ព្រៃឡង់ជាង១០ម៉ឺនហិកតាត្រូវបាត់បង់ក្នុងរយៈពេល២០ឆ្នាំ
របាយការណ៍សិក្សាថ្មីមួយរបស់អង្គការ Jesuit Service Cambodia (JSC) និងបណ្តាញយុវជនកម្ពុជា បង្ហាញថា ក្នុងរយៈពេលប្រមាណ២០ឆ្នាំចុងក្រោយនេះ ព្រៃឈើក្នុងតំបន់ព្រៃឡង់ជាង១០ម៉ឺនហិកតាបានក្លាយជាវាលរហោឋានឬត្រូវបានបំប្លែងទៅជាចម្ការដំណាំ។
របាយការណ៍សិក្សារបស់អង្គការទាំងពីរដែលចេញផ្សាយនៅថ្ងៃចន្ទនេះ បានបង្ហាញថា ចាប់តាំងពីឆ្នាំ២០០០ដល់ឆ្នាំ២០១៩ ព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ចំនួន១០២ ៤៣៦ហិកតាឬស្មើនឹង២៤% ត្រូវបានបាត់បង់។
របាយការណ៍ដដែលបន្តថា គិតត្រឹមឆ្នាំ២០១៩ ផ្ទៃដី៥៨ ១៣៨ហិកតា ដែលបានមកពីការបាត់បង់ព្រៃឈើជាង១០ម៉ឺនហិកតា ត្រូវបានបំប្លែងទៅជាដីចម្ការដំណាំ ខណៈផ្ទៃដីចំនួន១ ១១១ហិកតា ត្រូវបានដុះឡើងវិញដោយធម្មជាតិនិងការដាំដុះដោយកម្មវិធីដាំដើមឈើ។
របាយការណ៍បញ្ជាក់ថា ការសិក្សានេះធ្វើឡើងតាមរយៈការប្រៀបធៀបរូបភាពដែលថតបានពីផ្កាយរណបដែលត្រូវបានថតក្នុងអំឡុងឆ្នាំ១៩៩៩, ២០០០, ២០១៨ និង២០១៩។
អ្នកគ្រប់គ្រងកម្មវិធីស្រាវជ្រាវនិងតស៊ូមតិ នៃបណ្តាញយុវជនកម្ពុជា លោក ស ម៉ូរី បន្ថែមថា បើទោះបីជារដ្ឋាភិបាលដាក់ព្រៃឡង់ទៅជាតំបន់ការពារក៏ដោយ ប៉ុន្តែព្រៃឈើក្នុងតំបន់ព្រៃឡង់កំពុងប្រឈមនឹងការបាត់បង់បន្ថែមទៀត បើសិនការលួចកាប់ឈើខុសច្បាប់និងការទន្ទ្រានដីព្រៃពីសំណាក់ក្រុមឈ្មួញនៅតែបន្តកើតមាន។
លោក ស ម៉ូរី៖ «បើសិនបាត់បង់ព្រៃឡង់ទៅ នឹងបាត់ជីវៈចម្រុះ ធ្វើឱ្យបាត់បង់ដល់ជម្រកសត្វព្រៃជាង១០០ប្រភេទនៅក្នុងព្រៃឡង់។ ខ្ញុំគិតថា ការបាត់បង់ព្រៃនឹងប៉ះពាល់ទីជម្រាលហើយនិងការផ្គត់ផ្គង់ទឹកស្ទឹងជីនិតនិងស្ទឹងសែន ដែលស្ទឹងទាំងពីរដើរតួនាទីសំខាន់ក្នុងផ្គត់ផ្គង់ទឹកក្នុងអាងទន្លេសាប។ ទី៣ ព្រៃឡង់ជាព្រៃបៃតង ព្រៃគ្រប់រដូវ វាដើរតួនាទីសំខាន់ក្នុងទាក់ទាញទឹកភ្លៀងឬស្រូបកាបូនក្នុងបរិយាកាស អ៊ីចឹងបើសិនបាត់បង់ព្រៃឡង់ពីមួយឆ្នាំទៅមួយឆ្នាំ សក្ដានុពលព្រៃឡង់ក្នុងការស្រូបកាបូនពីបរិយាកាសកាន់តែថយទៅ»។
តំណាងបណ្ដាញសហគមន៍ព្រៃឡង់នៅខេត្តស្ទឹងត្រែង លោក ខេង ខូ លើកឡើងថា បទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់មិនមានការថយចុះឡើយ។
លោកថា៖ «ឥលូវ រាល់ថ្ងៃដឹកតាមមុខផ្ទះខ្ញុំមួយយប់ៗ៣ទៅ៤គោយន្ត តែខ្ញុំមិនថតទេ វាសាំហើយ ខ្ញុំវាឆ្អែតនឹងកិច្ចការពារធនធានធម្មជាតិ ដោយសារយើងរង់ចាំមើលមន្ត្រីបរិស្ថាននិងក្រសួងបរិស្ថានការពាររបៀបម៉េចបន្តទៀត យើងកំពុងសង្កេតមើលពួកគាត់ ថាគាត់ធ្វើការមានប្រសិទ្ធភាពអត់»។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា សុំមិនអត្ថាធិប្បាយលើរបាយការណ៍រកឃើញនេះទេ ដោយថា អង្គការទាំងពីរនេះធ្វើការងារពាក់ព័ន្ធនឹងការការពារធម្មជាតិ ដោយគ្មានកិច្ចព្រមព្រៀងឬអនុស្សរណៈការងារជាមួយក្រសួងដែលជាស្ថាប័នមានភារកិច្ចគ្រប់គ្រង ការពារ និងអភិរក្ស។
លោកថា៖ «ដូច្នេះអ្វីដែលជារបាយការណ៍របស់គាត់គឺជារឿងរបស់គាត់ សម្រាប់ក្រសួងបរិស្ថាន យើងបន្តយន្តការការងាររបស់យើង សហការជាមួយដៃគូ ក៏ដូចជាសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីការពារដែនជម្រកសត្វព្រៃព្រៃឡង់»។
បើតាមមន្ត្រីអ្នកនាំពាក្យរូបនេះ ក្នុងរយៈពេល៦ខែឆ្នាំនេះ មន្ត្រីឧទ្យានុរក្សបានចុះល្បាតនិងបង្ក្រាបបទល្មើសក្នុងតំបន់ការពារព្រៃឡង់បានចំនួន ៣៦៨៩ករណី និងរឹបអូសរណាយន្តបានចំនួន ២៥៧៨គ្រឿង។
រាជរដ្ឋាភិបាលសម្រេចដាក់ព្រៃឡង់ដែលគ្របដណ្តប់លើផ្ទៃដីជាង៤៣ម៉ឺនហិកតា (៤៣១ ៦៨៣ហិកតា) ស្ថិតនៅក្នុងខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង ជាតំបន់ការពារដែនជម្រកសត្វព្រៃព្រៃឡង់ ចាប់តាំងពីឆ្នាំ២០១៦មក។
របាយការណ៍សិក្សាដោយសាកលវិទ្យាល័យមួយនៅប្រទេសដាណឺម៉ាក រកឃើញថា ដែនជម្រកសត្វព្រៃព្រៃឡង់ បានបាត់បង់ព្រៃឈើលើផ្ទៃដីជិត១ម៉ឺនហិកតា (៧ ៥១០ហិកតា) ក្នុងឆ្នាំ២០១៩ ដែលចំនួននេះកើនឡើង៧៣ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ហើយក៏ជាអត្រានៃការកាប់បំផ្លាញព្រៃឈើតំបន់ព្រៃឡង់ខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៦មក៕
ប្រភព៖ វីអូឌី