ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អ៊ុល វ៉ាន់ សង្កេតឃើញថា យុវជនបរិស្ថានទាំង ៦នាក់ មានសក្ដានុពលក្នុងការការពារបរិស្ថាន
ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អ៊ុល វ៉ាន់ សង្កេតឃើញថា យុវជនបរិស្ថានទាំង ៦នាក់ មានសក្ដានុពលក្នុងការការពារបរិស្ថាន។ លោកបន្តថា ពួកគេក៏ជាយុវជនមានចំណេះដឹង មានជំនាញផ្នែកបរិស្ថាននិងមានបេះដូងស្រលាញ់ធនធានធម្មជាតិ។ លោកក៏សង្កេតឃើញថា សកម្មភាពរបស់ពួកគេកន្លងមកជាផ្នែកមួយជួយដល់កិច្ចការងារបរិស្ថានឲ្យមានភាពប្រសើរនៅកម្ពុជា។ អ្នកឃ្លាំមើលសិទ្ធិរូបនេះ ជំរុញឲ្យមានការដោះលែងយុវជនទាំងអស់ឲ្យមានសេរីភាពវិញ។ លោកក៏មានបំណងចង់ឲ្យអាជ្ញាធររដ្ឋលើកតម្កើងពួកគេ ឲ្យសាកសមនឹងសកម្មភាពជួយសង្គមដើម្បីលើកទឹកចិត្តយុវជនផ្សេងទៀត ឲ្យមានភាពសកម្មក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិ៖ «ព្រោះសកម្មភាពរបស់ពួកគាត់ ជាសកម្មភាពលើកឡើងពីបញ្ហាបរិស្ថាន ហើយលើកឡើងពីចំណុចខ្វះខាតរបស់រដ្ឋាភិបាល ទាមទារឲ្យមានការដោះស្រាយហើយនិងវិធានការសមស្របពីអ្នកទទួលខុសត្រូវ ជាពិសេសពីរដ្ឋាភិបាល ហើយដែលជាបញ្ហាដូចការចោទប្រកាន់ មិនមែនជាការក្បត់ជាតិ ឬក៏មានការប្រមាថណាមួយនោះទេ»។
ប្រភព៖RFA