សមាគមបណ្តាញយុវជនកម្ពុជា បានរៀបចំសមាជប្រចាំឆ្នាំ២០២៤
ថ្ងៃអាទិត្យ 22 ធ្នូ 2024
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ សមាគមបណ្តាញយុវជនកម្ពុជា បានរៀបចំសមាជប្រចាំឆ្នាំ២០២៤ ដើម្បីធ្វើបច្ចុប្បន្នភាពលទ្ធផលការងារ និងស្ថានភាពវិវត្តន៍របស់សមាគមទាំងកម្មវិធី ថវិកា និងគោលនយោបាយ ទៅកាន់គណៈកម្មការនាយក បុគ្គលិកសមាគម និងស្ថាបនិក ដែលបានចូលរួមចំនួន៦០នាក់។
នៅក្នុងកម្មវីធីសមាជ ប.យ.ក ក៏បានរៀបចំឱ្យមានកិច្ចពិភាក្សាតុមូលដើម្បីចែករំលែកអំពីបទពិសោធន៍ និងមធ្យោបាយនៃការបន្សាំខ្លួនទៅក្នុងបរិបទសង្គមសាកល និងនៅក្នុងប្រទេសកម្ពុជាផងដែរ។
ក្នុងនាមសមាគមបណ្តាញយុវជនកម្ពុជា ប.យ.ក នៅតែបន្តដំណើរដ៏មានតម្លាភាពរបស់ខ្លួន ដើម្បីលើកម្ពស់ភាពជាអ្នកដឹកនាំយុវជន និងការចូលរួមដ៏សកម្មរបស់ពួកយើង ក្នុងការបង្កើតតួនាទីរបស់យុវជន ក្នុងការចូលរួមលើកកម្ពស់ការ ការពារសិទ្ធិមនុស្ស យុត្តិធម៌សង្គម និងការការពារធនធានធម្មជាតិ។
ការជួបជុំសមាជិករបស់យើងជារៀងរាល់ឆ្នាំនេះ គឺបង្ហាញយ៉ាងច្បាស់អំពីតួនាទីដ៏សំខាន់របស់ពួកគេក្នុងការផ្តល់យោបល់ ធាតុចូល និងការចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់សមាគម និងការបោះឆ្នោតជ្រើសរើសប្រធានប្រតិបត្តិរបស់សមាគមនៅបួនឆ្នាំម្តង។
នៅក្នុងឆ្នាំនេះ យើងក៏បានដាក់បញ្ចូលដំណើការពិគ្រោះយោបល់ ដើម្បីប្រូលធាតុចូលសម្រាប់ផែនការយុទ្ធសាស្ត្រថ្មីនៅឆ្នាំ២០២៥-២០២៩ ដោយបានផ្តោតលើការធ្វើអន្តរាគមន៍ជាចម្បង តាមគោលបំណង និងសកម្មភាពជាយុទ្ធសាស្ត្រ។
ក្នុងនាមសមាគមបណ្តាញយុវជនកម្ពុជា ប.យ.ក ពិតជាអរគុណយ៉ាងក្រៃលែងទៅកាន់សមាជិក សមាជិកា របស់យើង សម្រាប់ការចូលរួមយ៉ាងសកម្ម និងចូលរួមចំណែកដ៏មានតម្លៃក្នុងការពង្រឹងបេសកម្មរបស់យើង!