ការជួញដូរសាច់សត្វព្រៃនៅជុំវិញតំបន់ព្រៃឡង់នៃប្រទេសកម្ពុជា
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការផ្សព្វផ្សាយរបាយការណ៍សង្កេត
ការជួញដូរសាច់សត្វព្រៃនៅជុំវិញតំបន់ព្រៃឡង់នៃប្រទេសកម្ពុជា
ភ្នំពេញ, ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣
សមាគមបណ្តាញយុវជនកម្ពុជា (ប.យ.ក) មានកិត្តិយសសូមជំរាបជូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ស្ថាប័នដៃគូរ និងសាធារណជន មេត្តាជ្រាបថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ សមាគមបណ្តាញយុវជនកម្ពុជា នឹងរៀបចំការធ្វើបទបង្ហាញលទ្ធផលនៃរបាយការណ៍អង្កេតស្តីពី “ការជួញដូរសាច់សត្វព្រៃ នៅជុំវិញតំបន់ព្រៃឡង់ នៃប្រទេសកម្ពុជា” និងកិច្ចពិភាក្សាស្តីពីការព្រួយបារម្ភរបស់សហគមន៍ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ នៅសណ្ឋាគាសាន់វេ នៃរាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរថា រយៈ៣ខែ ដោយរាប់ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារស្រាវជ្រាវបានរកឃើញសំណាក និងទីតាំងដាក់លក់់សាច់សត្វព្រៃ និងត្រីអភិរក្សដោយខុសច្បាប់ចំនួន ៥៧សំណាក/ទីតាំង នៅជុំវិញតំបន់ការពារធនធានធម្មជាតិនៅភាគខាងជើង និងឦសាននៃប្រទេសកម្ពុជា។ ក្រុមការងារស្រាវជ្រាវ បានធ្វើដំណើរចុះប្រមូលទិន្នន័យចំនួន៦លើក ដោយចៃដន្យ ដើម្បីធ្វើការសង្កេត និងប្រមូលទិន្នន័យសកម្មភាពដាក់លក់ ការជួញដូរ ការដាក់លក់នៅតាមភោជនីយដ្ឋាន និងតំបន់ទេសចរណ៍នូវប្រភេទសត្វព្រៃ សាច់សត្វព្រៃ និងត្រីអភិរក្ស នៅក្នុងខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ សៀមរាប និងឧត្តរមានជ័យ។ លទ្ធផលនៃការប្រមូលទិន្នន័យរយៈពេល ៩០ថ្ងៃនេះ ក្រុមការងារប្រមូលសំណាកទិន្នន័យសាច់សត្វព្រៃចំនួន ៣៤សំណាក ទីតាំងភោជនីយដ្ឋានចំនួន១១ និងរមណីយដ្ឋានចំនួន ២កន្លែងដែលមានដាក់លក់សាច់សត្វព្រៃ។ ចំណែកប្រភេទត្រីអភិរក្សត្រូវបានរកឃើញចំនួន ៥ប្រភេទ មានចំនួន១២ក្បាល ភាគច្រើនស្ថិតនៅក្នុងខេត្តតាមបណ្តោយដងទន្លេមេគង្គគឺខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។
ប្រភេទសត្វមានដោយកម្រត្រូវបានរកឃើញ បង្កជាការព្រួយបារម្ភខ្ពស់។ ប្រភេទសត្វមានដោយកម្រដូចជា ពពួកសាច់សត្វទន្សោង ប្រើស ខ្លាឃ្មុំ និងកែះ ត្រូវបានរកឃើញ ដែលបានបង្កជាការព្រួយបារម្ភយ៉ាងខ្លាំង បើទោះបីជាមានចំនួនតិច តែបើធៀបនឹងការអង្កេតការណ៍ដែលមានរយៈពេលខ្លី ដែលប្រសិនបើការសង្កេតរយៈពេលវែងជាងនេះ ក៏អាចរកឃើញសំណាកច្រើនជាងនេះផងដែរ។ ក្រៅពីនេះ នៅក្នុងរដូវបិទការនេសាទនៅតំបន់ទន្លេមេគង្គ ក្រុមការងារបានកត់សម្គាល់ពីប្រភេទត្រីអភិរក្ស និងមេពូជនៃត្រីអភិរក្សក៏ត្រូវបានរកឃើញដាក់លក់នៅទីផ្សារជាពិសេសនៅក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដែលរួមមានប្រភេទត្រីត្រសក់ ត្រីក្របី និងត្រីខ្លាជាដើម។ របកគំហើញនេះបង្ហាញពីតម្រូវការសម្រាប់ការបង្កើនកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការអភិរក្សប្រភេទសត្វកម្រទាំងនេះ និងបទប្បញ្ញត្តិនៃការជួញដូរសត្វព្រៃ។
អាស្រ័យដូចបានជំរាបខាងលើ សូមអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ស្ថាប័នដៃគូរ និងសាធារណជន មេត្តាចូលរួម សាកសួរ និងយកព័ត៌មានកុំបីខាន។
ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា
តាមរយៈពេល 0967888368
សូមទាញយកឯកសារភ្ជាប់ខាងក្រោម សូមអរគុណ
Publishing_Version_of_the_Action_Research_on_Wildlife_Trafficking