វេទិកាអ្នកការពារសិទ្ធិមនុស្សវ័យក្មេងកម្ពុជា ២០២៤
សមាគមបណ្តាញយុវជនកម្ពុជា បានរៀបចំវេទិកាប្រចាំឆ្នាំ អ្នកការពារសិទ្ធិមនុស្សវ័យក្មេងនៅកម្ពុជា ស្តីពី “លើកកម្ពស់សិទ្ធិ សេរីភាពអ្នកការពារសិទ្ធិមនុស្ស ដើម្បីសមភាព និងយុត្តិធម៌សង្គម” នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។ អ្នកការពារសិទ្ធិមនុស្សសរុបចំនួន៩០អង្គ/នាក់(ស្ត្រី៣៧នាក់) ដែលមានសមាសភាពចម្រុះមកពីសហគមន៍រងគ្រោះ មកពីការកសាងទំនប់វារីអគ្គិសនីសេសានក្រោម២ តំណាងសហគមន៍ជនជាតិដើមភាគតិច តំណាងសហគមន៍ព្រៃឈើ បណ្តាញសហគមន៍ព្រៃឡង់ សមាជិក នៃសមាគមបណ្តាញយុវជនកម្ពុជា ព្រមទាំងសកម្មជនសង្គម និងសកម្មជនបរិស្ថាន។ វាគ្មិននៃកិច្ចពិភាក្សាដែលជាអ្នកជំនាញផ្នែកសិទ្ធិមនុស្សនៅកិច្ចពិភាក្សាជុំជុំទី១ បានលើកឡើងអំពីយន្តការលើកទឹកចិត្ត ជាតិ-អន្តរជាតិ សម្រាប់លើកកម្ពស់ការគោរព និងលើកកម្ពស់សិទ្ធិអ្នកការពារសិទ្ធិមនុស្ស។ ធាតុចូលសំខាន់ៗដែលបានផ្តល់ដោយវាគ្មិន ដែលមានអ្នកជំនាញផ្នែកសិទ្ធិមនុស្ស និងមន្រ្តីអង្គការសិទ្ធិមនុស្ស បានផ្តល់យោបល់ដល់យុវជនឱ្យយល់អំពីសិទ្ធិរបស់ខ្លួនដែលមាននៅក្នុងយន្តការអន្តរជាតិ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបន្តភាពសកម្មរបស់ខ្លួនក្នុងការលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងសង្គម។
នៅពេលរសៀល កិច្ចពិភាក្សាជុំទី២ បានចាប់ផ្តើមធ្វើកិច្ចពិភាក្សាដោយមានវាគ្មិនដែលអ្នកការពារសិទ្ធិមនុស្សវ័យក្មេងមកពី វិស័យសិទ្ធិការងារនិងសហជីព ជនជាតិដើមភាគតិច និងសកម្មជនបរិស្ថាន។ វាគ្មិនពិភាក្សាបានចែករំលែកអំពីការប្តេជ្ញាចិត្ត វិធីសាស្ត្រការងារ និងមេរៀន ក្នុងដំណើរជីវិតជាអ្នកការពារសិទ្ធិមនុស្សទៅអ្នកចូលរួម។
អ្នកការពារសិទ្ធិមនុស្សវ័យក្មេង ក៏បានរួមបញ្ចូលរបៀបវារៈសម្រាប់ពិភាក្សាលើក្តីកង្វល់ និងបរិបទសង្គមដែលបានបង្កការជះឥទ្ធិពលមកដល់ការងាររបស់ពួកគេ ដែលក្តីកង្វល់ទាំងអស់របស់ពួកគេក៏ត្រូវបានរៀបចំជាអនុសាសន៍រួមសម្រាប់ភាគីពាក់ព័ន្ធនានា។ ជាចុងបញ្ចប់នៃវេទិកា អ្នកការពារសិទ្ធិមនុស្សបានចងក្រងជាបណ្តាញ និងមិត្តភាពប្រកបដោយសេចក្តីរីករាយ។