ព្រឹត្តការណ៍ជិះកង់៦០០គីឡូម៉ែត្រដើម្បីបរិស្ថាន

ព្រឹត្តការណ៍ជិះកង់៦០០គីឡូម៉ែត្រដើម្បីបរិស្ថាន
ថ្ងៃ​សុក្រ 02 កញ្ញា 2022

 

សមាគមបណ្តាញយុវជនកម្ពុជា និងក្រុមអង្គការសង្គមស៊ីវិលបានរៀបចំព្រឹត្តការណ៍ជិះកង់៦០០គីឡូម៉ែត្រឆ្លងកាត់ខេត្តកំពង់កំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងក្រចេះ បន្ទាប់ក្រុមអ្នកជិះកង់ដែលមានសមាជិក២៨នាក់ បានត្រឡប់កាន់កំពង់ធំវិញ ដោយជិះកង់កាត់តំបន់ដែនជម្រកសត្វព្រៃព្រៃឡង់។ ព្រឹត្តការណ៍ ក៏ត្រូវបានរៀបចំឡើងដើម្បីចូលរួមអបអរសាទរទិវាបរិស្ថា​នពិភពលោកឆ្នាំ២០២២ផងដែរ។

ការប្រារព្ធកម្មវិធីទិវាបរិស្ថានដោយក្រុមសមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងក្រុមយុវជន មានគោលបំណងសំខាន់ចំនួន៣ រួមមាន

១). លើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់យុវជនក្នុងកិច្ចថែរក្សាបរិស្ថាន ធនធានធម្មជាតិ និងបញ្ហាបម្រែបម្រួលអាកាសធាតុ តាមរយៈសកម្មភាពជំរុញឱ្យមានការឈ្វេងយល់អំពីផលប៉ះពាល់នៃការកាប់បំផ្លាញព្រៃឈើ ការលុបបឹងធម្មជាតិ ការប្រើប្រាស់ប្លាស្ទិច និងឥន្ធនៈជាដើម។

២).ជំរុញឱ្យរដ្ឋាភិបាល និងមន្ត្រីសាធារណៈអនុវត្តគោលនយោបាយដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាប័ន្ន ក្នុងកិច្ចការពារបរិស្ថាន ធនធានធម្មជាតិ និងបញ្ហាបម្រែបម្រួលអាកាសធាតុ និង

៣). ជំរុញឱ្យប្រជាពលរដ្ឋអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន និងចូលរួមលើកឡើងពីបញ្ហាទាក់ទិននឹងកិច្ចការពារបរិស្ថាន ធនធានធម្មជាតិ និងបម្រែបម្រួលអាកាសធាតុទៅកាន់អ្នកធ្វើសេចក្តីសម្រេចចិត្តដើម្បីស្វែងរកដំណោះស្រាយ។

នៅក្នុងអំឡុងពេលនៃការប្រារព្ធទិវាបរិស្ថានពិភពលោកនៅឆ្នាំនេះ ក្រុមសមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងក្រុមយុវជននៅក្នុងប្រទេសកម្ពុជា នឹងមានការរៀបចំព្រឹត្តិការណ៍ជិះកង់ ការធ្វើយុទ្ធនាការនៅលើបណ្តាញសង្គម និងកម្មវិធីសិក្ខាសាលានៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ជិះកង់ចំនួនពីរដែលនឹងរៀបចំឡើង គឺ “ព្រឹត្តការណ៍ជិះកង់ ៦០០គីឡូម៉ែត្រដើម្បីបរិស្ថាន” ដែលមានអ្នកជិះចំនួន២៥នាក់ ដែលនឹងជិះក្នុងរយៈចំងាយឆ្ងាយប្រមាណជា៦០០គីឡូម៉ែត្រ ដោយប្រើពេល១១ថ្ងៃ។

Recent Posts