ការសិក្សាបង្ហាញថាព្រៃឡង់ជាង១០ម៉ឺនហិកតាត្រូវបានបាត់បង់ក្នុងរយៈពេល២០ឆ្នាំ
ការសិក្សាថ្មីមួយបង្ហាញថា ព្រៃឈើក្នុងតំបន់ព្រៃឡង់ ជាង១០ម៉ឺនហិកតា បានក្លាយទៅជាវាលរហោឋានឬត្រូវបានបំលែងទៅជាចំការដំណាំ ក្នុងរយៈពេល២០ឆ្នាំមកនេះ។ ការសិក្សានេះគឺគេចង់បង្ហាញថា ព្រៃឈើដ៏សំខាន់នៅតំបន់អាស៊ីមួយនេះកំពុងប្រឈមនឹងការបាត់បង់បន្តទៀត។ បើទោះបីជារដ្ឋាភិបាលបានដាក់តំបន់ព្រៃឡង់ទៅជាតំបន់ការពារកាលពីឆ្នាំ២០១៦ក៏ដោយ ក៏ព្រៃឡង់នៅតែបន្តបាត់បង់ដោយសារកត្តាជាច្រើន។
របាយការណ៍ដែលសរសេរជាភាសាអង់គ្លេស ដោយកម្មវិធីអេកូឡូស៊ីនៃអង្គការ Jesuit Service Cambodia (JSC) សហការជាមួយបណ្តាញយុវជនកម្ពុជា (CYN) ផ្សាយនៅថ្ងៃ១០សីហានេះ បង្ហាញថាព្រៃឈើទំហំ១០២.៤៣៦ ហិកតា ឬ២៤% នៃព្រៃឡង់ ត្រូវបានបាត់បង់តាំងពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៩។ គឺជាការប្រៀបធៀបតាមរយៈរូបភាពដែលថតបានពីផ្កាយរណប ដែលត្រូវបានថតក្នុងកំឡុងឆ្នាំ ១៩៩៩, ២០០០, ២០១៨ និង ២០១៩។
របាយការណ៍នេះ អះអាងថា ព្រៃឈើចំនួន ១០២.៤៣៦ ហិកតាត្រូវបានបាត់បង់ ដែលក្នុងនោះមានផ្ទៃដី ៥៨.១៣៨ ហិកតាត្រូវបានប្តូរពីព្រៃទៅជាចម្ការ ខណៈផ្ទៃដីចំនួន ១,១១១ ហិកតាត្រូវបានដុះព្រៃឡើងវិញដោយធម្មជាតិ និងការដាំដុះដោយកម្មវិធីដាំដើមឈើគិតត្រឹមឆ្នាំ ២០១៩។
លោក ស ម៉ូរី អ្នកគ្រប់គ្រងកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃបណ្តាញយុវជនកម្ពុជា បានប្រាប់វិទ្យុបារាំងអន្តរជាតិRFIបន្ថែមថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ច នៅតំបន់ព្រៃឡង់ ទៅឲ្យក្រុមហ៊ុនឯកជន មុនពេលព្រៃឡង់ដាក់ទៅជាតំបន់ការពារ គឺជាមូលហេតុចំបងមួយនាំឲ្យមានការបាត់បង់ព្រៃឡង់។ ប៉ុន្តែទោះបីជាតំបន់នេះត្រូវបានដាក់ទៅជាតំបន់ការពារ នៅឆ្នាំ២០១៦ក៏ដោយ តែការលួចកាប់ឈើ និងការទន្ទ្រានយកដីព្រៃដើម្បីធ្វើកសិកម្មនៅតែបន្តកើតមាននៅតំបន់ព្រៃឡង់។ នេះបើតាម លោក ស ម៉ូរី។
លោក ស ម៉ូរី បានគូសបញ្ជាក់ទៀតថា ការដែលអង្គការទាំងពីរនេះ ចេញរបាយការណ៍នៅពេលនេះគឺចង់បង្ហាញទៅកាន់សាធារណៈ និងអាជ្ញាធរពាក់ព័ន្ធឲ្យបានដឹងពីការបន្តបាត់បង់ព្រៃឡង់ និងរួមគ្នារក្សាព្រៃឈើដ៏សំខាន់នៅតំបន់អាស៊ីមួយនេះឲ្យបានគង់វង្ស៕
ប្រភព៖ RFI