កិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់សមាគមបណ្តាញយុវជនកម្ពុជា
ថ្ងៃសុក្រ 20 ធ្នូ 2024
សមាគមបណ្តាញយុវជនកម្ពុជា បានរៀបចំកិច្ចប្រជុំបុគ្គលិកប្រចាំឆ្នាំ និងការឆ្លុះបញ្ចាំងការងារ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងខេត្តសៀមរាប។ នេះគឺជាពេលវេលាក្នុងការចួបជុំគ្នាដើម្បីពិនិត្យមើលលើការងារ ការអនុវត្ត បញ្ហាប្រឈម និងអ្វីដែលយើងបានរៀនសូត្រពីការងារសម្រាប់ត្រៀមខ្លួនបន្តទៅឆ្នាំ២០២៥។ នៅក្នុងកិច្ចប្រជុំនេះ យើងក៏បានពិនិត្យឡើងវិញនៅគោលនយោបាយ ការជជែកពីគោលនយោបាយថ្មីៗ ពិនិត្យមើលការអនុវត្តពាក់ព័ន្ធ និងការកសាងសាមគ្គីភាព ដើម្បីត្រៀមខ្លួនឆ្ពោះទៅមុខ។ យើងក៏បានផ្តោតលើការប៉ានប្រមាណលើតម្រូវការការកសាងសមត្ថភាព ដើម្បីធានាអំពីភាពខ្លាំងនៃការកសាងសមត្ថភាពផ្ទៃក្នុង និងការរួមបញ្ចូលការបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិកសម្រាប់អាណត្តិបន្ទាប់ផងដែរ។ ប.យ.ក ពិតជាមានសេចក្តីសោមនស្សយ៉ាងខ្លាំងចំពោះសហការីរបស់យើង ដែលបានខិតខំប្រឹងប្រែងបំពេញការងារដល់រយៈពេលពេញមួយ ដែលបាននាំឱ្យមានការសម្រេចបាន ការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសង្គម តាមរយៈការលើកកម្ពស់ការចូលរួមរបស់យុវជន សិទ្ធិមនុស្ស យុត្តិធម៌សង្គម និងសិទ្ធិបរិស្ថាន។ យើងក៏មិនភ្លេចអរគុណយ៉ាងខ្លាំងដល់ ដៃគូមូលនិធិដៃគូ មិត្តភក្តិ ក្រុមគោលដៅ អ្នកហាត់ការ និងសមាជិក សមាជិការបស់យើងសម្រាប់ការគាំទ្រដល់ការពង្រឹងសមត្ថភាពយុវជននៅក្នុងប្រទេសកម្ពុជា។ អបអរសាទរដល់ប្រតិភូបុគ្គលិថ្មីរបស់យើង គឺកញ្ញា ស៊ុន ស្រីណៃ និងលោក ហូយ ម៉េងទៀងដែលជាប្រតិភូជំនួយ ដែលនឹងបំពេញបេសកកម្មរបស់ខ្លួនសម្រាប់អាណត្តិ២ឆ្នាំ ២០២៥-២០២៦។ យើងពិតជាអរគុណ និងបង្ហាញនូវការពេញចិត្តចំពោះប្រតិភូនាអាណត្តិកន្លងទៅ ២០២៣-២០២៤ គឺកញ្ញា អេង ស្រីពៅ និងលោក អូត ឡាទីន។ ទាំងនេះ គឺជាអ្វីដែលបានបំពេញយ៉ាងពេញលេញសម្រាប់ឆ្នាំ២០២៤ ហើយយើងក៏បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបំពេញការងារឆ្នាំ២០២៥ខាងមុខ។ #CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #EnvironmentalJustice
កម្មវិធី”ការបើកបវេសនការថ្នាក់កុំព្យូទ័រ”
ថ្ងៃព្រហស្បតិ៍ 19 ធ្នូ 2024
កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ សមាគមបណ្តាញយុវជនកម្ពុជា បានរៀបចំបើកបវេសនកាលថ្នាក់ កុំព្យូទ័រជាមួយអ្នកចូលរួមចំនួន ២៩នាក់ ស្រ្តី ២៣នាក់ នៅការិយាល័យសមាគមបណ្តាញយុវជនកម្ពុជា។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងជាវេទិការៀនសូត្រជួបជជែកជាមួយសិស្សកុំព្យូទ័រ និងចែករំលែកពីសកម្មភាព កម្មវិធីរបស់សមាគមក៏ដូចជាកសាងទំនាក់ទំនង និងចងក្រង។ ជាលទ្ធផលសិស្សកុំព្យទ័របានឈ្វេងយល់កាន់តែច្បាស់អំពីសមាគមបណ្តាញយុវជន ក៏ដូចជាកម្មវិធី ផ្សេងៗរបស់សមាគម និងគោលការណ៍នៅក្នុងថ្នាក់រៀន រួមទាំងការពង្រឹកបណ្តាញទំនាក់ទំនងរវាងសិស្សកុំព្យូទ័រថ្មីៗផងដែល។ #CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #EnvironmentalJustice
កម្មវិធីចែករំលែកស្តីពី៖ “បរិស្ថានស្អាត ការយល់ដឹងពីការប្រែប្រួលអាកាសធាតុ និងសកម្មភាពបណ្តុះកូនឈើ”
ថ្ងៃព្រហស្បតិ៍ 19 ធ្នូ 2024
ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមបណ្តាញយុវជនកម្ពុជាបានផ្តល់ការគាំទ្រដល់ក្រុមយុវជនក្នុងការរៀបចំកម្មវិធីចែករំលែកស្តីពី៖ “បរិស្ថានស្អាត ការយល់ដឹងពីការប្រែប្រួលអាកាសធាតុ និងសកម្មភាពបណ្តុះកូនឈើ” ដែលរៀបចំឡើងនៅទីតាំងអង្កការ ជេ អេស ស៊ី(JSC)ស្ថិតនៅបន្ទាយព្រាប ខណ្ឌកំបូល រាជធានីភ្នំពេញ។ កម្មវិធីនេះក៏មានអ្នកចូលរួមសរុបចំនួន ២៤នាក់ ស្ត្រី១៥នាក់ ក្រោយពីការយល់ដឹងពីបរិស្ថានស្អាត និងការប្រែប្រួលអាកាសធាតុមក យុវជនក៏បានដល់ពីរបៀបបណ្តុះកូនឈើ និងការទស្សនកិច្ចសិក្សាពីប្រភេទឈើនីមួយៗផងដែរ៕ #CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #EnvironmentalJustice
ការចេញផ្សាយរបាយការណ៍ស្រាវជ្រាវរបស់យុវជន
ថ្ងៃអង្គារ 10 ធ្នូ 2024
ការចេញផ្សាយរបាយការណ៍ ស្តីពីការប៉ាន់ប្រមាណបឋម លើការសិក្សាឈ្វេងយល់អំពីក្រមបរិស្ថាន និងធនធានធម្មជាតិ ក្រោយចំណាយពេល៣ខែសម្រាប់ការសិក្សាដោយក្រុមយុវជនដែលជាសមាជិករបស់សមាគមបណ្តាញយុវជនកម្ពុជា និងអ្នកហាត់ការសហគមន៍ ទីបំផុតរបាយការណ៍នេះត្រូវបានចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤។ ការប៉ាន់ប្រមាណបឋមនេះ បានសិក្សាលើកម្រិននៃចំណេះដឹងនៃការយល់ដឹងលើក្រមបរិស្ថាននិងធនធានធម្មជាតិ ចំណោមយុវជន និងសហគមន៍ និងការបង្កើនការយល់ដឹងអំពីក្រមនេះនៅពេលអនាគត បន្ទាប់ពីបានអនុម័តជាមួយឆ្នាំ។ យុវជន និងសហគមន៍ជិត ៣០០នាក់ បានចូលរួមក្នុងដំណើការសិក្សានេះទាំងការបំពេញតាមអនឡាញ និងការពិភាក្សាក្រុមដោយផ្ទាល់។ ការសិក្សាដែលដឹកនាំដោយយុជននេះ ក៏បានលើកឡើងអំពីអនុសាសន៍ក្នុងការជំរុញឱ្យបង្កើនការអប់រំអំពីក្រម និងការបង្កើនការប្តេជ្ញាចិត្តក្នុងកិច្ចការពារធនធានធម្មជាតិ។ ការសិក្សាស្រាវជ្រាវ បានធ្វើឡើងដោយការខិតខំប្រឹងប្រែងដោយសមាជិកប.យ.ក ចំនួន៣រូប រួមមាន ដាំ សុស្រីនាង ណុប ស្រីពេជ្យ និងថុង ឈីងជាវ ដែលបានគាំទ្របច្ចេកទេសដោយ ប.យ.ក។ របាយការណ៍លំអិត និងអាចទាញយកភាសាខ្មែរនៅលើគេហទំព័រសមាគមនៅពេលបន្ទាប់។ #CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #EnvironmentalJustice
វេទិកាអ្នកការពារសិទ្ធិមនុស្សវ័យក្មេងកម្ពុជា ២០២៤
ថ្ងៃអង្គារ 10 ធ្នូ 2024
សមាគមបណ្តាញយុវជនកម្ពុជា បានរៀបចំវេទិកាប្រចាំឆ្នាំ អ្នកការពារសិទ្ធិមនុស្សវ័យក្មេងនៅកម្ពុជា ស្តីពី “លើកកម្ពស់សិទ្ធិ សេរីភាពអ្នកការពារសិទ្ធិមនុស្ស ដើម្បីសមភាព និងយុត្តិធម៌សង្គម” នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។ អ្នកការពារសិទ្ធិមនុស្សសរុបចំនួន៩០អង្គ/នាក់(ស្ត្រី៣៧នាក់) ដែលមានសមាសភាពចម្រុះមកពីសហគមន៍រងគ្រោះ មកពីការកសាងទំនប់វារីអគ្គិសនីសេសានក្រោម២ តំណាងសហគមន៍ជនជាតិដើមភាគតិច តំណាងសហគមន៍ព្រៃឈើ បណ្តាញសហគមន៍ព្រៃឡង់ សមាជិក នៃសមាគមបណ្តាញយុវជនកម្ពុជា ព្រមទាំងសកម្មជនសង្គម និងសកម្មជនបរិស្ថាន។ វាគ្មិននៃកិច្ចពិភាក្សាដែលជាអ្នកជំនាញផ្នែកសិទ្ធិមនុស្សនៅកិច្ចពិភាក្សាជុំជុំទី១ បានលើកឡើងអំពីយន្តការលើកទឹកចិត្ត ជាតិ-អន្តរជាតិ សម្រាប់លើកកម្ពស់ការគោរព និងលើកកម្ពស់សិទ្ធិអ្នកការពារសិទ្ធិមនុស្ស។ ធាតុចូលសំខាន់ៗដែលបានផ្តល់ដោយវាគ្មិន ដែលមានអ្នកជំនាញផ្នែកសិទ្ធិមនុស្ស និងមន្រ្តីអង្គការសិទ្ធិមនុស្ស បានផ្តល់យោបល់ដល់យុវជនឱ្យយល់អំពីសិទ្ធិរបស់ខ្លួនដែលមាននៅក្នុងយន្តការអន្តរជាតិ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបន្តភាពសកម្មរបស់ខ្លួនក្នុងការលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងសង្គម។ នៅពេលរសៀល កិច្ចពិភាក្សាជុំទី២ បានចាប់ផ្តើមធ្វើកិច្ចពិភាក្សាដោយមានវាគ្មិនដែលអ្នកការពារសិទ្ធិមនុស្សវ័យក្មេងមកពី វិស័យសិទ្ធិការងារនិងសហជីព ជនជាតិដើមភាគតិច និងសកម្មជនបរិស្ថាន។ វាគ្មិនពិភាក្សាបានចែករំលែកអំពីការប្តេជ្ញាចិត្ត វិធីសាស្ត្រការងារ និងមេរៀន ក្នុងដំណើរជីវិតជាអ្នកការពារសិទ្ធិមនុស្សទៅអ្នកចូលរួម។ អ្នកការពារសិទ្ធិមនុស្សវ័យក្មេង ក៏បានរួមបញ្ចូលរបៀបវារៈសម្រាប់ពិភាក្សាលើក្តីកង្វល់ និងបរិបទសង្គមដែលបានបង្កការជះឥទ្ធិពលមកដល់ការងាររបស់ពួកគេ ដែលក្តីកង្វល់ទាំងអស់របស់ពួកគេក៏ត្រូវបានរៀបចំជាអនុសាសន៍រួមសម្រាប់ភាគីពាក់ព័ន្ធនានា។ ជាចុងបញ្ចប់នៃវេទិកា អ្នកការពារសិទ្ធិមនុស្សបានចងក្រងជាបណ្តាញ និងមិត្តភាពប្រកបដោយសេចក្តីរីករាយ។
ការកសាងទំនាក់ទំនងរវាងយុវជននិងសហគមន៍ ក្នុងកិច្ចការពារធនធានធម្មជាតិ
ថ្ងៃអង្គារ 10 ធ្នូ 2024
កម្មវិធី”ការកសាងទំនាក់ទំនងរវាងយុវជននិងសហគមន៍ ក្នុងកិច្ចការពារធនធានធម្មជាតិ” កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមបណ្តាញយុវជនកម្ពុជា បានរៀបចំកម្មវិធីមួយស្តីពី “ការកសាងទំនាក់ទំនងរវាងយុវជននិងសហគមន៍ ក្នុងកិច្ចការពារធនធានធម្មជាតិ” ជាមួយអ្នកចូលរួមសរុបចំនួន ២៩នាក់ ស្រ្តី ៩នាក់ និង LGBTQ+ ១នាក់ នៅតំបន់មុំបី ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងជាវេទិការៀនសូត្រ និងការផ្លាស់ប្តូរបទពិសោធន៍រវាងអ្នកចូលរួម និងការបង្កើនចំណេះដឹងអំពីបញ្ហាសង្គម ក្នុងបរិយាកាសកិច្ចគាំពារបរិស្ថាន និងធនធានធម្មជាតិ។ ជាលទ្ធផលអ្នកចូលរួមមានការយល់ដឹងអំពីបទពិសោធន៍នៃកិច្ចគាំពារធនធានធម្មជាតិរបស់យុវជន និងសហគមន៍ព្រៃឡង់មកពីខេត្តក្រចះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ ទាក់ទងនឹងការលើល្បាតព្រៃ ការចុះអង្កេតពីបទល្មើសព្រៃឈើ ការចងក្រងជាបណ្តាញ បញ្ហាប្រឈម និងវិធីសាស្រ្តក្នុងការដោះស្រាយបញ្ហានៅក្នុងសហគមន៍ និងកាធ្វើផែនការសកម្មភាព។ បន្ថែមពីនេះយុវជន និងសហគមន៍នៅតាមតំបន់ព្រៃឡង់ បានធ្វើផែនការសកម្មភាពរួមគ្នា ដើម្បីអនុវត្តជាកម្មវិធីនិងវគ្គបណ្តុះបណ្តាលនាពេលអនាគតស្តីពីបរិស្ថាន ធនធានធម្មជាតិ និងសិទ្ធិមនុស្ស។ ជាចុងក្រោយ អ្នកចូលរួមបានយល់ដឹងពីសារៈសំខាន់នៃធនធានធម្មជាតិ និងផ្សាភ្ជាប់ខ្លួនជាធម្មជាតិ និងសហគមន៍ តាមរយៈការសិក្សារៀនសូត្រ ការស្នាក់នៅតំបន់ធនធានធម្មជាតិ និងការទស្សានព្រៃឈើ។ #CYN #CYNcambod ia #EU_CEEJA
COP16 សន្នីសីទអង្គការសហប្រជាជាតិស្ដីពីជីវៈចម្រុះ”សន្តិភាព និងធម្មជាតិ”
ថ្ងៃពុធ 27 វិច្ឆិកា 2024
នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមបណ្ដាញយុវជនកម្ពុជាបានរៀបចំកម្មវិធីចែករំលែក COP16 សន្នីសីទអង្គការសហប្រជាជាតិស្ដីពីជីវៈចម្រុះ”សន្តិភាព និងធម្មជាតិ” នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។ ក្នុងនោះមានការចូលរួមពីយុវជនមកពីសហគមន៍ការពារព្រៃឈើ សិស្ស និស្សិត និងបុគ្គលិករបស់អង្គការសង្គមស៊ីវិលចម្រុះភាពគ្នាចំនួន៣៨នាក់ (ស្រី២៥នាក់ )។ ក្នុងកម្មវិធីចែករំលែកនេះ បានផ្ដោតសំខាន់លើការឈ្វេងយល់ពីក្របខណ្ឌអនុសញ្ញាស្ដីពីជីវចម្រុះរបស់អង្គការសហប្រជាជាតិ ដោយមានការចែករំលែកពីក្របខណ្ឌជីវៈចម្រុះសកល គុនមីង ម៉ុងរ៉េអាល់(COP15) ក្នុងនោះក៏មានការបង្ហាញពីចក្ខុវិស័យឆ្នាំ២០៥០ គោលដៅចំនួន២៣ដើម្បីសម្រេចទិសដៅឆ្នាំ២០៣០របស់សន្នីសីទនេះ និងមានចែករំលែកពីផែនការសកម្មភាពយុទ្ធសាស្ត្រជីវៈចម្រុះថ្នាក់ជាតិ(NBSAP) ដែលមានសារៈសំខាន់ខ្លាំងសម្រាប់ការជួយអភិរក្សជីវចម្រុះនៅទូទាំងពិភពលោក និងប្រទេសកម្ពុជាផងដែរ។ លើសពីនេះទៅទៀត ក៏មានកិច្ចសន្ទនាជុំវិញសន្និសីទ្វេភាគី(COP16)ផងដែរ ដែលទើបនឹងបានប្រព្រឹត្តិទៅក្នុងឆ្នាំ២០២៤ក្នុងប្រទេសកូឡុំប៊ី ដោយមានវាគ្មិនចំនួន៣រូបបានសន្ទនាយ៉ាងស៊ីជម្រៅស្របតាមបទពិសោធន៍ដែលធ្លាប់បានចូលរួមក្នុងសន្និសីទដោយផ្ទាល់កន្លងមក។ យ៉ាងណាមិញ យើងបានកត់សម្គាល់ឃើញថា ការចែករំលែកនិងកិច្ចសន្ទនានេះបានធ្វើឲ្យអ្នកចូលរួមយល់ដឹងបន្ថែមទៀតលើក្របខណ្ឌជីវចម្រុះជាសកលផ្សារភ្ជាប់នឹងអត្ថប្រយោជន៍នានាសម្រាប់ការអភិរក្សជីវៈចម្រុះក្នុងប្រទេសកម្ពុជា។ #CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #EnvironmentalJustice
ការឈ្វេងយល់ពីការការយល់ដឹងអំពី ក្រមបរិស្ថាននិងធនធានធម្មជាតិ
ថ្ងៃពុធ 13 វិច្ឆិកា 2024
សិក្ខាសាលាពីគ្រោះយោបល់ អំពី ការឈ្វេងយល់ពីការការយល់ដឹងអំពី ក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលរៀបចំដោយ ក្រុមយុវជនហាត់ការងារសហគមន៍ និងសមាជិកនៃសមាគមបណ្តាញយុវជនកម្ពុជា។ កម្មវិធីនេះ រៀបចំឡើងកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ដែលមានយុវជនសហគមន៍ សិស្សនិស្សិត ចម្រុះចូលរួមប្រមាណ ២៤នាក់ (ស្រី្ត ១១នាក់)។ សិក្ខាសាលានេះពិភាក្សាដោយផ្ដោតសំខាន់លើការស្វែងយល់របស់យុវជន និងសហគមន៍ លើការយល់ដឹងពីក្រមបរិស្ថាននិងធនធានធម្មជាតិ។ រួមទាំងផ្ដល់ឱកាសដល់សិក្ខាកាមផ្ដល់មតិយោបល់ និងបញ្ចូលគំនិតបន្ថែមលើចំណុចដែលខ្វះចន្លោះដើម្បីកែលម្អលើរបាយការណ៍ស្ទង់មតិនោះផងដែរ ៕ #CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #EnvironmentalJustice
សិក្ខាសាលាស្តីពីការពង្រឹងសម្ថភាពយុវជនកម្ពុជាក្នុងជំនឿនិងការការពារព្រៃឈើ
ថ្ងៃពុធ 06 វិច្ឆិកា 2024
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ លោក ហេង គឹមហុង ត្រូវបានអញ្ជើញធ្វើបទអន្តរាគមន៍អំពីការងាររបស់សមាគមបណ្តាញយុវជនកម្ពុជា ក្នុងការពង្រឹងសមត្ថភាពយុវជនក្នុងការការងារធនធានធម្មជាតិ និងជីវៈចម្រុះ នៅក្នុងសិក្ខាសាលាស្តីពីការពង្រឹងសម្ថភាពយុវជនកម្ពុជាក្នុងជំនឿនិងការការពារព្រៃឈើ។ លោក គឹមហុង បានបង្ហាញអំពីការងាររបស់សមាគម ដែលធ្វើការជាមួយយុវជនកម្ពុជា ក្នុងការពារដែនជម្រកសត្វព្រៃព្រៃឡង់ ព្រៃព្រះរការ និងព្រះសង្ឃរុក្ខវ័ន ព្រមទាំងការធ្វើការងារតស៊ូមតិ និងការជំរុញឱ្យមានការអនុវត្តគោលនយោបាយប្រកដោយប្រសិទ្ធិភាព និងការចូលរួមប្រកបដោយបរិយាប័ន្ន។ លោក គឹមហុង បានថ្លែងនៅក្នុងសិក្ខាសាលានេះថា ការពង្រឹងសមត្ថភាព និងការផ្តល់ឱកាសសម្តរាប់ការចូលរួមរបស់យុវជនវិនិយោគដ៏មានប្រសិទ្ធិភាពការការពារបរិស្ថាន និងជីវៈចម្រុះជុំវិញពិភពលោក។ យុវជនគួរតែទទួលបានឱកាសក្នុងការចូលរួមការអភិរក្សជីវៈចម្រុះទាំងនៅក្នុងកម្រិតថ្នាក់ជាតិរួមមានការចូលរួមការពារនិងការគាំទ្រប្រដោយបរិយាប័ន្ន។ ខ្ញុំសង្ឃឹមថា COP16 នឹងធ្វើការតស៊ូមតិឱ្យរដ្ឋសមាជិកបង្កើតឱ្យមានជាប្រព័ន្ធគាំទ្រសម្រាប់ការចូលរួមរបស់យុវជននៅក្នុងការអភិរក្សជីវៈចម្រុះ និងចូលរួមតាមដានការវាយតម្លៃការអនុត្តគោលនយោបាយរដ្ឋ។ បន្ថែមពីនេះ COP16 គួរជំរុញការបង្កើនមូលនិធីសម្រាប់ការគាំទ្រគំនិតផ្តួចផ្តើមរបស់យុវជនជាអទិភាពផងដែរ។ ចំពោះការអនុវត្តរបស់រដ្ឋ សូមរដ្ឋាភិបាលកម្ពុជា បង្កើនតម្លាភាពក្រមខណ្ឌគោលនយោបាយ និងលើកទឹកចិត្តដល់ភាពសកម្មនៃការចូលរួមរបស់យុវជនក្នុងការការពារបរិស្ថាន និងជីវៈចម្រុះ។ ក្នុងនាមជាយុវជន យើងគឺជាផ្នែកមួយនៃដំណោះស្រាយសម្រាប់ថ្ងៃនេះ និងក្លាយជាអ្នកដឹកនាំ ក្នុងការចូលរួមប្រកដោយបរិយាប័ន្នក្នុងការការពារនិងអភិរក្សសម្រាប់មនុស្សជាតិនាថ្ងៃអនាគត។ #CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #EnvironmentalJustice
តួនាទីសំខាន់របស់យុវជនក្នុងកិច្ចខិតខំប្រឹងប្រែងការពារបរិស្ថាន និងការកសាងសន្តិភាព
ថ្ងៃច័ន្ទ 04 វិច្ឆិកា 2024
ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ បណ្តាញយុវជនសាកលដើម្បីជីវៈចម្រុះបានអញ្ជើញលោក ហេង គឹមហុង ចូលរួមជាវាគ្មិនពិភាក្សាតុមូលលើប្រធានបទស្តីពី “តួនាទីសំខាន់របស់យុវជនក្នុងកិច្ចខិតខំប្រឹងប្រែងការពារបរិស្ថាន និងការកសាងសន្តិភាព”។ ការអភិរក្សជីវៈចម្រុះទាមទារឱ្យមានការសហការប្រកបដោយប្រសិទ្ធភាព និងការអនុវត្តអន្តរាគមន៍ដោយផ្អែកលើការយល់ដឹងស្ថានភាពចម្រុះ។ នៅពេលដែលយុវជនមានការរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការអភិរក្សជីវៈចម្រុះ ដូច្នេះដើម្បីអនុវត្តក្រមខណ្ឌគោលនយោបាយសាកលស្តីពីជីវៈចម្រុះគួនមិញ-ម៉ុងរ៉េអាល់ (KMGBF) អាចធ្វើឱ្យពួកគេមានការប្រឈមនឹងស្ថានភាពមានជម្លោះ និងបរិបទការងារផ្សេងៗគ្នាដែលអាចចួបប្រទះ។ មានករណីជាច្រើន ដែលអាចបង្កើតបានជាការបង្កហានិភ័យនៃគ្រោះថ្នាក់ដល់យុវជន និងការកាត់បន្ថយលទ្ធភាពក្នុងការរួមចំណែកប្រកបដោយប្រសិទ្ធភាពដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សសកល។ក្នុងកិច្ចពិភាក្សាតុមូល លោក ហេង គឹមហុង បានលើកឡើងជាទស្សនទាន និងអនុសាសន៍សម្រាប់ការរួមចំណែករបស់យុវជន មាន៖ – ការតស៊ូមតិ និងការអប់រំ៖ យុវជនអាចលើកកម្ពស់ការយល់ដឹងអំពីបញ្ហាកសាងសន្តិភាព និងកាត់បន្ថយទំនាស់នៅក្នុងការការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ តាមរយៈយុទ្ធនាការច្នៃប្រឌិដ្ឋ សិល្បៈ និងប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយជំរុញការគាំទ្រ និងទាក់ទាញការចាប់អារម្មណ៍ចំពោះតម្រូវការនានា។ – ការអប់រំមិត្តភក្តិ និងភាពជាអ្នកដឹកនាំ៖ តាមរយៈការបណ្តុះបណ្តាលមិត្តភក្តិរបស់ពួកគេក្នុងការដោះស្រាយជម្លោះ និងជំនាញចរចា យុវជនអាចបង្កើតផលប៉ះពាល់ ដោយបំពាក់បុគ្គលកាន់តែច្រើនជាមួយនឹងឧបករណ៍ចាំបាច់សម្រាប់ការកាត់បន្ថយទំនាស់។ – ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិដ្ឋ៖ យុវជនតែងតែនាំមកនូវទស្សនថ្មីៗ និងវិធីសាស្រ្តច្នៃប្រឌិដ្ឋក្នុងការដោះស្រាយបញ្ហា។ ដោយលើកទឹកចិត្តពួកគេឱ្យបំផុសគំនិត និងអនុវត្តគំនិតផ្តួចផ្តើមមូលដ្ឋាន សហគមន៍អាចទទួលបានអត្ថប្រយោជន៍ពីគំនិតថ្មីដែលស្របនឹងបរិបទតែមួយគត់របស់ពួកគេ។ ការរំពឹងទុកសម្រាប់ COP-16៖ – ការអនុម័តផែនការសកម្មភាព៖ លទ្ធផលដ៏សំខាន់មួយគឺការអនុម័តផែនការដែលអាចអនុវត្តបានដែលភ្ជាប់ការអភិរក្សជីវៈចម្រុះជាមួយនឹងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយទំនាស់នៅក្នុងការ ការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ។ ផែនការទាំងនេះគួរតែបង្ហាញពីគោលដៅជាក់លាក់ ពេលវេលាកំណត់ និងការទទួលខុសត្រូវសម្រាប់ការអនុវត្ត។ – យន្តការពង្រឹងសម្រាប់ការត្រួតពិនិត្យ៖ ការបង្កើតយន្តការដ៏រឹងមាំដើម្បីតាមដាន និងវាយតម្លៃផលប៉ះពាល់នៃគំនិតផ្តួចផ្តើមសន្តិភាពទាក់ទងនឹងជីវចម្រុះនឹងចាំបាច់។ នេះអាចរួមបញ្ចូលទាំងសូចនាករដែលវាស់ស្ទង់សុខភាពអេកូឡូស៊ី និងការរួមគ្នាសង្គម ធានាបាននូវគណនេយ្យភាព និងការសម្របខ្លួន។ – បង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់យុវជន[…]
Recent Posts
- កិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់សមាគមបណ្តាញយុវជនកម្ពុជា ថ្ងៃសុក្រ 20 ធ្នូ 2024
- កម្មវិធី”ការបើកបវេសនការថ្នាក់កុំព្យូទ័រ” ថ្ងៃព្រហស្បតិ៍ 19 ធ្នូ 2024
- កម្មវិធីចែករំលែកស្តីពី៖ “បរិស្ថានស្អាត ការយល់ដឹងពីការប្រែប្រួលអាកាសធាតុ និងសកម្មភាពបណ្តុះកូនឈើ” ថ្ងៃព្រហស្បតិ៍ 19 ធ្នូ 2024
- ការចេញផ្សាយរបាយការណ៍ស្រាវជ្រាវរបស់យុវជន ថ្ងៃអង្គារ 10 ធ្នូ 2024
- វេទិកាអ្នកការពារសិទ្ធិមនុស្សវ័យក្មេងកម្ពុជា ២០២៤ ថ្ងៃអង្គារ 10 ធ្នូ 2024
- ការកសាងទំនាក់ទំនងរវាងយុវជននិងសហគមន៍ ក្នុងកិច្ចការពារធនធានធម្មជាតិ ថ្ងៃអង្គារ 10 ធ្នូ 2024
- COP16 សន្នីសីទអង្គការសហប្រជាជាតិស្ដីពីជីវៈចម្រុះ”សន្តិភាព និងធម្មជាតិ” ថ្ងៃពុធ 27 វិច្ឆិកា 2024