សេចក្តីថ្លែងការណ៍រួម ការផ្តន្ទាទោសលើសកម្មជនចលនាមាតាធម្មជាតិ គឺជារឿងគួរឱ្យអាម៉ាស់
សេចក្តីថ្លែងការណ៍រួម
ការផ្តន្ទាទោសលើសកម្មជនចលនាមាតាធម្មជាតិ គឺជារឿងគួរឱ្យអាម៉ាស់
ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០២៤
សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តន្ទាទោសទៅលើសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ ចំនួន ១០រូប ដោយដាក់ពន្ធនាគារពី ៦ ទៅ ៨ ឆ្នាំ ហើយចាប់ខ្លួនអ្នកទាំងនោះនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ នេះគឺជារឿងដែលគួរឱ្យអាម៉ាស់យ៉ាងខ្លាំងសម្រាប់ជាតិយើង ។ ការបំបិទសំឡេងរបស់សកម្មជនបរិស្ថាន និងការចោទប្រកាន់ថា សកម្មភាពតស៊ូមតិដោយសន្តិវិធីរបស់ពួកគេ ជាការគំរាមកំហែងដល់សន្តិសុខជាតិ នេះគឺធ្វើឱ្យប្រព័ន្ធយុត្តិធម៌រងភាពអាម៉ាស់ ។
អាជ្ញាធរមានសមត្ថកិច្ចគួរតែស្តាប់ និងចូលរួមធ្វើការជាមួយយុវជន និងសកម្មជនបរិស្ថាន ហើយសូមមេត្តាបញ្ឈប់ការចំណាយធនធាន ដើម្បីធ្វើទុក្ខបុកម្នេញ គំរាមកំហែង និងដាក់ទោសទៅលើយុវជនក្មេងៗដែលក្លាហាន និងមានឆន្ទៈខ្ពស់ក្នុងការការពារធនធានធម្មជាតិដ៏មានតម្លៃបំផុតរបស់កម្ពុជា ។
សកម្មជន ៤រូប ដែលរួមមាន លោក ថុន រដ្ឋា អាយុ ៣២ ឆ្នាំ លោក លី ចាន់ដារ៉ាវុត អាយុ ២៤ ឆ្នាំ កញ្ញា ឡុង គន្ធា អាយុ ២៦ ឆ្នាំ និងកញ្ញា ភួន កែវរស្មី អាយុ ២៣ ឆ្នាំ អ្នកទាំង ៤ បានជួបជុំជាមួយអ្នកគាំទ្រ និងគ្រួសាររបស់ពួកគេនៅខាងក្រៅតុលាការដើម្បីស្តាប់ការប្រកាសសាលក្រម ។ កងកម្លាំងនគរបាលយ៉ាងតិចណាស់ ៥០ នាក់ បានស្ទុះចូលទៅចាប់ខ្លួន ដោយមានការអូសយ៉ាងកំរោល និងរុញច្រានពួកគេឱ្យចូលទៅក្នុងរថយន្តដែលបានត្រៀមទុក ។ យ៉ាងតិចណាស់ មានសកម្មជនពីរនាក់ក្នុងចំណោមអ្នកទាំង ៥ ត្រូវបានចាប់ក្រៀកកឱ្យចូលក្នុងរថយន្ត ។ នៅពេលនោះអ្នកទាំង ៥ មិនបានរើបំរះពីការចាប់ខ្លួននោះទេ ហើយអ្នកទាំងនោះក៏មិនដែលបង្កការគំរាមកំហែងដល់អាជ្ញាធរមានសមត្ថកិច្ច ឬកងកម្លាំងសន្តិសុខនោះដែរ ។ ការចាប់ខ្លួនសកម្មជនយ៉ាងឃោរឃៅ និងកំរោល គឺមិនអាចទទួលយកបានទេ ។
មិនមាននរណាម្នាក់ បានដឹងថា នៅពេលណាឱ្យពិតប្រាកដ លោក យីម លាងហ៊ី អាយុ ៣៥ ដែលជាសកម្មជនមាតាធម្មជាតិ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅពន្ធនាគារនោះទេ ។ លោកមិនមានវត្តមាននៅមុខតុលាការនោះទេ នៅពេលព្រឹកនោះខណៈដែលតុលាការប្រកាសសាលក្រមផ្តន្ទាទោសលើរូបលោក ។ ជុំវិញការប៉ះទង្គិចគ្នានេះ នគរបាលក៏បានចាប់ និងឃាត់ខ្លួន អ្នកស្រី អេង សុខា ជាសកម្មជនម្នាក់ដែលមិនពាក់ព័ន្ធនឹងករណីខាងលើនេះ ប៉ុន្តែក្រោយមកអ្នកស្រីត្រូវបានអាជ្ញាធរដោះលែងវិញ ។
ការសម្រេចចិត្តមិនត្រឹមត្រូវរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការបំបែកសកម្មជនទាំង ៥នាក់ ទៅកាន់ពន្ធនាគារផ្សេងៗគ្នានៅទូទាំងប្រទេស ហើយឆ្ងាយពីផ្ទះរបស់ពួកគេ នឹងបន្ថែមនូវការឈឺចាប់ ដែលសកម្មជន និងក្រុមគ្រួសាររបស់ពួកគេកំពុងទទួលរង ។ យោងតាមព័ត៌មានផ្លូវការ លោក យីម លាងហ៊ី ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺ លោក ថុន រដ្ឋា ត្រូវបានបញ្ជូនទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី ៣ (ម៣) នៅក្នុងខេត្តត្បូងឃ្មុំ ។ លោក លី ចាន់ដារ៉ាវុត ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល រីឯកញ្ញា ភួន កែវរស្មី ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តពោធិ៍សាត់ ហើយកញ្ញា ឡុង គន្ធា ត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារខេត្តព្រះវិហារ ។ ទង្វើដែលមិនធ្លាប់មានពីមុនមកនេះ គឺច្បាស់ណាស់ ក្នុងគោលបំណងបំបាក់ស្មារតីសកម្មជនយុវជន ក៏ដូចជាដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរដល់ក្រុមគ្រួសាររបស់ពួកគេ ដែលនឹងត្រូវធ្វើដំណើររាប់រយគីឡូម៉ែត្រទៅសួរសុខទុក្ខមនុស្សជាទីស្រលាញ់ ឬផ្តល់សម្ភារៈសំខាន់ៗសម្រាប់ប្រើប្រាស់ នៅក្នុងពន្ធនាគារកំពុងមានការខ្វះខាតធនធាន ។ សេចក្តីសម្រេចឃុំខ្លួនលោក ថុន រដ្ឋា នៅក្នុងមណ្ឌលអប់រំកែប្រែទី ៣ គឺជាការរំលោភទៅលើប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពីការកំណត់គោលដៅឃុំឃាំងជនជាប់ឃុំ សម្រាប់មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ឆ្នាំ ២០២២ ។ លើសពីនេះ ការឃុំខ្លួនសកម្មជនទាំង ៥ នៅតាមពន្ធនាគារខេត្តផ្សេងៗគ្នា គឺជាការរំលោភទៅលើបទដ្ឋានអន្តរជាតិស្តីពីការប្រព្រឹត្តិបែបមនុស្សធម៌ទៅលើអ្នកជាប់ឃុំ ។
សម្រាប់ដៃគូអភិវឌ្ឍន៍មួយចំនួន ដែលអះអាងថាខ្លួនតែងតែយកចិត្តទុកដាក់ចំពោះបរិស្ថានរបស់ប្រទេសកម្ពុជា៖ ឥឡូវនេះដល់ពេលដែលអ្នកទាំងនោះត្រូវបញ្ចេញសំឡេងរបស់ខ្លួន ដោយអំពាវនាវឱ្យមានការដោះលែងសកម្មជនទាំងនេះជាបន្ទាន់ ។ ការខកខានក្នុងការចូលរួមស្វែងរកដំណោះស្រាយទៅលើបញ្ហានៃការផ្តន្ទាទោសមិនត្រឹមត្រូវនេះ គឺស្មើនឹងការចូលរួមរំលោភបំពានសិទិ្ធសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋកម្ពុជាយ៉ាងធ្ងន់ធ្ងរ ។ គ្មានសកម្មភាពបរិស្ថានណាផ្សេង ដែលដៃគូអភិវឌ្ឍន៍ទាំងនោះ អាចធ្វើ ដើម្បីលុបលាង កំហុសធ្ងន់ធ្ងរផ្នែកសីលធម៌របស់អ្នកនោះទេ ប្រសិនបើអ្នកនៅតែបន្តរក្សាភាពស្ងៀមស្ងាត់ទៅលើទង្វើនៃការផ្តន្ទាទោសមិនត្រឹមត្រូវ ទៅលើសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ ។
សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិដែលបានផ្តន្ទាទោស រួមមានសកម្មជនទាំង ៥នាក់ ដែលបានរាយនាមខាងលើ កញ្ញា ស៊ុន រដ្ឋា លោក អាឡិចសាន់ដ្រូ ហ្គ៊តស្សាលេស ដេវីដសុន លោក ប៉ិញ ពិសិដ្ឋ កញ្ញា រ៉ី រក្សា និងលោក ពក ខើយ ។ សកម្មជនទាំង ១០រូប ត្រូវបានផ្តន្ទាទោសពីបទ រួមគំនិតក្បត់ប្រឆាំងនឹងរាជរដ្ឋាភិបាល យោងតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដែលករណីនេះកើតចេញពីសកម្មភាពតស៊ូមតិផ្នែកបរិស្ថានរយៈពេលមួយទសវត្សរ៍ ដោយចលនាមាតាធម្មជាតិពី ឆ្នាំ២០១២ ដល់ឆ្នាំ ២០២១ ។ សកម្មជនម្នាក់ៗត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៦ឆ្នាំ ទៅលើបទចោទ រួមគំនិតក្បត់ ខណៈដែល កញ្ញា ស៊ុន រដ្ឋា លោក លាងហ៊ី និងលោក អាឡិចសាន់ដ្រូ ហ្គ៊តស្សាលេស ដេវីដសុន ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៨ឆ្នាំ និងពិន័យប្រាក់ចំនួន ១០លាន រៀល (ប្រមាណ ២.៥០០ ដុល្លាអាមេរិច) បន្ទាប់ពីពួកគេត្រូវបានផ្តន្ទាទោសពីបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ យោងតាមមាត្រា ៤៣៧ (ស្ទួន)។
បន្ថែមពីនេះតុលាការក៏បានសម្រេចហាមប្រាម លោក ហ្គ៊តស្សាលេស ដេវីដសុន ចូលមកកាន់ប្រទេសកម្ពុជា ជាអចិន្ត្រៃយ៍ បន្ទាប់ពីលោកបានអនុវត្តទោសរួច ។ បុរសសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានបណ្តេញចេញពីប្រទេសក្នុងឆ្នាំ ២០១៥ ហើយត្រូវបានផ្តន្ទាទោសកំបាំងមុខដោយគ្មានជម្រើសក្នុងការការពារខ្លួននៅក្នុងតុលាការ ។
ការដាក់គោលដៅលើចលនាមាតាធម្មជាតិ បានអូសបន្លាយជិតមួយទសវត្សរ៍មកហើយ ប៉ុន្តែក្រុមសកម្មជនបរិស្ថានជាយុវជនទាំងនេះនៅតែមិនព្រមឈប់ និងនៅស្ងៀមនោះទេ ។ លោក ថុន រដ្ឋា កញ្ញា គន្ធា និងកញ្ញា កែវរស្មី ត្រូវបានផ្តន្ទាទោសពីបទ ញុះញង់ កាលពីខែឧសភា ឆ្នាំ២០២១ កន្លងទៅ ទាក់ទងនឹងយុទ្ធនាការដើរតែម្នាក់ឯង ដើម្បីតស៊ូមតិជំទាស់នឹងការលុបបឹងតាមោកក្នុងរាជធានីភ្នំពេញ ។ ការផ្តន្ទាទោសទៅលើពួកគេត្រូវបានតម្កល់ដោយសាលាឧទ្ធរណ៍ភ្នំពេញ ហើយទោសរបស់ពួកគេដែលនៅសល់ត្រូវបានព្យួរ ដោយតុលាការកំពូល ។ ទោះបីជាពួកគេត្រូវបានអនុញ្ញាតឱ្យចេញពីពន្ធនាគារក៏ដោយ អ្នកទាំងនោះត្រូវបានតុលាការដាក់ឱ្យនៅក្រៅឃុំជាមួយលក្ខខណ្ឌយ៉ាងតឹងរ៉ឹងមួយចំនួន ។
ការប្រើប្រាស់ការចោទប្រកាន់ដែលមិនត្រឹមត្រូវទាំងនេះ ទៅលើសកម្មភាពចលនាមាតាធម្មជាតិ ថាជាការប្រឆាំងទៅលើអាជ្ញាធរមានសមត្ថកិច្ច ឆ្លុះបញ្ចាំងពីការមិនយល់របស់អាជ្ញាធរមានសមត្ថកិច្ច ថាការឃុំខ្លួនអ្នកតស៊ូមតិផ្នែកបរិស្ថាន និងយុវជន គឺជាការធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រយោជន៍របស់ជាតិប៉ុណ្ណោះ ។ យើងគួរតែឱ្យតម្លៃដល់សកម្មជនទាំងនោះ មិនមែនចាប់អ្នកទាំងនោះដាក់គុកនោះទេ ។
សកម្មជនចលនាមាតាធម្មជាតិ បានធ្វើកិច្ចការជាច្រើន ដើម្បីការពារបរិស្ថាន ដែលរួមមាន ការលុបចោលការធ្វើឯកជនភាវូបនីយកម្មដីធ្លីនៅក្នុងឧទ្យានជាតិគិរីរម្យ ការការពារព្រៃឈើនៅភ្នំបូកគោក្នុងខេត្តកំពតដែលត្រូវបានគេកាប់ឆ្ការសម្រាប់គម្រោងទីក្រុងរណប និងការស្នើឱ្យអាជ្ញាធរខេត្តបាត់ដំបង ទប់ស្កាត់ការបំពុលទឹកស្ទឹងសង្កែដោយកាកសំណល់ប្លាស្ទិក ។ ការចោទប្រកាន់ថាសកម្មភាពដោយអហិង្សាទាំងនេះ គឺជាអំពើ រួមគំនិតក្បត់ និងការប្រមាថព្រះមហាក្សត្រ គឺជាសកម្មភាពធ្វើទុក្ខបុកម្នេញមួយក្នុងចំណោមសកម្មភាពធ្វើទុក្ខបុកម្នេញផ្សេងទៀត ទៅលើក្រុមសង្គមស៊ីវិល និងសកម្មជនជួរមុខ និងដកហូតសិទ្ធិសេរីភាពនិងឱកាសរបស់ប្រជាពលរដ្ឋ ក្នុងកិច្ចការពារសិទ្ធិមនុស្ស និងបរិស្ថាន ដោយសេរី និងសុវត្ថិភាព មិនភ័យខ្លាចការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរ ។
យើងខ្ញុំទាំងអស់គ្នា ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច សូមមេត្តាទម្លាក់ចោលការផ្តន្ទាទោសលើសកម្មជនចលនាមាតាធម្មជាតិ ធានាថាអ្នកទាំងនោះត្រូវបានដោះលែងដោយគ្មានលក្ខខណ្ឌ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើសកម្មជនបរិស្ថាន និងសិទ្ធិមនុស្សនៅកម្ពុជា ៕
សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
- សហគមន៍ព្រៃឈើ ១៨៥កាធីតាចំបក់ធំ (កំពង់ឆ្នាំង)
- សហគមន៍ដីធ្លី ១៩៧ (កោះកុង)
- សហគមន៍អមលាំង (កំពង់ស្ពឺ)
- សហគមន៍បឹងប្រាំ (បាត់ដំបង)
- សហគមន៍បឹងពីរ (បាត់ដំបង)
- សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
- សម្ព័ន្ធសហជីពកម្ពុជា (CATU)
- មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
- សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)
- បណ្តាញយុវជនកម្ពុជា (CYN)
- អង្គការសម្ព័ន្ធភាពការពារសិទ្ធមនុស្សកម្ពុជា (CHRAC)
- សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
- មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
- សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
- សហគមន៍ព្រៃឈើពេជ្រចង្វាល្អឆើត (កំពង់ឆ្នាំង)
- សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
- សហគមន៍ដក់ពរ (កំពង់ស្ពឺ)
- អង្គការសមធម៌កម្ពុជា (EC)
- សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
- អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
- សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
- សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA)
- សហគមន៍ក្បាលខ្លា (កំពង់ធំ)
- អង្គការក្លាហាន
- សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
- សហគមន៍ជនជាតិដើមភាគតិចកួយឃុំងន (កំពង់ធំ)
- សហគមន៍ជនជាតិដើមភាគតិចកួយឃុំប្រមេរុ ខេត្តព្រះវិហារ
- សហគមន៍ដីធ្លី (ប៉ៃលិន)
- សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU)
- សហគមន៍ឡពាង (កំពង់ឆ្នាំង)
- សហគមន៍មានជ័យ (ស្វាយរៀង)
- ចលនាមាតាធម្មជាតិ (MNM)
- សហគមន៍អូរបាត់មាន់ (ឧត្តរមានជ័យ)
- អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED Cambodia)
- សហគមន៍ភ្នំក្រោម (សៀមរាប)
- សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
- សហគមន៍ពង្រកជ័យល័ក្ខ (កំពត)
- បណ្តាញសហគមន៍ព្រៃឡង់
- សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
- សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
- សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
- សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ(ព្រះវិហារ)
- អង្គការសមាគមធាងត្នោត (ស.ធ.ត)
- សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (ខេត្តកំពង់ឆ្នាំង)
- សហគមន៍ដីធ្លីស្រែប្រាំង (ត្បូងឃ្មុំ)
- សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
- សហគមន៍ដីធ្លីតានី (សៀមរាប)
- សហគមន៍ដីធ្លី ឃុំត្នោតជុំ (ពោធិ៍សាត់)
- សហគមន៍ទន្លូង (ត្បូងឃ្មុំ)
- គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
- សហគមន៍ព្រៃឈើត្រពាំងចាន់ (កំពង់ឆ្នាំង)
- សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
- កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
សូមទាញយកឯកសារ៖ សេចក្តីថ្លែងការណ៍រួម ការផ្តន្ទាទោសលើសកម្មជនចលនាមាតាធម្មជាតិ គឺជារឿងគួរឱ្យអាម៉ាស់