ទិវាបរិស្ថានពិភពលោកឆ្នាំ២០២១ សង្គមស៊ីវិលចំនួន ១២ ស្នើឱ្យអាជ្ញាធរបញ្ឈប់ការរឹតត្បឹត
ចាប់ពីពីថ្ងៃទី១ ដល់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១នេះ សមាគមបណ្តាញយុវជនកម្ពុជា (CYN) បានសហការជាមួយនឹងអង្គការសង្គមស៊ីវិលចំនួន១១ស្ថាប័ន នឹងរៀបចំប្រារព្ធទិវាបរិស្ថានពិភពលោក២០២១ ក្រោមប្រធានបទ «បរិស្ថាន ជាបញ្ហាសកលដែលគ្រប់គ្នាមានសិទ្ធិ និងករណីកិច្ច ចូលរួមការពារថែរក្សាប្រកបដោយបរិយាប័ន្ន»។
ការប្រារព្ធទិវាបរិស្ថានពិភពលោកឆ្នាំ២០២១នេះ មានគោលបំណង លើកកម្ពស់ការយល់ដឹង និងបំផុសគំនិតដល់យុវជន និងសាធារណជនផ្តើមយល់ដឹងនិងជជែកពី បរិស្ថាន ធនធានធម្មជាតិ។ នៅឆ្នាំ២០២១នេះ ការរៀបចំទិវាបរិស្ថាននេះ ក៏បានដាក់បញ្ចូលគោលបំណងទាមទាឱ្យក្រសួងបរិស្ថាន និងស្ថាប័នដែលធ្វើកិច្ចការការពារធនធានធម្មជាតិ បើកទូលាយឱ្យមានកិច្ចសហការរវាងសាធារណជន យុវជន និងអ្នកមានកាតព្វកិច្ច រួមគ្នាដើម្បីទប់ស្កាត់និងបញ្ឈប់គ្រប់បទល្មើសកាប់បំផ្លាញព្រៃឈើ និងសកម្មភាព ដោយបញ្ឈប់ការរឹតត្បឹតសិទ្ធិសឹរីភាព និងធ្វើការការបើកចំហរដល់អង្គការសង្គមស៊ីវិល សមាគម និងសហគមន៍មូលដ្ឋានចូលរួមយ៉ាងទូលំទូលាយក្នុងតំណើការការពារបរិស្ថាននិងធនធានធម្មជាតិស្របតាមបញ្ញាត្តច្បាប់ដែលមានជាធរមានអំពីសិទ្ធិនិងករណីយ៍កិច្ចរបស់ពលរដ្ឋខ្មែរទាំងពីរភេទ។
លោកសាន់ ម៉ាឡា ជាគណៈកម្មការរៀបចំកម្មវិធីទិវាបរិស្ថានពិភពលោក២០២១ និងជាមន្ត្រីជាន់ខ្ពស់ផ្នែកតស៊ូមតិ របស់សមាគមបណ្ដាញយុវជនកម្ពុជា បង្ហាញពីសកម្មភាព និងការចូលរួមកន្លងមកក្នុងកិច្ចការ ការពារធនធានធម្មជាតិ។ បន្ទាប់ពីមានការចេញផ្សាយរបាយការណ៍ស្ដីអំពីវិនាសកម្មព្រៃឈើជាហូរហែនៅអំឡុងដើមឆ្នាំ២០២០ ក្រសួងបរិស្ថានចាប់ផ្ដើមផ្លាស់ប្ដូរឥរិយាបថ និងរិតត្បិតកាន់តែខ្លាំងមកលើកសកម្មភាពរបស់អង្គការ សមាគម សហគមន៍មូលដ្ឋាន ជាពិសេសសកម្មជនដែលធ្វើការលើបញ្ហាព្រៃឈើ ក្រសួងទាមទារឲ្យ អង្គការសង្គមស៊ីវិល ត្រូវតែមានអនុសរណៈយោគយល់គ្នា (MOU) ដោយឡែកចំពោះសហគមន៍មូលដ្ឋានក្រសួងតម្រូវឲ្យមានចុះបញ្ជីជាសហគមតំបន់ការពារធម្មជាតិ(CPA) ដែលនេះវាប្រាស់ចាក់ពីខ្លឹមសារច្បាប់នានា ជាពិសេសរដ្ឋធម្មនុញ្ញ ច្បាប់ស្ដីពីព្រៃឈើ និងច្បាស់ស្ដីពីតំបន់ការពារ ដែលធានាអំពីសិទ្ធិ និងករណីយកិច្ច របស់សាធារណៈទូទៅ ជាពិសេសសហគមមន៍មូលដ្ឋាន ក្នុងការចូលរួមចំណែកអភិរក្ស និងការពារបរិស្ថាន។
លោក សាន់ ម៉ាឡា បាននិយាយថា៖ «សង្គមស៊ីវិលគឺស្ថាប័នឯករាជ្យ មិនចំនុះឲ្យបក្សនយោបាយណាមួយ ហើយការចូលរួមរបស់សង្គមស៊ីវិល គឺបានជំរុញឲ្យមន្ត្រីជាអ្នកអនុវត្តច្បាប់អាចធ្វើការដោយមានប្រសិទ្ធិភាព ជាពិសេសកាត់បន្ថយនិងទប់ស្កាត់មិនឲ្យមានអំពើពុករលួយនៅក្នុងកិច្ចការអភិរក្សធនធានធម្មជាតិ»។
អង្គការសង្គមស៊ីវិលគឺមានសិទ្ធិក្នុងការចូលរួមផ្ដល់ជាវគ្គបណ្ដុះបណ្ដាលឬពង្រឹងសមត្ថភាពរបស់សហគមន៍ដែលរស់នៅជុំវីញតំបន់ព្រៃឈើ ជាពិសេសផ្ដល់ជំនួយបច្ចេកទេស និងថវិកាដល់ការចុះល្បាតព្រៃឈើជាដើម ហើយអង្គការសង្គមស៊ីវិលក៏មានសិទ្ធិដើម្បីដឹកនាំយុវជនចុះទស្សនៈកិច្ចសិក្សាឬក៏ចូលរួមដោយផ្ទាល់នូវការងារល្បាត ទប់ស្កាត់បទល្មើសព្រៃឈើ ឬការចុះប្រមូលភស្តុតាង ទិន្នន័យនានាដើម្បីផ្សព្វផ្សាយជាសាធារណៈ។
លោកបានបន្តថា៖ «ការច្រានចោលឬបដិសេធ មិនទទួលស្គាល់នូវរបាយការណ៍សង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន វាគឺជាវិធីសាស្ត្រតែមួយគត់ដែលក្រសួងអាចធ្វើបាន ដើម្បីយកជាលេសដោះសារយករួចខ្លួនឬក៏ដើម្បីបិទបាំងនូវភាពអាមាសរបស់ខ្លួនដែលអសមត្ថភាព មិនអាចទប់ស្កាត់នូវបទល្មើសព្រៃឈើបាន។ ជារឿងៗតាមរយៈសេចក្ដីថ្លែងការ ញាតិ ឬជាការផ្ដល់អនុសាសន៍ តាមបណ្ដាញសារព័ត៌មានពីសំណាកសកម្មជន អង្គការសង្គមស៊ីវិល និងសហគមន៍ មិនត្រូវបានក្រសួងយកចិត្តទុកដាក់និងដោះស្រាយនោះទេ ដោយគេយល់ថាសំណូមពរ ឬសំណើរទាំងនោះ ធ្វើឡើងមានលក្ខណៈនយោបាយ ឬក៏ដើម្បីបន្ទុចបង្អាកដល់មុខមាត់ក្រសួងបរិស្ថាន ហើយបើទោះបីជាមានការរិះគន់ពីសាធារណៈជនយ៉ាងណាក៏ដោយ ក៏បទល្មើសព្រៃឈើនៅតែបន្តកើតមាន។
លោក ហឿន សុភាព ជាអ្នកសម្របសម្រួលបណ្ដាញព្រៃឡង់ប្រចាំខេត្តកំពង់ធំ។ លើកឡើងថា បទល្មើសព្រៃឈើនៅតែបន្តកើតមាននាពេលបច្ចុប្បន្ននេះ ការលួចដឹកជិញ្ជូនឈើ ទាំងការកាប់រានដីព្រៃ នៅក្នុងព្រៃសហគមន៍ គឺមានការលួចទន្ទ្រានយកដីធ្វើជាចំការពីសំណាកប្រជាពលរដ្ឋមកពីភូមិក្រៅហើយក៏មានលួចកាប់ឈើផងដែរ ប៉ុន្តែមិនមានជាទ្រង់ទ្រាយធំទេ គឺជាលក្ខណៈគ្រួសារ ប្រជាជនមកពីភូមិឆ្ងាយៗ ដែលមិនមែនជាសមាជិកព្រៃសហគមន៍នោះទេ។ ហើយសកម្មភាពនៃការលួចកាប់នេះគឺគេធ្វើឡើងតែពេលយប់ឬក៏ឳកាសដែលគេអាចធ្វើបាននៅពេលដែលប្រជាសហគមន៍ជាប់រវល់គឺគេលួចធ្វើតែម្ដង។
បច្ចុប្បន្ននេះប្រជាសហគមន៍ក្បាលខ្លានៅតែបន្តចុះល្បាតជារៀងរាល់ខែ ដោយក្នុងមួយខែចំនួនដប់លើក ឡើងទៅ។
មានបញ្ហាប្រឈមយ៉ាងខ្លាំងនៅពេលចុះល្បាតព្រៃម្ដងៗនៅរដូវវស្សា មេឃភ្លៀងផ្គររន្ទះ ពិបាកដើរ មិនមានស្បែកជើងការពារសត្វល្អិតសត្វពស់នៅពេលយប់ ជាពិសេសការកាប់បំផ្លាញ់ព្រៃឈើនេះវាកើតឡើងតែពេលយប់តែម្ដង ដែលធ្វើឲ្យមានភាពលំបាកក្នុងការទប់ស្កាត់ ពិបាកក្ដាប់សភាពការណ៍មែនទែន។
ការបញ្ហាប្រឈមមួយទៀតគឺទាក់ទងសកម្មភាពការចុះល្បាតការពារព្រៃឈើនេះ អាជ្ញាធរមិនសូវសប្បាយចិត្តទេ ហើយគេមិនចូលរួមជាមួយក្រុមល្បាតនៅពេលដែលយើងធ្វើការទំនាក់ទំនងគឺពិបាកក្នុងការទំនាក់ទំនងទៀត គឺមិនងាយនិងចូលរួមក្រុមពួកខ្ញុំទេ។ កន្លងមកមានការតេស្ដីបន្ទោសដល់ប្រធានសហគមន៍ដែលធ្វើការមានការឆកល្វែងបន្តិចបន្ទួចពីសំណាកអាជ្ញាធរ។ ហើយនៅពេលបច្ចុប្បន្ននេះសហគមន៍នៅតែបន្តផែនការមួយចំនួនដូចជា ពង្រឹងសមត្ថភាពប្រជាសហគមន៍ ជំរុញ លើកទឹកចិត្តឲ្យមានការចូលរួមការពារធនធានធម្មជាតិទាំងនេះ។ យើងនៅមានយន្តការធ្វើការទាមទារឲ្យមានការបើកទូលាយ ឬដាក់ពាក្យបណ្ដឹងទៅដល់អាជ្ញាធរសមត្ថកិច្ច អំពីបញ្ហាការលួចកាប់ទន្ទ្រានព្រៃ លួចកាប់ឈើនៅតំបន់ព្រៃសហគមន៍យើងនៅតែធ្វើ បើទោះបីជាសកម្មភាពនេះយើងមិនបានជួបជុំគ្នាក៏ដោយ ប៉ុន្តែយើងមានកម្មវិធីផ្សេងៗដែលយើងអាចធ្វើបានតាមបណ្ដាញសង្គម ធ្វើការទាមទារ ដូចជាតាមអនឡាញ។ ហើយជាពិសេសបណ្ដាញព្រៃឡង់គឺយើងនៅតែទាមទារ ដើម្បីអាជ្ញាធរមានសមត្ថកិច្ច ឬរាជរដ្ឋាភិបាល ត្រូវតែបើកទូលាយឲ្យប្រជាជន ឬប្រជាសហគមន៍ មានការចូលរួមនូវដំណើរការពារធនធានធម្មជាតិ ឬក៏ការចុះល្បាត សើបអង្កេតនូវការកាប់បំផ្លាញព្រៃឈើ សុំឲ្យមានយុត្តិធម៌នូវការបើកទូលាយរវាងសហគមន៍ដើម្បីចូលរួម។
កន្លងមកប្រជាសហគមន៍ បានដាក់ពាក្យបណ្ដឹងពីបញ្ហាការកាប់ទន្ទ្រានដីព្រៃសហគន៍ទៅកាន់ រានដីព្រៃធ្វើចំការ ការដឹកជិញ្ជូនឈើ បទល្មើសព្រៃទៅអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសរដ្ឋបាលព្រៃឈើ
លោក ហឿន សុភាព បាននិយាយថា៖ «យើងមិនទាន់ឃើញមានចំណាត់ការអ្វីក្នុងការទប់ស្កាត់នៅឡើយទេ វានៅតែរង់ចាំៗគេរហូត គឺអត់មានចំណាត់ការអីឆ្លើយតបសោះ»។
គួរបញ្ជាក់ផងដែរថា៖ ទិវាបរិស្ថានពិភពលោកត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី៥ ខែមិថុនា ចាប់តាំងពីឆ្នាំ១៩៧៤មក ដោយមានការចូលរួមពីរដ្ឋាភិបាលធុរកិច្ច និងប្រជាពលរដ្ឋក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាបរិស្ថាន។