លិខិតចំហស្តីពី “ការស្នើសុំទម្លាក់ចោលបទចោទលើសកម្មជនបរិស្ថានចំនួន បីរូប”
(ភ្នំពេញ, ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២១)
គិតត្រឹមខែ ឧសភា ឆ្នាំ ២០២១ នេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនសកម្មជន បរិស្ថានចំនួនបីរូប អស់រយៈពេល៨ខែមកហើយ ក្នុងនោះរួមមានលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង កញ្ញា ភួង កែវរស្មី ដោយសារពួកគេប្រកាសធ្វើយុទ្ធនាការទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ការលុបបឹងតាមោកបន្តទៀត ដែលមានភូមិសាស្ត្រស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់មកលើសកម្មជនទាំងបីរូបពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខ សង្គម” តាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៤៩៤ និង មាត្រា ៤៩៥ ដែលអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ។
រយៈពេល ៨ខែនៃការឃុំខ្លួនសកម្មជនបរិស្ថានទាំងបីរូបនេះ បានធ្វើឱ្យមានការដាក់ចម្ងល់ជាច្រើនចំពោះសកម្មភាពដែលមានគោលបំណងការពារធនធានធម្មជាតិ សកម្មភាពសង្គម និងសិទ្ធិសេរីភាព បែរជាត្រូវទទួលរងបទចោទប្រកាន់ពីតុលាការថាជាសកម្មភាពញុះញង់ទៅវិញ។
សកម្មភាពរបស់សកម្មជនបរិស្ថានទាំងបីរូប ជាសកម្មភាពដែលបានធ្វើឡើងក្នុងគោលបំណងរក្សាប្រយោជន៍សាធារណៈ តាមរយៈការអនុវត្តសិទ្ធិសេរីភាព ការបញ្ចេញមតិ និងបង្ហាញពីការព្រួយបារម្ភដែលស្របតាមបញ្ញត្តិទាំងឡាយក្នុងជំពូក៣ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា។ មាត្រា ៣៥ កឋាខណ្ឌទីពីរបានចែងថា “សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ” ដែលសេចក្តីនេះបានបង្ហាញពីតួនាទីរបស់រដ្ឋក្នុងនាមជាអ្នកមានកាតព្វកិច្ច ត្រូវទទួលដោះស្រាយយ៉ាងយកចិត្តទុកដាក់ចំពោះទុក្ខកង្វល់របស់ប្រជាពលរដ្ឋ និងយុវជនខ្មែរឱ្យបានគ្រប់ជ្រុងជ្រោយ។ ចំពោះបទបញ្ញត្ដិស្តីពីកិច្ចគាំពារបរិស្ថាន សុទ្ធតែបានលើកទឹកចិត្តឱ្យមានការចូលរួមពីសាធារណជនក្នុងកិច្ចការ ការពារ អភិរក្ស និងថែរក្សាបរិស្ថានឱ្យបានគង់វង្សដូចមានក្នុងមាត្រា២១ និង ២៩ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
អនុលោមតាមបញ្ញត្តិទាំងឡាយខាងលើ សកម្មភាពរបស់ពួកគេជាសកម្មភាពស្របច្បាប់ លើកទឹកចិត្តដោយច្បាប់ ព្រមទាំងពុំមានព្យសនកម្មណាមួយចំពោះសង្គមសោះឡើយ។
យើងទាំងអស់គ្នាជាអង្គការសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម ស្នើឱ្យមានការទម្លាក់ចោលបទចោទចំពោះសកម្មជនទាំងបីរូបឱ្យមានសេរីភាពឡើងវិញ ដើម្បីរួមចំណែកលើកកម្ពស់វិស័យយុត្តិធម៌សង្គម ការលើកទឹកចិត្តក្នុងការចូលរួមកិច្ចការពារបរិស្ថាន សង្គម ប្រជាធិបតេយ្យ នីតិរដ្ឋ និងការត្រលប់ជួបជុំគ្រួសារដើម្បីបំពេញកាតព្វកិច្ចជាឳពុក ជាកូន និងជាពលរដ្ឋសកម្មបន្តទៀត។
លិខិតចំហនេះគាំទ្រដោយ៖
១. សមាគមបណ្តាញយុវជនកម្ពុជា (CYN)
២. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៣. សហភាពផ្ទះសាមគ្គី (SH)
៤. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
៥. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
៦. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
ទំនាក់ទំនងសាកសួរព័ត៌មាន៖
លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីសា្រជ្រាវ និងតស៊ូមតិ នៃ CYN 0967 888 368