សេចក្តីថ្លែងការណ៍រួម ទិវាបរិស្ថានពិភពលោកឆ្នាំ២០២២
សេចក្តីថ្លែងការណ៍រួម
ទិវាបរិស្ថានពិភពលោក ឆ្នាំ២០២២
ភ្នំពេញ, ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២
ក្រុមយុវជន សហគមន៍ សហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចូលរួមប្រារព្ធទិវាបរិស្ថានពិភពលោកឆ្នាំ២០២២ ក្រោមមូលបទស្តីពី “លើកកម្ពស់ការចូលរួមការពារបរិស្ថានដើម្បីចីរភាពធនធានធម្មជាតិ និងសុខុមាលភាពមនុស្សជាតិ” បានបន្តមានការព្រួយបារម្ភជាខ្លាំងចំពោះ វិបត្តិបរិស្ថាន សិទ្ធិបរិស្ថាន និងការមិនទាន់អនុវត្តឱ្យបានពេញលេញគ្រប់ជ្រុងជ្រោយទៅលើគោលនយោបាយស្តីពីកិច្ចការពារ ថែរក្សា តំហែទាំ ភាពព្រងើយកន្តើយ និងពុំបានយកចិត្តទុកដាក់ដោះស្រាយនូវរាល់សំណូមពរ ក៏ដូចជាក្តីកង្វល់នានា ជុំវិញបញ្ហា បរិស្ថាននៅក្នុងប្រទេសកម្ពុជា។
ការគ្រប់គ្រងធនធានធម្មជាតិ យើងខ្ញុំសង្កេតឃើញថា ទោះបីជារាជរដ្ឋាភិបាល បានខិតខំបង្កើននូវចំនួនតំបន់ការពារធនធានធម្មជាតិក្តី តែវាពុំបានឆ្លើយតបជាមួយការកើនឡើង នូវសកម្មភាពកាប់បំផ្លាញ និងឈូសឆាយដីព្រៃជាច្រើនហិកតា ទាំងនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ បឹងពែរ ព្រៃព្រះរការ និងតំបន់ដ៏ទៃទៀតជារៀងរាល់ថ្ងៃនោះទេ ។សកម្មភាពនេះបានធ្វើឱ្យគម្របព្រៃឈើរបស់ប្រទេសកម្ពុជារយៈពេលពីរទសវត្សរ៍ចុងក្រោយបានបន្តធ្លាក់ចុះរហូតដល់១៤.២៩%[1] ត្រឹមឆ្នាំ២០១៨។ ទន្ទឹមនឹងនេះនិន្នាការនៃការទន្ទ្រានដីយកមកធ្វើជាកម្មសិទ្ធិឯកជនដោយខុសច្បាប់ បានបន្ត គំរាមកំហែងយ៉ាងធ្ងន់ធ្ងរបន្ថែមទៀតដល់តំបន់ព្រៃឈើ តំបន់ការពារធម្មជាតិ តំបន់បឹងទន្លេសាប និងព្រៃសហគមន៍ ។
ចំពោះវិស័យថាមពល រដ្ឋាភិបាលមិនគួរដាក់ផែនការអភិវឌ្ឍវិស័យថាមលទៅលើតែជម្រើសនៃការសាងសង់ទំនប់វារីអគ្គីសនី និងរោងចក្រផលិតថាមពលអគ្គីសនីដើរដោយធ្យូងថ្ម ដូចអ្វីដែលកម្ពុជាបានប្តេជ្ញាចិត្តក្នុងសន្និសិទ្ធក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពី ការប្រែប្រួលអាកាសធាតុលើទី២៦ ក្នុងការមិនសាងសងរោងចក្រធ្យូងថ្មថ្មី និងទំនប់វារីអគ្គីសនី នៅតាមដងទន្លេមេគង្គ។ ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការធានាអំពីឯករាជ្យភាពនៃថាមពល ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រភពថាមពលនាំចូលដែលមានតម្លៃខ្ពស់ នឹងមិនមានលក្ខណៈស្ថិតស្ថេរ ជាភាពវិជ្ជមានសម្រាប់គោលនយោបាយថាមពល។ ទន្ទឹមជាមួយគ្នា ការធ្វើវិមជ្ឍការថាមពលតាមរយៈការផ្តល់សិទ្ធិពេញលេញដល់សហគមន៍មូលដ្ឋានក្នុងការចូលរួមសម្រេចចិត្តជ្រើសរើសយកប្រភពថាមពលកកើតឡើងវិញក្នុងមូលដ្ឋានរបស់ពួកគេមកប្រើប្រាស់ គឺជាយន្តការយ៉ាងមានប្រសិទ្ធិភាពសម្រាប់ចូលរួមចំណែកអនុវត្តគោលនយោបាយអធិបតេយ្យភាពថាមពល។
ការអភិវឌ្ឍដោយការលុបបឹងធម្មជាតិយ៉ាងឆាប់រហ័ស នៅតែបន្តជាការព្រួយបារម្ភចំពោះបញ្ហាបរិស្ថាននៅក្នុងរាជធានីភ្នំពេញ។ ជាក់ស្តែងក្នុងអំឡុងពេលជាង២ឆ្នាំ នៃការរីករាលដាលជំងឺកូវីដ-១៩ ផ្ទៃបឹងតាមោកជាង ៦៥% ត្រូវបានកាត់ និងផ្ទេរទៅឱ្យឯកជន និងស្ថាប័នរដ្ឋសម្រាប់គម្រោងសាងសង់ដោយគ្មានផែនការច្បាស់លាស់ ផ្ទុយពីផែនការប្រើប្រាស់ដីដែលបានអនុម័តរួច។ ការលុបផ្ទៃបឹងដែលមានតួនាទីសំខាន់ការស្តុកទឹកកង្វក់ និងបញ្ជៀសជំនន់ទឹកភ្លៀងនៅក្នុងទីក្រុងជាបន្តបន្ទាប់រួមមាន បឹងទំពុន បឹងតាមោក និងបឹងជើងឯកជាដើម នៅតែជាក្តីបារម្មណ៍សម្រាប់សាធារណជនទូទៅ និងជាគំរូមិនល្អនៅក្នុងការគ្រប់គ្រងដីរដ្ឋនៅឡើយ។
ដោយសារវិបត្តិបរិស្ថាន និងសិទ្ធិបរិស្ថាន គឺជាផ្នែកមួយដ៏សំខាន់ដើម្បីទ្រទ្រង់រាល់ជីវិតមនុស្សជាតិនៅលើភពផែនដី និងពលរដ្ឋកម្ពុជាយើងផងនោះ ដូច្នេះយើងទាំងអស់គ្នាជាក្រុមយុវជន សហគមន៍ សហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាល មានអនុសាសន៍ ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នមានសមត្ថកិច្ចដូចខាងក្រោម៖
១. ក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គួរយកចិត្តទុកដាក់លើការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនតាមបញ្ញត្តិនៃច្បាប់ស្តីពីតំបន់ការពារធនធានធម្មជាតិ ច្បាប់ស្តីពីព្រៃឈើ កម្មវិធីព្រៃឈើជាតិ និងគោលនយោបាយនានាសម្រាប់កិច្ចការងារអភិរក្ស និងការពារធនធានធម្មជាតិប្រកបដោយស័ក្ខសិទ្ធភាព។ ក្រសួងបរិស្ថាន គួរធ្វើអធិការកិច្ច លើគុណភាពនៃការ បំពេញការងាររបស់មន្ត្រីឧទ្យានុរក្ស ព្រមទាំងបើកលំហសិទ្ធិសេរីភាពសម្រាប់ការចូល ប្រកបដោយបរិយាប័ន្ន។
២. រាជរដ្ឋាភិបាល គួរពិនិត្យឡើងវិញលើគម្រោងដែលមានស្រាប់ និង មិនគួរមានការបង្កើតរោងចក្រផលិតថាមពលអគ្គីសនីដំណើការដោយធ្យូងថ្ម ដែលបំភាយឧស្ម័នកាបូនម៉ូណូអុកស៊ីតកម្រិតខ្ពស់ទៅកាន់បរិយាកាស។
៣. នៅតាមអាងទន្លេមេគង្គនៅក្នុងប្រទេសកម្ពុជា មិនគួរមានការកសាងទំនប់វារីអគ្គីសនី ដែលអាចបង្កផលប៉ះពាល់ខ្ពស់ដល់ប្រព័ន្ធជីវៈចម្រុះនៅក្នុង ទន្លេមេគង្គ ទន្លេសាប បឹងទន្លេសាប អត្តសញ្ញាណនិងសន្តិសុខស្បៀង ។
៤. វិស័យរៀបចំទីក្រុង និងនគរូបនីយកម្ម រាជរដ្ឋាភិបាលគួររក្សាទុកបឹងធម្មជាតិនៅក្នុងតំបន់ សំខាន់ៗ នៅក្នុងទីប្រជុំជនក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ដែលមានតួនាទីស្តុកទឹកនិងបញ្ជៀសជំនន់ទឹកភ្ញៀង និងរៀបទីតាំងទាំងនោះឱ្យក្លាយជាសួនសាធាណៈសម្រាប់ប្រជាជនទូទៅអាចសម្រាប់លំហែកម្សាន្តបាន។
៥.ត្រួតពិនិត្យ ហើយចុះស៊ើបអង្កេតភាពមិនប្រក្រតីនៃការផ្តល់ដីនៅតំបន់បឹងតាមោកជាកម្មសិទ្ធិឯកជនដើម្បីជាគំរូ និងពង្រឹងប្រសិទ្ធិភាពនៃការគ្រប់គ្រងដីរដ្ឋ និងយុត្តិធម៌សង្គម។
៦. ចំពោះបញ្ហាប្លាស្ទិក និងសំរាម នៅប្រទេសកម្ពុជាគួរបង្កើតឱ្យមានចំណាត់ពន្ធ និងវិធានការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងកម្រិតអតិបរមា។ អនុវត្តការផាកពិន័យលើការបោះចោលសំរាមពាសវាពាលកាល ការបោះសំរាមចូលទៅក្នុងប្រឡាយ បឹង និងទន្លេ ព្រមទាំងការគ្រប់គ្រងកាកសំណល់ឧស្សាហកម្ម គួរត្រូវបានអនុវត្តជាសាធារណៈ។
៧. ធានាអំពីប្រសិទ្ធភាព និងតម្លាភាពក្នុងដំណើរការនៃការចូលរួមពិគ្រោះយោបល់ជាសារធារណៈ ព្រមទាំងសិទ្ធិក្នុងការចូលរួមសម្រេចចិត្តជាមួយសហគមន៍មូលដ្ឋាន សង្គមស៊ីវិល និងភាគីពាក់ព័ន្ធ នូវរាល់គម្រោងអភិវឌ្ឍន៍ទាំងឡាយណាដែលអាចបង្កផល់ប៉ះពាល់ដល់សិទ្ធិរបស់ពួកគេ ព្រមទាំងផ្សព្វផ្សាយជាសាធារណៈនូវរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ។
ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម៖
- លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវនិងតស៊ូមតិ
នៃសមាគមបណ្តាញយុវជនកម្ពុជា ទំនាក់ទំនងលេខ 096 7888 368
- លោក ស៊ាង មួយឡៃ ប្រធានគម្រោងសិទ្ធិលំនៅឋាន និងស្រាវជ្រាវ
នៃអង្គការសមាគមធាងត្នោត ទំនាក់ទំនងលេខ 016 899 465
- អ្នកស្រី ឈាង លី សមាជិកក្រុមស្នូលនៃបណ្តាញសហគមន៍ព្រៃឡង់
ទំនាក់ទំនងលេខ 071 999 4473
ក្រុមយុវជន សហគមន៍ និងស្ថាប័នគាំទ្រសេចក្តីថ្លែងការណ៍រួមទិវាបរិស្ថានពិភពលោក៖
- សមាគមបណ្តាញយុវជនកម្ពុជា CYN
- អង្គការសមាគមធាងត្នោត STT
- អង្គការកម្មវិធីអភិវឌ្ឍនធនធានយុវជន YRDP
- អង្គការសមធម៌ EC
- អង្គការស្ពានសន្តិភាព PBO
- មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM
- សហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្ម នៅកម្ពុជា CSFWS
- សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ IDEA
- សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ KSILA
- អង្គការជេស្វីតសឺវីសកម្ពុជា JSC
- អង្គការពន្លកខ្មែរ PKH
- បណ្តាញសហគមន៍ព្រៃឡង់ PLCN
- មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព PDP-Center
- ក្រុមយុវជន The Forest Guard
- ក្រុមយុវជន យេនឌ័រ បរិស្ថាន និងសុខមាលភាព
- ក្លឹបមិត្តអ្នកអានសៀវភៅ
- សហគមន៍ព្រៃឈើក្បាលខ្លា ខេត្តកំពង់ធំ
- សហគមន៍នេសាទបឹងធំ ខេត្តកំពង់ធំ
- ក្រុមប្រជាពលរដ្ឋនៅជុំវិញបឹងតាមោក រាជធានីភ្នំពេញ
- ក្រុមយុវជនស្រលាញ់បរិស្ថាន
- ក្លឹបយុវជនអភិវឌ្ឍខ្លួនដើម្បីកិច្ចគាំពារសង្គម
- សហគមន៍ព្រៃឈើអូរកក់ ខេត្តក្រចេះ
- សហគមន៍ព្រៃឈើភ្នំសេះ ខេត្តក្រចេះ
- សហគមន៍តានូន ខេត្តកោះកុង
- សហគមន៍ព្រៃឈើវាលកន្សែង ខេត្តក្រចេះ
- សហគមន៍ព្រៃឈើប្រាសាទទឹកខ្មៅ ខេត្តក្រចេះ
- សហគមន៍ព្រលាន ខេត្តកោះកុង
[1] ក្រសួងបរិស្ថាន, របាយការណ៍ស្ថានភាពបរិស្ថាន លើកទីបួន (ភ្នំពេញ៖ អគ្គនាយដ្ឋានចំណោះដឹង និងព័ត៌មានបរិស្ថាន, ២០២១)។
ប្រភពនៃឯកសារអាចទាញយកខាងក្រោមនេះ៖