អំពីសមាគមបណ្តាញយុវជនកម្ពុជា

ប.យ.ក ជាសមាគមផ្អែកលើសមាជិកយុវជន

សមាគមបណ្តាញយុវជនកម្ពុជា (ប.យ.ក) ត្រូវបានបង្កើតឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០៩ និងត្រូវបានទទួលស្គាល់ពីក្រសួងមហាផ្ទៃនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៣ តាមរយៈលិខិតលេខ៧៩៤ ស.ជ.ណ។

ប.យ.ក គឺជាសមាគមយុវជន សមាជិកភាព ឯករាជ្យ និងប្រជាធិបតេយ្យដែលកំពុងធ្វើការលើកកម្ពស់សិទ្ធិ ពង្រឹងសិទ្ធិអំណាច និងផលប្រយោជន៍របស់យុវជន តាមរយៈការចងក្រង អភិវឌ្ឍន៍សមត្ថភាព និងលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងសកម្មភាពសង្គម ដើម្បីជំរុញ ឱ្យមានការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម ការការពារបរិស្ថាន ធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយនិរន្តភាព។

ទស្សនវិស័យ

យុវជនកម្ពុជាមានសមត្ថភាពក្នុងការអនុវត្តសិទ្ធិ និងសេរីភាពពេញលេញ។

បេសកកម្ម

សមាគមបណ្តាញយុវជនកម្ពុជាត្រូវបានបង្កើតឡើងដើម្បីធ្វើការងារជាមួយយុវជនកម្ពុជា ចងក្រងបណ្តាញយុវជននិងសហគមន៍ និងពង្រឹងសិទ្ធិអំណាចដល់ពួកគេ ដើម្បីធ្វើការតស៊ូមតិក្នុងការលើកកម្ពស់យុត្តិធម៌សង្គម ការគោរពសិទ្ធិមនុស្ស និងការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព។

គោលដៅ

គោលដៅរបស់ ប.យ.ក  គឺបង្កើនសមាជិកយុវជនសកម្ម និងបណ្តាញសហគមន៍ ដើម្បីតស៊ូមតិដើម្បីយុត្តិធម៌សង្គម ការគោរពសិទ្ធិមនុស្ស និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

គុណតម្លៃ

សហប្រតិបត្តិការ
ការរៀនសូត្រ និងចែករំលែក
គណនេយ្យភាព
វឌ្ឍនភាព

គណៈគ្រប់គ្រង

លោក ហេង គឹម ហុង

ប្រធានប្រតិបត្តិ

លោក ហេង គឹមហុង ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា ហៅកាត់ថា ប.យ.ក។ លោក គឹមហុង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិឯកជន កាលពីឆ្នាំ២០២២ និងមានបទពិសោធន៍ការងាររយៈពេល៨ឆ្នាំជាមួយនឹងអង្គការសង្គមស៊ីវិលលើវិស័យសំខាន់ៗដូចជា អភិបាលកិច្ចល្អ លើកកម្ពស់ការចូលរួមរបស់យុវជន សិទ្ធិមនុស្ស សិទ្ធិបរិស្ថាន យុត្តិធម៌សង្គម និងការចូលរួមរបស់ពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។
លោក គឹមហុង បានចាប់ផ្តើមការងារជាមួយនឹងសមាគមបណ្តាញយុវជនកម្ពុជា ចាប់ពីដើមឆ្នាំ២០២១ នៅក្នុងតួនាទីជាប្រធានផ្នែកកម្មវិធីស្រាវជ្រាវនិងតស៊ូមតិ បន្ទាប់មកលោកត្រូវបានបោះឆ្នោតជាប់ជាប្រធានប្រតិបត្តិដោយសមាជលើកទី៤ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។ លោក គឹមហុង ត្រូវបានមើលឃើញថាមានចំណេះដឹង អំពីភាពជាអ្នកដឹកនាំ ការវិភាគផ្នែកច្បាប់ ការគ្រប់គ្រងវដ្តនៃគម្រោង ការស្រាវជ្រាវ និងជាអ្នកនិពន្ធ។

អ្នកស្រី ណយ រតនា

ប្រធានផ្នែកប្រតិបត្តិការ

អ្នកស្រី ណយ រតនា បំពេញតួនាទីជា ប្រធានផ្នែកប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា។ អ្នកស្រីបានចូលបម្រើការជាបុគ្គលិករបស់ ប.យ.ក ចាប់ពីថ្ងៃទី០១​ ខែកក្កដា ឆ្នាំ២០១៩។ អ្នកស្រីទទួលខុសត្រូវជាប្រធានផ្នែកប្រតិបត្តិទូទៅនៅក្នុងស្ថាបន និងដើរតួរជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុផងដែរ។ អ្នកស្រីមានបទពិសោធន៍ ៤ឆ្នាំកន្លះ ធ្វើការជាមួយក្រុមហ៊ុនក្នុងប្រទេសកម្ពុជា ជាមន្ត្រីគណនេយ្យ និងហិរញ្ញវត្ថុ។ អ្នកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ​ នៅសាកលវិទ្យាល័យមេគង្គកម្ពុជា លើមុខជំនាញ គណនេយ្យ។ ទោះបីនេះជាមុខតំណែងថ្មីសម្រាប់អ្នកស្រីក៍ដោយ ប៉ុន្តែអ្នកស្រី សប្បាយចិត្ត និងមានឆន្ទៈក្នុងការរៀនសូត្រ និងប្តេជ្ញាក្នុងការជួយស្ថាបនឱ្យរីកចម្រើនបន្ថែមទៀត។

លោក ម៉ើ ចាន់ដារ៉ា

ប្រធានផ្នែកចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន

ម៉ើ ចាន់ដារ៉ា គឺជាអ្នកធ្វើការងារសង្គម និងអនុវត្តសិទ្ធិវ័យក្មេង ដែលមានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការធ្វើការងារជាមួយសហគមន៍ និងយុវជន ដើម្បីធ្វើការគាំទ្រ និងលើកកម្ពស់យុវជន និងសហគមន៍ ក្នុងភាពជាមេដឹកនាំ ការផ្តល់ធាតុចូលសម្រាប់ការធ្វើផែនការយុទ្ធសាស្រ្ត ការកសាងធនធានមនុស្ស និងជាពិសេសទៅលើបញ្ហាសិទ្ធិមនុស្ស និងកិច្ចការពារបរិស្ថាន។ លោកក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយស្ថាបនលើការរៃអង្គាសថវិការ បច្ចេកទេសការគ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃគម្រោង ការសរសេររបាយការណ៍ទៅកាន់ម្ចាស់ជំនួយ ការកសាងសមត្ថភាពបុគ្គលិក និងការគាំទ្រនូវបច្ចេកទេសផ្សេងៗទៀតផងដែរ ជាពិសេសទៅលើការចងក្រង និងពង្រឹងសិទ្ធិអំណាចរបស់យុវជន។ លោកជឿជាក់យ៉ាងមុតមាំថា តាមរយៈបទពិសោធន៍ ចំណេះ និងជំនាញដែលមាន លោកនឹងយកទៅប្រើប្រាស់សម្រាប់ចូលរួមជាវិភាគទានសម្រាប់រកយុត្តិធម៌ជូនជនរងគ្រោះ និងដើម្បីចូលរួមទាមទារយុត្តិធម៌សង្គមផងដែរ។

លោក វណ្ណ ប៊ុនណា

ប្រធានផ្នែកស្រាវជ្រាវ និងតស៊ូមតិ

លោក វណ្ណ ប៊ុនណា ជាប្រធានផ្នែកស្រាវជ្រាវ និងតស៊ូមតិនៅសមាគមបណ្តាញយុវជនកម្ពុជា (CYN)។ ជាមួយនឹងបទពិសោធន៍ដ៏គួរឱ្យកត់សម្គាល់នៅក្នុងកិច្ចការ ការពង្រឹងសិទ្ធិអំណាចយុវជន ការអភិវឌ្ឍភាពជាអ្នកដឹកនាំ ការស្រាវជាវ និងការវិភាគនយោបាយ លោកមានតួនាទីយ៉ាងសំខាន់ នៅក្នុងការពង្រឹងនិងលើកកម្ពស់កិច្ចកាស្រាវជ្រាវ និងការតស៊ូមតិរបស់ CYN ។ កន្លងមក លោកធ្លាប់បានដឹកនាំកម្មវិធីនិងគម្រោងពង្រឹងអំណាចយុវជននៅអង្គការតម្លាភាពកម្ពុជា និងអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ។ លោកក៏បានបោះពុម្ពផ្សាយ អត្ថបទវិភាគ និងស្រាវជាវ ជាច្រើនទាក់ទងបង្ហាញនយោបាយកម្ពុជា និងកិច្ចការតំបន់ នៅស្ថាប័នសារព័ត៌មានជាតិនិងអន្តរជាតិផងដែរ ។ លើសពីនេះទៅទៀត លោកក៏ជាគ្រូឧទ្ទេសផ្នែកវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យមួយចំនួននៅទីក្រុងភ្នំពេញផងដែរ ។ បទពិសោធន៍និងជំនាញទាំងនេះរបស់ លោក ប៊ុនណា មានសារសំខាន់ ក្នុងការរួមចំណែកក្នុងការពង្រីកសម្លេងយុវជន និងការតស៊ូមតិដើម្បីការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងប្រទេសកម្ពុជា ។