ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
****
ញត្តិរបស់ក្រុមសមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន
និងសហគមន៍ជនជាតិដើមភាគតិច
ជូនចំពោះ
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
យើងខ្ញុំជាសមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន សហគមន៍ជនជាតិដើមភាគតិច និងប្រជាពលរដ្ឋខ្មែរដែលស្រលាញ់ធនធានធម្មជាតិ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន សមាគម អង្គការសង្គមស៊ីវិល និងការបន្តបាត់បង់គម្របព្រៃឈើ។ រយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ស្ថានភាពគម្របព្រៃឈើនៅក្នុងប្រទេសកម្ពុជា បានបន្តធ្លាក់ចុះយ៉ាងរហ័សពីចំនួន ៦១.១៥% នៅឆ្នាំ២០០២ មកត្រឹមតែ ៤៦.៨៦% គិតត្រឹមឆ្នាំ២០១៨ ។ ប្រទេសកម្ពុជាធ្លាប់ខកខានមិនបានបំពេញតាមសូចនាករណ៍គោលដៅអភិឌ្ឍន៍សហស្សវត្សរ៍កម្ពុជា ដែលមានគោលដៅរួមលុបបំបាត់នូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ ការធានានិរន្តរភាពបរិស្ថាន និងការថែរក្សាឱ្យបានគម្របព្រៃឈើ ៦០% នៅឆ្នាំ២០១៥។[1] និន្នាការបន្តធ្លាប់ចុះនៃគម្របព្រៃឈើនេះ ជាសញ្ញាបង្ហាញពីការព្រួយបារម្ភ ចំពោះការខកខានម្តងទៀត ពីការមិនអាចអនុវត្តន៍បាននូវទិសដៅក្នុងការបង្កើតគម្របព្រៃឈើឡើងវិញឱ្យបាន ៦០% នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជាត្រឹមឆ្នាំ ២០២៩។[2]
ទន្ទឹមនឹងការធ្វើអាជីវកម្មឈើ ការរត់ពន្ធឈើខុសច្បាប់ក៏នៅតែជាកត្តាព្រួយបារម្ភ ។ កាលពីខែឧសភា ឆ្នាំ២០២១កន្លងមក អាជ្ញាធរហុងកុង បានធ្វើការផ្សព្វផ្សាយពីការរឹបអូសកំណាត់ឈើប្រភេទឈើកម្រជិតផុតពូជ និងមានតម្លៃចំនួន ២១១តោន ដែលមានតម្លៃជាប្រាក់ប្រមាណ ១,១លានដុល្លារហុងកុង ឬស្មើនឹង១៤០,០០០ដុល្លារសហរដ្ឋអាមេរិក ក្នុងការិយាល័យគយ Kwai Chung និង Tsing Yi នៅចន្លោះថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១[3]។ ដែលសំណុំរឿងនេះមិនទាន់មានក្រសួងពាក់ព័ន្ធណាធ្វើការស៊ើបអង្កេតបានជាលទ្ធផលនៅឡើយទេ។
ការគាំទ្រចំពោះសហគមន៍ព្រៃឈើត្រូវបានរកឃើញថា មិនទាន់មានភាពពេញលេញ ដោយកត្តាមន្ត្រីរដ្ឋបាលព្រៃឈើនៅតាមសង្កាត់រដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលព្រៃឈើមានចំនួនតិចតួចនៅឡើយ ស្របពេលដែលសហគមន៍ព្រៃឈើបន្តរងការគំរាមកំហែងពីការកាប់បំផ្លាញព្រៃឈើ និងការកាប់រានទន្ទ្រានយកដីព្រៃខុសច្បាប់ដូចជា សហគមន៍ព្រៃឈើភ្នំសេះ សហគមន៍ព្រៃឈើភ្នំបាក់ សហគមន៍ព្រៃឈើថ្មទន្លេ ស្ថិតនៅក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ និងសហគមន៍ព្រៃឈើសាមគ្គី ស្ថិតនៅក្នុងឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែងជាដើម ។
ដោយមើលឃើញពីគម្របព្រៃឈើនៅ តែបន្តបាត់បង់ជាបន្តបន្ទាប់គួរឱ្យព្រួយបារម្ភ ព្រមទាំងដើម្បីចូលរួមចំណែកថែរក្សា ការពារ និងសហការឱ្យមានតម្លាភាពក្នុងការថែរក្សា ការពារគម្របព្រៃឈើដែលនៅសេសសល់ឈរលើស្មារតីអ្នកស្រលាញ់ព្រៃឈើ និងការចូលរួមប្រកបដោយបរិយាប័ន្ន យើងខ្ញុំជាសហគមន៍មូលដ្ឋាន សហគមន៍ជនជាតិដើមភាគតិច សមាគម អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋខ្មែរអ្នកស្រលាញ់ធនធានធម្មជាតិស្នើទៅរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដូចខាងក្រោម៖
- ស្នើឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុវត្តន៍ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ឱ្យបានខ្ជាប់ខ្ជួនដូចមានចែងនៅក្នុងកម្មវិធីព្រៃឈើជាតិសម្រាប់ដាក់ឱ្យអនុវត្តន៍ពីឆ្នាំ២០១០ ដល់ ២០២៩ ដែលសន្យាថែរក្សាគម្របព្រៃឈើឱ្យបាន ៦០ភាគរយ ត្រឹមឆ្នាំ២០២៩។
- យកចិត្តទុកដាក់ក្នុងការទប់ស្តាត់បទល្មើសធនធានធម្មជាតិ ផ្តន្ទាទោសដល់អ្នកទិញ-លក់ឈើខុសច្បាប់ ព្រមទាំងស៊ើបអង្កេតរកអ្នកពាក់ព័ន្ធ និងអនុវត្តន៍ច្បាប់ឱ្យខានតែបានចំពោះការប្រពឹត្តអំពើពុករលួយគ្រប់ប្រភេទ ដែលបណ្តាលឱ្យបាត់បង់ធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។
- ត្រួតពិនិត្យតាមដានការអនុវត្តកិច្ចសន្យា និងអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ក្នុងនោះត្រូវបើកទូលាយឱ្យអ្នកសារព័ត៌មាន អ្នកសិក្សាស្រាវជ្រាវ សមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសាធារណជនចូលរួមតាមដាន និងអង្កេត ដើម្បីធានានូវតម្លាភាព ។
- បើកការស៊ើបអង្កេត និងផ្សព្វផ្សាយជាចំហរនូវរបាយការណ៍ពាក់ព័ន្ធនឹងការរត់ពន្ធឈើដោយខុសច្បាប់ទាំង ២១១តោន ដែលត្រូវបានរកឃើញដោយអាជ្ញាធរគយហុងកុង។
ទំនាក់ទំនង និងព័ត៌មាន៖
លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា
0967 888 368
លោក ហឿន សុភាព អ្នកសម្របសម្រួលបណ្តាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ
0966 328 573
ញត្តិនេះគាំទ្រដោយ៖
- សមាគមបណ្តាញយុវជនកម្ពុជា CYN
- មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR
- បណ្ដាញសហគមន៍ព្រៃឡង់ PLCN
- អង្គការស្ពានសន្តិភាព PBO
- អង្គការពន្លកខ្មែរ PKH
- អង្គការជនជាតិដើមភាគតិកម្ពុជា CIPO
- អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន YRDP
- អង្គការសម្ព័ន្ធការពារសិទ្ធិមនុស្សកម្ពុជា CHRACK
- មជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព PDP-Center
- សម្ព័ន្ធដើម្បីសុចរិតភាព និង គណនេយ្យភាពសង្គម CISA
- សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ KSILA
- បណ្តាញព្រៃព្រះរកា ខេត្តព្រះវិហារ
- សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរ ខេត្តព្រះវិហារ
- អង្គការអនុផលព្រៃឈើ ខេត្តព្រះវិហារ
- សហគមន៍ព្រៃឈើសាមគ្គី ខេត្តស្ទឹងត្រែង
- សហគមន៍ព្រៃឈើវាលកន្សែង ខេត្តក្រចេះ
- សហគមន៍ព្រៃឈើក្បាលខ្លា ខេត្តកំពង់ធំ
- សហគមន៍នេសាទបឹងធំ ខេត្តកំពង់ធំ
- សហគមន៍ព្រៃឈើភ្នំបាក់ ខេត្តក្រចេះ
- ក្លឹបមិត្តអ្នកអានសៀវភៅ រាជធានីភ្នំពេញ
- សហគមន៍ភូមិប្រលាន ខេត្តកោះកុង
- សហគមន៍តានូន ខេត្តកោះកុង
[1] រាជរដ្ឋាភិបាល, គោលនយោបាយកម្មវិធីព្រៃឈើជាតិ, (២០១០៖ ភ្នំពេញ) ,៣។
[2] រាជរដ្ឋាភិបាល, គោលនយោបាយកម្មវិធីព្រៃឈើជាតិ, (២០១០៖ ភ្នំពេញ), ៣០។
[3] គេហទំព័រភ្នំពេញប៉ុស្ត៍,រដ្ឋមន្ត្រីច្រានចោល ការផ្សាយអំពីសមត្ថកិច្ចគយហុងកុងរឹបអូសឈើប្រមាណ ២១១ តោន ដឹកចេញពីកម្ពុជា, Website: https://bit.ly/3i4qv61
ប្រភពនៃឯកសារអាចទាញយកខាងក្រោមនេះ៖
Final_ញត្តិទៅកាន់ក្រសួងកសិកម្មរុក្ខាប្រមាញ់_និងនេសាទ
Final_ញត្តិទៅកាន់ក្រសួងកសិកម្មរុក្ខាប្រមាញ់_និងនេសាទ_ធ្វើបច្ចុប្បន្នភាព