ភាពជាអ្នកដឹកនាំរបស់ ចាន់ធូ ក្នុងកិច្ចការងារអភិរក្ស និងយុត្តិធម៌យេនឌ័រ

ថ្ងៃ​ពុធ 26 កុម្ភៈ 2025
by Admin
ចាន់ធូ គឺជាស្ត្រីអ្នកការពារព្រៃឡង់ដ៏សកម្មនៅក្នុងឃុំវឌ្ឍនៈ ខេត្តក្រចេះ។ ចាន់ធូ បានចូលរួមជាមួយនឹងបណ្តាញសហគមន៍ព្រៃឡង់ (PLCN) ចាប់តាំងពីឆ្នាំ ២០២១។ គឺជាសមាជិកនៃសមាគមបណ្តាញយុវជនកម្ពុជា ចាន់ធូ ទទួលបានការកសាងសមត្ថភាព អំពីភាពជាអ្នកដឹកនាំក្នុងកិច្ចការពារធនធានធម្មជាតិ និងភាពជាពលរដ្ឋសកម្ម។ ជាស្ត្រីដែលមានភាពជាអ្នកដឹកនាំនៅក្នុងសហគមន៍ ចាន់ធូ បានសម្របសម្រួលស្ត្រីនៅក្នុងសហគមន៍ជាច្រើនដើម្បីចូលរួមក្នុងកិច្ចការ ការពារដែនជម្រកសត្វព្រៃនៅក្នុងព្រៃឡង់នឹងរួមបញ្ចូលសកម្មភាពជាច្រើនទៀតដូចជា ការចូលរួមសកម្មភាពល្បាតព្រៃ ការលើកកម្ពស់សំឡេងរបស់ស្តី្រចំណោមបណ្តាញ PLCN, ការគាំទ្រដល់អ្នកការពារសិទ្ធិមនុស្ស បរិស្ថាននៅក្នុងសហគមន៍ និងការចូលរួមការសន្ទនាជាមួយនឹងអ្នកមានសមត្ថកិច្ច។ ក្នុងនាមជាស្ត្រីវ័យក្មេង ដែលបានចូលរួមការពារដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលកសាងសមត្ថភាព ការលើកកម្ពស់យុត្តិធម៌យេនឌ័រ និងធានាបាននូវនិរន្តរភាពធនធានធម្មជាតិ។ ចាន់ធូនិងស្រ្តីនៅក្នុងសហគមន៍ ពួកគេក៏បានរួមចំណែកបង្កើតឱ្យមានបរិយាប័ន្នសម្រាប់ការចូលរួម និងការបង្កើតឱ្យមានបរិយាកាសសុវត្ថិភាពសម្រាប់ស្ត្រី ក្នុងការបង្កើនភាពជាអ្នកដឹកនាំដ៏សកម្មក្នុងកិច្ចការពារអភិរក្ស។
ដែនជម្រកសត្វព្រៃ ព្រៃឡង់ បានរួមចំណែកផ្តល់ឱកាសសម្រាប់ស្រ្តីវ័យក្មេង ទទួលបានការកសាងភាពជាអ្នកដឹកនាំ ការរួមចំណែកការពារបរិស្ថាន និងការតស៊ូមតិសម្រាប់លើកកម្ពស់យុត្តិធម៌យេនឌ័រ ជាមួយនឹងការកសាងសមត្ថភាព នឹងការចូលរួមរបស់សហគមន៍ក្នុងកិច្ចការពារធនធានធម្មជាតិ។ ការចូលរួមរបស់ចាន់ធូ បានក្លាយជាតំណាងនៃសំឡេងរបស់ស្តី្រ ការចូលរួមសកម្មភាពតស៊ូមតិជាមួយនឹងបណ្តាញរបស់ CYN និងការលើកកម្ពស់យុត្តិធម៌យេនឌ័រ។ នាងមានគោលបំណង ចង់ឱ្យមានការកើនឡើងចំនួនស្ត្រីវ័យក្មេងក្នុងការចូលរួមប្រកបដោយទំនុកចិត្តដើម្បីការពារធនធានធម្មជាតិនៅកម្ពុជា ដោយមានការធានានៅការពារសុវត្ថិភាពសម្រាប់ពួកគេ។ ចាន់ធូ មានការពេញចិត្តនឹងចូលរួមក្នុងការជំរុញសក្តានុពលរបស់ស្ត្រីវ័យក្មេងសម្រាប់បរិយាប័ន្ននៃការចូលរួម និងយុត្តិធម៌យេនឌ័រក្នុងការ ការពារធនធានធម្មជាតិ។

Recent Posts