របាយការណ៍ថ្មីបង្ហាញពីការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញបរិស្ថាននៅពេលការអភិវឌ្ឍន៍របស់ឯកជន គំរាមកំហែងធ្វើឱ្យមានការជន់លិចនៅក្នុងរាជធានីភ្នំពេញ
អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្សលីកាដូ (LICADHO) បណ្តាញយុវជនកម្ពុជា (CYN) អង្គការសមធម៌កម្ពុជា (EC) និងអង្គការសមាគមធាងត្នោត (STT)
ប្រជាពលរដ្ឋជាងមួយលាននាក់នៅក្នុងរាជធានីភ្នំពេញកំពុងប្រឈមនឹងការកើនឡើងនូវទឹកជំនន់ និងមានមនុស្សជាងមួយពាន់គ្រួសារទៀតកំពុងប្រឈមនឹងការបណ្តេញចេញ ការបាត់បង់ប្រាក់ចំណូល និងអសន្តិសុខស្បៀង ខណៈដែលគម្រោងអភវិឌ្ឍន៍ អាយ អិន ជី ស៊ីធី (ING City) និង គម្រោងផ្សេងៗទៀតបាននិងកំពុងធ្វើឱ្យប៉ះពាល់តំបន់បឹងទំបន់ ឬជើងឯកដែលស្ថិតនៅភាគខាងត្បូង រាជធានីភ្នំពេញ។
របាយការណ៍ស្រាវជ្រាវដែលមានចំណងជើងថា ការបាត់បង់បឹងទំពុន៖ ការវាយ តម្លៃហេតុ ប៉ះពាល់សង្គម និងសិទ្ធិមនុស្សពីការបំផ្លិចបំផ្លាញតំបន់បឹងទំពុន ឬជើងឯក បានរកឃើញថាប្រជាជនកម្ពុជា រាប់លាននាក់ទំនងជានឹងរងផលប៉ះពាល់ពីការធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរនៅតំបន់បឹងទំពុន ឬជើងឯក ដោយ ក្រុមហ៊ុន អាយ អិន ជី ហូលឌីង (ING Holdings) និងសាជីវកម្មឯកជនផ្សេងៗទៀត រួមមានក្រុមហ៊ុន ជីបម៉ុង អ៊ីអនម៉ល អ័រគីដេវីឡា និងបុរីប៉េងហួត។ល។ ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើ វិស័យសិទិ្ធមនុស្ស និងបរិស្ថានបានស្ទង់មតិជាមួយនឹងប្រជាពលរដ្ឋចំនួន ៤៦៩ គ្រួសារ ដែលកំពុងរស់នៅ ឬប្រើប្រាស់តំបន់បឹងនេះ និងទន្លេ។ ជាលទ្ធផល របាយការណ៍បង្ហាញពីផលប៉ះពាល់គួរឱ្យព្រួយបារម្ភក្នុង តំបន់បឹងទំពុន ឬជើងឯក ក្នុងផ្ទៃក្រឡាប្រមាណ ១.៥០០ ហិកតា ដែលកំពុងតែជួយទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងកាកសំណល់ និងការពារទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ។
“ខ្ញុំគិតថា វានឹងប៉ះពាល់ដល់ប្រជាជនក្រីក្រដែលដាំបន្លែ និងនេសាទត្រីនៅក្នុងតំបន់បឹងនេះ ដោយសារតែយើងពឹងផ្អែកលើបឹងសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើង។” សម្តីរបស់សមាជិកសហគមន៍មកពីតំបន់បឹងទំពុន ឬជើងឯក កាលពី ខែឧសភា ឆ្នាំ២០២០
បើគ្មានតំបន់បឹងទាំងនេះទេ ប្រជាជនជាងមួយលាននាក់នៅក្នុងរាជធានីភ្នំពេញនឹងប្រឈមការកើនឡើងនៃទឹកជំនន់។ សម្រាប់សហគមន៍នៅខ្សែទឹកខាងក្រោម បើការអភិវឌ្ឍរបស់ឯកជនដែលនៅតែបន្តនឹងបណ្តាលឱ្យបាត់បង់នូវមុខរបរចិញ្ចឹមជីវិត និងមនុស្សជាងមួយពាន់គ្រួសារត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានរបស់ពួកគាត់។ ផ្ទៃនៃតំបន់បឹងទំពុន ឬបឹងជើងឯកដែលធ្លាប់ជាទ្រព្យសម្បត្តិសាធារណៈ ដោយសារស្របតាមលក្ខណៈវិនិច្ឆ័យដែលត្រូវចាត់ទុកថាជាទ្រព្យសម្បត្តិសាធារណៈ ឥឡូវត្រូវបានគេកាត់ និងបែងចែកទៅឱ្យក្រុមហ៊ុនអភិវឌ្ឍន៍នានា ដោយសារតែមានអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនៅចន្លោះ ឆ្នាំ២០១៧ និងឆ្នាំ២០១៩។ ជាលទ្ធផល ផ្ទៃតំបន់បឹងទំពុន ឬជើងឯកដែលពីមុនមានទំហំយ៉ាងហោចណាស់ ១.៥០០ ហិកតា ប៉ុន្តែឥឡូវនេះគ្រោងនឹងត្រូវកាត់មកនៅត្រឹមទំហំ ១០៧ ហិកតាតែប៉ុណ្ណោះ។ តំបន់បឹងទំពុន ឬជើងឯកបម្រើផលប្រយោជន៍សាធារណៈសំខាន់ពីរគឺ កាត់បន្ថយទឹកជំនន់ក្នុងរាជធានីភ្នំពេញ ដោយបឹងនេះរក្សាទុកទឹកភ្លៀងដែលហូរចេញពីរាជធានី និងមួយផ្នែកទៀតដើរតួនាទីប្រព្រឹត្តកម្មទឹកកខ្វក់ដែលហូរចេញពីរាជធានីភ្នំពេញ មុនពេលហូរចូលទៅក្នុងទន្លេបាសាក់។ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានគ្រោងនឹងផ្តល់នូវរោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់ដែលមានតម្លៃខ្ពស់ ដែលអាចធ្វើប្រព្រឹត្តកម្មទឹកកខ្វក់បានតិចជាង ២ ភាគរយ នៃទឹកកខ្វក់ដែលកំពុងហូរចូលក្នុងតំបន់បឹងទំពុន ឬជើងឯកជារៀងរាល់ថ្ងៃ។
សិទ្ធិមនុស្ស
សិទ្ធិមនុស្សជាមូលដ្ឋាន មានដូចជា សិទ្ធិមានលំនៅឋានសមរម្យ សិទ្ធិទទួលបានការពារផ្នែកសន្តិសុខសង្គម សិទ្ធិទទួលបានការងារ សិទ្ធិទទួលបានស្បៀងអាហារគ្រប់គ្រាន់ សិទ្ធិទទួលបានការអប់រំ សិទ្ធិចូលរួមក្នុងកិច្ចការសង្គម សិទ្ធិក្នុងការទទួលបានទឹកស្អាត អនាម័យ និងសិទ្ធិទទួលបានសុខភាពសល្អ សុទ្ធសឹងតែស្ថិតក្រោមការគំរាមកំហែងដោយសារគម្រោង អាយ អិន ជី ស៊ីធី (ING City) និងការអភិវឌ្ឍន៍ផ្សេងៗនៅលើតំបន់បឹងទំពុន ឬជើងឯក។ ទឹកជំនន់ និងការបាត់បង់ជីវភាពរស់នៅត្រូវបានគេរាយការណ៍យ៉ាងទូលំទូលាយនៅតាមសហគមន៍ដែលបានស្ទង់មតិ។ គ្រួសារជាច្រើនបានរាយការណ៍ថា ប្រាក់ចំណូលចម្បងរបស់ពួកគាត់គឺផ្អែកលើការដាំដំណាំ ឬដោយការនេសាទនៅក្នុងបឹងនេះ ដែលពួកគាត់នឹងមិនអាចធ្វើបានទេនៅពេលដែលតំបន់បឹងត្រូវបានបំផ្លិចបំផ្លាញ។ លើសពីនេះទៀត សិទ្ធិក្នុងការទទួលបានលំនៅឋានសមរម្យអាចត្រូវប្រឈមនឹងការបណ្តេញចេញ ដោយហេតុថាប្រជាសហគមន៍រាប់រយគ្រួសារគ្មានប័ណ្ណកម្មសិទ្ធិដីធ្លី។ ភាគច្រើននៃគ្រួសារទាំងនេះកំពុងទទួលរងនូវផលប៉ះពាល់នៃការជំពាក់បំណុល មិនសូវបានទទួលបានប័ណ្ណក្រីក្រ និងគ្រួសារស្ទើរតែទាំងអស់មិនទទួលបានការពិគ្រោះយោបល់ស្តីពីគម្រោងអភិវឌ្ឍនានារបស់ក្រុមហ៊ុនឯកជនទាំងនោះឡើយ។
“ រាជរដ្ឋាភិបាលមានការទទួលខុសត្រូវក្នុងការធានាការពារប្រជាជនពីការរំលោភសិទ្ធិមនុស្ស។ របាយការណ៍នេះត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីហានិភ័យនានាទាក់ទងនឹងសិទ្ធិមនុស្ស ដើម្បីឱ្យរាជរដ្ឋាភិបាលអាចចាត់វិធានការដែលសមស្របនានាដើម្បីដោះស្រាយបញ្ហាទាំងនោះ។”
លោក សឿង សារ៉ន (អង្គការសមាគមធាងត្នោត)
ផលប៉ះពាល់ផ្នែកបរិស្ថាន
តំបន់បឹងទំពុន ឬជើឯកជាង ៩០% នឹងត្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរ ហើយទន្លេបាសាក់ និងទន្លេមេគង្គក៏នឹងត្រូវបានបំពុលដោយសារការអភិវឌ្ឍទាំងនេះផងដែរ។ បច្ចុប្បន្ននេះដំណាំដែលដាំនៅលើផ្ទៃបឹង បានធ្វើព្រឹត្តកម្មទឹកកខ្វក់ដែលហូរចេញពីរាជធានីភ្នំពេញ មុនពេលវាហូរចេញពីបឹងនេះចូលទៅក្នុងទន្លេបាសាក់។ ប្រសិនបើបឹងត្រូវបានបាត់បង់ ទឹកកខ្វក់នឹងហូរចូលទន្លេបាសាក់ ឬទន្លេមេគង្គ ឬទន្លេទាំងពីរដោយមិនបានធ្វើព្រឹត្តកម្ម ដែលនេះបង្កហានិភ័យធ្ងន់ធ្ងរដល់ជម្រកត្រី និងប្រជាសហគមន៍ដែលពួកគាត់ពឹងផ្អែកលើទន្លេសម្រាប់ទឹកបរិភោគ និងចំណីអាហាររបស់ពួកគាត់ប្រចាំថ្ងៃ។ ម្យ៉ាងវិញទៀត បឹងនេះគឺជាជម្រកនៃពពួកសត្វជាច្រើនប្រភេទ រួមទាំងសត្វជិតផុតពូជផងដែរ។ ការធ្វើឱ្យប៉ះពាល់ ឬបំផ្លិចបំផ្លាញតំបន់បឹងទំពុន ឬជើងឯកនឹងធ្វើឱ្យសត្វ និងជីវចម្រុះដែលកំពុងរស់នៅក្នុងបឹងទាំងនេះប្រឈមនឹងហានិភ័យធ្ងន់ធ្ងរ។
“ត្រីអាចត្រូវបានងាប់ បក្សីអាចត្រូវបានងាប់ ហើយវានឹងប៉ះពាល់ដល់សត្វ និងមនុស្សដទៃទៀត។ គេមិនទាន់ដឹងច្បាស់ថាតើមានវិធានការអ្វីខ្លះដើម្បីការពារប្រឆាំងនឹងការខូចខាតផ្នែកបរិស្ថាននេះ។ រាជរដ្ឋាភិបាលត្រូវប្រាកដថា ច្បាប់ពាក់ព័ន្ធនានាត្រូវបានគោរពដើម្បីការពារបរិស្ថាន និងសង្គម។ ការស្រាវជ្រាវ និងការចូលរួមជាសាធារណៈបន្ថែមទៀតគួរត្រូវបានធ្វើឡើងសម្រាប់គម្រោងដូចនេះ ពីព្រោះវានឹងធ្វើឱ្យប៉ះពាល់ដល់មនុស្សរាប់លាននាក់ និងអនាគតរាជធានីភ្នំពេញទាំងមូល។”
លោក អៀង វុទ្ធី (អង្គការសមធម៌កម្ពុជា)
របាយការណ៍ក៏បានរកឃើញថាដីខ្សាច់ភាគច្រើនដែលចាក់លុបតំបន់បឹងពុន ឬជើងឯកនេះកំពុងត្រូវបានបូមចេញពីទន្លេមេគង្គ និងទន្លេបាសាក់។ បរិមាណដីខ្សាច់ដែលត្រូវការដើម្បីបំពេញនៅតំបន់បឹងទំពុន ឬជើងឯកត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនប្រហែល ៧៧,០០០,០០០ ម៉ែត្រគូប ឬច្រើនជាង ១០០ លានតោន។ ការបូមខ្សាច់ចេញពីទន្លេក្បែរនោះបង្កជាហានិភ័យយ៉ាងខ្លាំងដល់បរិស្ថាន និងប្រជាជនក្នុងតំបន់ដែលរស់នៅក្បែរនោះ។
ដើម្បីឈ្វេងយល់លម្អិតពីរបាយការណ៍សិក្សាស្រាវជ្រាវនេះ សូមចូលទៅកាន់គេហទំព័ររបស់អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្សលីកាដូ (LICADHO) បណ្តាញយុវជនកម្ពុជា (CYN) អង្គការសមធម៌កម្ពុជា (EC) និងអង្គការសមាគមធាងត្នោត (STT)។
លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរ – អង់គ្លេស
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖
- លោក អំ សំអាត អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ (LICADHO)
- ទូរស័ព្ទ៖ ០១០ ៣២៧ ៧៧០
- អ៊ីម៉ែល៖samathmail@gmail.com
- លោក អៀង វុទ្ធី អង្គការសមធម៌កម្ពុជា (EC)
- ទូរស័ព្ទ៖ ០១២ ៧៩១ ៧០០
- អ៊ីម៉ែល៖vuthy@equitablecambodia.org
- លោក សឿង សារ៉ន អង្គការសមាគមធាងត្នោត (STT)
- ទូរស័ព្ទ៖ ០៨៩ ៦៦៦ ០១៣
- អ៊ីម៉ែល៖director@teangtnaut.org