិ (ILO) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ។ ទាំងអង្គការការងារអន្តរជាតិ និង សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ យល់យ៉ាងច្បាស់ថា សង្គមស៊ីវិលគួរតែត្រូវបានអនុញ្ញាតឱ្យមានការចូលរួម ផ្តល់យោបល់ និងរិះគន់ដោយសេរី ទៅលើសកម្មភាពរបស់ស្ថាប័នទាំងពីរ ដើម្បីពង្រឹងប្រសិទិ្ធភាពការងាររបស់ខ្លួន ។ របាយការណ៍របស់អង្គការ សង់ត្រាល់ គឺជាសកម្មភាពចូលរួមយ៉ាងច្បាស់ ដោយអំពាវនាវដល់គម្រោងរោងចក្រកាន់តែប្រសើរ ឱ្យធ្វើការកែប្រែ ឱ្យរបាយការណ៍របស់ខ្លួនអាចឱ្យសហជីពនិងកម្មករទាញយកបាន ឱ្យបង្កើតយន្តការបណ្តឹងសារទុក្ខសម្រាប់ចំនុចដែលមិនត្រឹមត្រូវនៅក្នុងរបាយការណ៍វាយតម្លៃរបស់គម្រោង ។ របាយការណ៍ក៏បានលើកឡើងនូវបញ្ហាមួយចំនួនដែលកំពុងកើតមានឡើងនៅក្នុងវិស័យការងារ ។
អនុសាសន៍មួយចំនួននៃរបាយការណ៍នេះ ផ្តោតទៅលើកម្មករមួយចំនួន នៅក្នុងការវាយតម្លៃរោងចក្រដែលមានផលិតផលនាំចេញ ដែលស្ថិតនៅក្រោមគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ។ ការអះអាងដែលថារបាយការណ៍នេះ “ធ្វើឱ្យប៉ះពាល់អវិជ្ជមាន” ដល់គម្រោងរោងចក្រកាន់តែប្រសើរ ឬដល់ស្ថានភាពរបស់កម្មករ និងសហជីពនៅកម្ពុជា គឺមិនត្រឹមត្រូវនោះទេ ។ លើសពីនេះ សកម្មភាពនេះ ហាក់ដូចជាលេសមួយ ដើម្បីបំភិតបំភ័យស្ថាប័នមួយដែលកំពុងការពារសិទិ្ធកម្មករ ។ ការអះអាងនេះ គួរត្រូវបានបដិសេធឱ្យបានឆាប់រហ័ស ពីគ្រប់ស្ថាប័នទាំងអស់ ដែលពាក់ព័ន្ធក្នុងការធានានូវការគោរពសិទិ្ធការងារ និងសិទិ្ធមនុស្ស នៅកម្ពុជា ។
យើងខ្ញុំមិនយល់ស្របចំពោះការអំពាវនាវដល់ក្រសួងដែលពាក់ព័ន្ធ ឱ្យមានការស៊ើបអង្កេតទៅលើការផ្តល់ជំនួយហិរញ្ញវត្ថុ និងដំណើរការសកម្មភាពការងាររបស់អង្គការ សង់ត្រាល់ ដោយយកមូលហេតុមិនត្រឹមត្រូវ ស្តីពីការជ្រៀតជ្រែកនិងការគ្រប់គ្រងរបស់រដ្ឋបរទេសលើសង្គមស៊ីវិលនៅកម្ពុជា ។ យើងខ្ញុំក៏យល់ផងដែរថា អង្គការ ឬកម្មករ ឬសហជីពណាក៏ដោយ ក៏មានសេរីភាពក្នុងការមិនយល់ស្រប ទៅលើការរកឃើញនៅក្នុងរបាយការណ៍របស់អង្គការ សង់ត្រាល់ ។ ប៉ុន្តែការស្នើសុំឱ្យមានការប្រើប្រាស់វិធានការរដ្ឋបាល ដើម្បីដាក់ទណ្ឌកម្មលើអ្នកធ្វើការងារលើសិទិ្ធកម្មករ គឺជាការរំលោភទៅលើសិទិ្ធសេរីភាពក្នុងការបញ្ចេញមតិ ។ សកម្មភាពនេះក៏ធ្លាប់ត្រូវបានធ្វើឡើង ដើម្បីវាយប្រហារ ផ្អាកឬព្យួរសកម្មភាពការងាររបស់ក្រុមសង្គមស៊ីវិលមួយចំនួនផងដែរ ។ ហើយសកម្មភាពនេះទៀតសោត ក៏មិនបានជួយធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជានោះទេ ។
យើងខ្ញុំសូមអំពាវនាវដល់អង្គការពលកម្មអន្តរជាតិ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សូមទទួលស្គាល់ជាសាធារណៈ នូវតម្លៃនៃការសិក្សាស្រាវជ្រាវដែលរិះគន់សំដៅដល់ធ្វើឱ្យកាន់តែប្រសើរឡើងនូវដំណើរការ និងសកម្មភាពការងាររបស់គម្រោងនៃស្ថាប័នខ្លួន ។ យើងខ្ញុំអំពាវនាវដល់សហជីពដែលមិនយល់ស្រប អាចធ្វើការលើកឡើងនូវការព្រួយបារម្ភរបស់ខ្លួនជាសាធារណៈ និងធ្វើការសិក្សាស្រាវជ្រាវផ្ទាល់ខ្លួន ហើយអាចធ្វើការពិភាក្សាអំពីបញ្ហាទាំងនោះ ។ យើងខ្ញុំក៏សូមអំពាវនាវដល់រាជរដ្ឋាភិបាល សូមមរក្សាជំហរនិងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគោរពនូវសេរីភាពក្នុងការបញ្ចេញមតិ និងអនុញ្ញាតឱ្យអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ អាចធ្វើការងាររបស់ខ្លួន ដោយសេរី ជៀសផុតពីការរំលោភបំពាន និងការឆ្លើយតបជាអវិជ្ជមាន ដោយគ្រាន់តែស្ថាប័នទាំងនោះធ្វើការរិះគន់ ។
សេចក្តីថ្លែងការណ៍នេះ គាំទ្រដោយ៖
- សហគមន៍ដីធ្លី ១៩៧ (កោះកុង)
- សហគមន៍អមលាំង (កំពង់ស្ពឺ)
- សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
- សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
- សហគមន៍បឹងពីរ (បាត់ដំបង)
- សហគមន៍បឹងប្រាំ (បាត់ដំបង)
- មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
- មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ (CCIM)
- សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
- សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
- វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
- សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)
- បណ្តាញយុវជនកម្ពុជា (CYN)
- សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
- គណ:កម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
- សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
- សហគមន៍ដក់ពរ (កំពង់ស្ពឺ)
- អង្គការសមធម៌កម្ពុជា (EC)
- អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
- សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
- សហគមន៍ជនជាតិដើមភាគតិចកួយ (ព្រះវិហារ)
- សហគមន៍ជនជាតិដើមភាគតិចកួយឃុំងន (កំពង់ធំ)
- សហគមន៍ជនជាតិដើមភាគតិចកួយឃុំប្រមេរុ ខេត្តព្រះវិហារ
- សហគមន៍ដីធ្លីខេត្តប៉ៃលិន
- សហគមន៍មានជ័យ (ស្វាយរៀង)
- សហគមន៍អូរបាត់មាន់ (ឧត្តរមានជ័យ)
- សហគមន៍ពង្រកជ័យល័ក្ខ (កំពត)
- សហគមន៍ព្រៃឈើពេជ្រចង្វាល្អឆើត (កំពង់ឆ្នាំង)
- បណ្តាញសហគមន៍ព្រៃឡង់
- សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
- សហគមន៍ភ្នំក្រោម (សៀមរាប)
- សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
- សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
- អង្គការសមាគមធាងត្នោត (ស.ធ.ត)
- សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
- សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
- សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ (ព្រះវិហារ)
- សហគមន៍ដីធ្លីស្រែប្រាំង (ត្បូងឃ្មុំ)
- សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
- សហគមន៍ដីធ្លី ឃុំត្នោតជុំ (ពោធិ៍សាត់)
- សហគមន៍ដីធ្លីតានី (សៀមរាប)
- សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
- កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)