បទពិសោធន៍របស់កញ្ញា ហេង ណេងលាង ក្នុងការចូលរួមកម្មវិធីបោះជំរំជាមួយបណ្តាញយុវជនកម្ពុជា
“ក្នុងនាមជាយុវជនម្នាក់ តើយើងអាចធ្វើអ្វីបានខ្លះដើម្បីចូលរួមការពារធនធានធម្មជាតិស្រស់បំព្រងនេះ?”
ក្នុងនាមខ្ញុំដែលជានិស្សិតកំពុងសិក្សាផ្នែកគ្រប់គ្រងពាណិជ្ជកម្មមួយរូបនេះពិតជាមានអារម្មណ៏ត្រេកអរជាខ្លាំងបានចូលរួមក្នុងកម្មវិធីបោះជំរុំយុវជនស្តីពីភាពជាអ្នកដឹកនាំរួមវ័យក្មេងក្នុងការការពារធនធានធម្មជាតិ ដើម្បីពង្រឹងអំណាចយុវជនកម្ពុជាតាមរយះការលើកកម្ពស់អភិបាលកិច្ចល្អក្នុងសហគមន៏រួមទាំងការ
សិក្សាពីការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន(EIA) និងការតស៊ូមតិរបស់យុវជនក្នុងការប្រើប្រាស់
ធនធានធម្មជាតិប្រកបដោយមាននិរន្តរភាព។
តាមរយៈដំណើរសិក្សាស្វែងយល់ជាមួយនឹងអង្គការបណ្តាញយុវជនកម្ពុជា(CYN)ទៅកាន់តំបន់អារ៉ែងនៅថ្ងៃទី២១ដល់២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ នាងខ្ញុំបានរៀនសូត្រពីស្ថានភាពរបស់សហគមន៍អារ៉ែង និងការប្រឈមនៃតំបន់នេះ ព្រមទាំងការតស៊ូមតិក្នុងការការពារនៅទឹកដីដ៏សែនស្រស់បំព្រងមួយនេះ។ ដោយការចាប់អារម្មណ៍នៃសម្រស់ព្រៃឈើនិងការមើលឃើញនូវសេចក្តីលំបាករបស់ប្រជាជននៅតំបន់
នេះនាងខ្ញុំមានក្តីសង្វែកបន្ទាប់ពីបានសិក្សាស្វែងយល់ពីផលប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរពីគម្រោងសាងសងទំនប់វារីអគ្គិសនីដែលនឹងមាននៅលើទឹកដីនេះ។ បន្ទាប់ពីស្តាប់សកម្មជននិងប្រជាជនក្នុងសហគមន៍ ដែលពីមុនពួកគាត់រស់នៅតំបន់ដែលរងការគំរាមកំហែងឲ្យចេញពីទឹកដីនិងព្រៃឈើរបស់ពួកគាត់ ព្រម
ទាំងជាការមើលឃើញពីកម្លាំងនិងមហិចតារបស់សកម្មជននិងអ្នកភូមិក្នុងការតស៊ូមតិដើម្បីការពារតំបន់អារ៉ែង “ខ្ញុំតែងតែសួរខ្លួនឯងថាក្នុងនាមជាយុវជនម្នាក់តើខ្ញុំអាចធ្វើអ្វីបានខ្លះដើម្បីចូលរួមការពារ ធនធានធម្មជាតិក្នុងតំបន់នេះ” ។
បើតាមអនុសាសន៏របស់អតីតប្រធានសហគមន៏បានជ្រាបថាតំបន់អារ៉ែងឋិតក្នុងតំបន់ព្រៃការពារភ្នំ-ក្រវាញ ភាគកណ្ដាលដែលជាព្រៃក្រាស់ហើយធំជាងគេនៅតំបន់អាស៊ីភាគអាគ្នេយ៍។តំបន់ព្រៃស្តុកនេះមានទំហំប្រហែលជា ៣ទៅ៤ម៉ឺនហិកតាលាតសន្ធឹងកាត់ឃុំចំនួន៣ក្នុងស្រុកថ្មបាំងខេត្តកោះកុង។ តំបន់នេះជាជម្រករស់នៅដ៏សុខសាន្តរបស់ក្រុមជនជាតិដើមភាគតិចជងជាង ១.០០០ នាក់ ហើយពួកគាត់ប្រកបរបរចិញ្ចឹមជីវិតដោយការទាញយកអនុផលព្រៃឈើទៅតាមវប្បធម៌ ប្រពៃណីនិង ទំនៀមទម្លាប់តាំងពីដូនតាមកម្ល៉េះ។នៅទីនោះពោរពេញទៅដោយផ្នូរកប់សពដូនតារបស់ពួកគាត់ហើយ ផ្នូរទាំងនោះភាគច្រើនជាក្អមដែលគេដាក់នៅតាមជញ្ជាំងក្រហែងថ្ម ដែលជាហេតុផលជម្រុញពួកគាត់មានការតស៊ូមតិក្នុងការការពារទឹកដីនិងប្រពៃណីនេះ។
នៅក្នុងកម្មវិធីបោះជំរុំសិក្សាបីថ្ងៃនេះក្នុងការយល់ដឹងបន្ថែមពីផលប៉ះពាល់របស់ធនធានធម្មជាតិក្នុង ការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង ក្រុមពួកយើងក៏បានធ្វើដំណើរទៅស្ទឹងឆាយតាហ៊ីង ភ្នំ ម្រេចកង្កែបនិងតំបន់ទឹកជ្រោះធ្លាក់មួយចំនួនទៀតក្នុងតំបន់នេះនៅក្នុងទស្សនះកិច្ចសិក្សាពួកយើងបានបង្ហាញឆន្ទៈមិនចង់ឲ្យរដ្ឋាភិបាលអភិវឌ្ឍតំបន់នេះជាទំនប់វារីអគ្គិសនីទេ ប៉ុន្តែចង់ឲ្យអភិវឌ្ឍន៏ទៅជាតំបន់ទេសចរណ៍ធម្មជាតិជំនួសវិញ។ នៅត្រង់ចំណុចនេះហើយនាងខ្ញុំពិតជាចង់ស្នើទៅរដ្ឋាភិបាលឲ្យសិក្សាស្រាវជ្រាវឬពិនិត្យផលប៉ះពាល់ប្រកបដោយតម្លាភាពដោយមានការចូលរួមពីពលរដ្ឋក្នុងសហគមន៍ និងអង្គការសង្គមស៊ីវិលឯករាជ្យនានាមុននឹងមានការអភិវឌ្ឍន៏តំបន់អារ៉ែងសម្រាប់វិស័យផ្សេងៗនាថ្ងៃអនាគត។
តាមរយៈមើលឃើញនឹងបានយល់ដឹងយ៉ាងច្បាស់នូវទុក្ខលំបាករួមទាំងទឹកចិត្តយ៉ាងសកម្មរបស់សកម្មជននិងអ្នកភូមិក្នុងការការពារនៅទឹកដីនេះបន្ទាប់ពីកម្មវិធីបោះជំរុំនេះបានបញ្ចប់បានជម្រុញចិត្តអោយនាងខ្ញុំចង់យុវជននិងមិត្តភិក្តដទៃទៀតបានទៅស្គាល់សម្រស់ដ៏ល្អឆើតឆាយរបស់តំបន់អារ៉ែង ហើយក៏ដើម្បីអោយពួកគាត់បានចូលរួមនៅក្នុងកិច្ចការពារបរិស្ថាននិងលើកទឹកចិត្តយុវជនក្នុងការគ្រប់គ្រងធនធានធម្មជាតិឱ្យមានតម្លាភាព។
អត្ថបទដោយ៖ ហេង ណេងលាង