សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញការកាប់បំផ្លាញព្រៃឈើចំនួន ១០០ករណី នៅក្នុងដែនជម្រកសត្វព្រៃព្រះរការ

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញការកាប់បំផ្លាញព្រៃឈើចំនួន ១០០ករណី នៅក្នុងដែនជម្រកសត្វព្រៃព្រះរការ
ថ្ងៃ​ច័ន្ទ 29 មិនា 2021

 

សមាគមបណ្តាញយុវជនកម្ពុជា CYN មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ឱ្យបានជ្រាបថា ក្រុមការងាររបស់សមាគមបានរកឃើញមានការកើតឡើងបទល្មើសកាប់បំផ្លាញព្រៃឈើ ចំនួន ១០០ករណី ព្រមទាំងការលួចដុត និងកាប់ឆ្ការព្រៃនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ចាប់តាំងពីមានការរារាំងមិនឱ្យសហគមន៍មូលដ្ឋាន អង្គការសមាគម និងអ្នកការពារព្រៃឈើចូលរួមល្បាតនៅក្នុងដែនជម្រកនេះមក។

នៅចន្លោះពីថ្ងៃទី ១៩ ដល់ ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារគម្រោង អ្នកការពារព្រៃឈើ របស់បណ្តាញយុវជនកម្ពុជាបានប្រមូលភ័ស្តុតាងអំពីបទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ដែលស្ថិតនៅក្នុងប្រជុំស្រុកចំនួនបីនៃខេត្ត ព្រះវិហារ គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប។ ក្នុងរយៈចំងាយអង្កេតប្រវែង ៥៥គីឡូម៉ែត្រដោយចាប់ផ្តើមពីចំណុច(X= 503592 Y= 1531900) រហូតដល់ចំណុចភូមិសាស្ត្រភូមិក្តុល ឃុំម្លូព្រៃមួយ ស្រុកឆែប ត្រង់ចំណុច(X=528854 Y=1527360) យើងបានរកឃើញបទល្មើសនៃការកាប់បំផ្លាញដើមឈើចំនួន ១០០ ករណី ភាគច្រើនជាប្រភេទដើមឈើកម្រនិងមានតម្លៃពុំអាចកាត់ថ្លៃ ដែលមានទំហំមុខកាត់ចាប់ពី ៤៥សង់ទីម៉ែត្រ រហូតដល់ ១.៣៥ ម៉ែត្រនៅក្នុងតំបន់ដែលជាប្រភេទព្រៃស្រោង និងពាក់កណ្តាលស្រោង។ ប្រភេទឈើដែលត្រូវរងការកាប់បំផ្លាញមានប្រភេទដូចជា ឈើទាល ស្ទៀង ផ្តៀក ពពេល ផ្ចឹកឧត្តម គគី និងសុក្រំជាដើម ហើយព្រមទាំងមានការដុតនិងឆ្ការ ផ្នែកខ្លះថែមទៀតផង ដែលភាគច្រើនកើតឡើងនៅចំណុចអូរតាម៉ាក់។

សូមបញ្ជាក់ផងដែរថាសមាគមបណ្តាញយុវជនកម្ពុជា ធ្លាប់បានជូនដំណឹងពីការចុះទៅល្បាតការពារព្រៃក្នុងដែនជម្រកសត្វព្រៃព្រះរការតាមរយៈលិខិតលេខ០១៥/២១ប.យ.ក ចុះថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២១ តែត្រូវបានមន្ទីរបរិស្ថានខេត្តព្រះវិហារ បដិសេធមិនឱ្យចូលរួមល្បាតនៅក្នុងដែនជម្រកឡើយ តាមរយៈលិខិតលេខ ០០៦២/២១ បស្ថ.ពហ ចុះថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ ដោយអះអាងថា សមាគមមិនបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថាន ដែលការអះអាងនេះផ្ទុយពីខ្លឹមសារច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រង់មាត្រា៩។

ទន្ទឹមនឹងការរារាំងមិនឱ្យសមាគមបណ្តាញយុវជនកម្ពុជា CYN និងការរាតត្បាតនៃវីរុសកូវិដ-១៩ បែរជាកើតមានចំនួនបទល្មើសនៃការបំផ្លាញព្រៃឈើដ៏ច្រើនលើសលប់នៅក្នុងដែនជម្រកសត្វព្រៃ ព្រះរការនេះទៅវិញ ដែលធ្វើឱ្យយើងពិតជាមានការព្រួយបារម្ភចំពោះការបាត់បង់ដែលនឹងអាចឈានទៅរកការផុតពូជប្រភេទឈើកម្រនិងមានតម្លៃ ការកាប់ឆ្ការព្រៃដោយខុសច្បាប់ដែលបង្កផលប៉ះពាល់ដល់ជម្រកសត្វព្រៃ ជាពិសេសការបាត់បង់ប្រភេទដើមឈើផ្តល់ជ័រច្បោះនិងការដកហូតអនុផលព្រៃឈើដែលជាប្រភពសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សហគមន៍មូលដ្ឋាន និងអាចឈានទៅរកវិនាសកម្មបាត់បង់ទាំងស្រុងនូវដែនជម្រកសត្វព្រៃព្រះរការនាពេលអនាគត។

ជាថ្មីម្តងទៀតសមាគមបណ្តាញយុវជនកម្ពុជា CYN ស្នើសុំឱ្យក្រសួងបរិស្ថានពិនិត្យពិចារណាបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាព និងបើកចំហសម្រាប់សហគមន៍មូលដ្ឋាន សកម្មជនអ្នកស្រឡាញ់ព្រៃឈើ សមាគម អង្គការសង្គមស៊ីវិល និងសាធារណជន បានចូលរួមធ្វើកិច្ចការល្បាត ការពារ អភិរក្ស និងថែរក្សាព្រៃឈើ ស្របទៅតាមបញ្ញត្តិស្តីពីសិទ្ធិនិងករណីយកិច្ចរបស់ពលរដ្ឋដូចមានចែកក្នុងមាត្រា ៣៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា ២៩ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដែលបានធានានូវករណីយកិច្ចរបស់សាធារណជនគ្រប់រូបនៅក្នុងការងារការពារធនធានធម្មជាតិ ដើម្បីចូលរួមការពារព្រៃឈើឱ្យបានគង់វង្ស។
មានតែការបើកចំហរដោយសេចក្តីទទួលខុសត្រូវ និងទូលំទូលាយដល់សាធារណជនអាចចូលរួមការពារព្រៃឈើដោយឈរលើជំហរជាអ្នកការពារតែប៉ុណ្ណោះ ទើបអាចរក្សាព្រៃឈើរបស់ប្រទេសកម្ពុជា បានគង់វង្សយូរអង្វែងស្របតាមស្មារតីនៃសាមគ្គីភាពប្រកបដោយសុឆន្ទៈពិតប្រាកដ។

ទំនាក់ទំនងសាកសួរព័ត៌មាន៖

– លោក ហេង គឹមហុង      ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ     0967 888 368

– លោក សាន់ ម៉ាឡា          មន្ត្រីជាន់ខ្ពស់ផ្នែកតស៊ូមតិ                              015 998 555
– លោក ម៉ា ចិត្រា              មន្ត្រីជាន់ខ្ពស់ប្រព័ន្ធផ្សព្វផ្សាយ                        098 927 999

ទាញយកសេចក្តីប្រកាសព័ត៌មាន​​ និងលេខនិយាមការលម្អិតនៅទីនេះ​

Press Release

Add your Comment

Recent Posts